អាកាសយានដ្ឋាន Incheon នឹងក្លាយជាអាកាសយានដ្ឋានធំបំផុតទី៣ របស់ពិភពលោកនៅចុងឆ្នាំ២០២៤

0

ដោយ: គង់ លាងហួរ
សេអ៊ូល: អាកាសយានដ្ឋានអន្តរជាតិ Incheon នឹងក្លាយជាអាកាសយានដ្ឋានធំជាងគេទី៣ របស់ពិភពលោក បន្ទាប់ពីការអភិវឌ្ឍន៍ដំណាក់កាលទី៤ នឹងត្រូវបានបញ្ចប់រួចរាល់នៅចុងឆ្នាំនេះ ដែលអាចផ្ទុកអ្នកដំណើរអន្តរជាតិបានជាង១០០លាននាក់ជារៀងរាល់ឆ្នាំ។

យោងតាមប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិ Incheon Corp. (IIAC) បានឱ្យដឹងថា ការពង្រីកចំណតអ្នកដំណើរទី២ (T2) របស់ព្រលានយន្តហោះ Incheon ក្នុងទំហំទឹកប្រាក់៣,៥ពាន់លានដុល្លារ ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១៧ សម្រេចបានវឌ្ឍនភាពប្រមាណ៩៥,៣៤%គិតត្រឹមខែមេសា។

ការពង្រីកចំណត T2 នេះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់រួចរាល់ជាស្ថាពរនៅក្នុងខែវិច្ឆិកាខាងមុខ និងមានសមត្ថភាពទទួលស្វាគមន៍អ្នកដំណើរបានចំនួន១០៦លាននាក់ក្នុងមួយឆ្នាំៗ ប្រសិនបើគិតទាំងចំណត T1 របស់អាកាសយានដ្ឋាននេះ។សមត្ថភាពផ្ទុកអ្នកដំណើរដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិ Incheon ក្លាយជាអាកាសយានដ្ឋានធំជាងគេទី៣ នៅលើពិភពលោក បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិឌូបៃ និងអាកាសយានដ្ឋានអុីស្តង់ប៊ុល។

ការអភិវឌ្ឍន៍នេះបានធ្វើឡើង ស្របពេលដែលបណ្តាប្រទេសជិតខាងរបស់កូរ៉េខាងត្បូង ក៏កំពុងសម្រុកពង្រីកអាកាសយានដ្ឋានអន្តរជាតិរបស់ពួកគេរៀងៗខ្លួនផងដែរ។

តួយ៉ាង អាកាសយានដ្ឋានអន្តរជាតិហុងកុង អាកាសយានដ្ឋាន Changi របស់សិង្ហបុរី អាកាសយានដ្ឋានអន្តរជាតិ Shanghai Pudong ក្នុងប្រទេសចិន និងអាកាសយានដ្ឋានអន្តរជាតិ Narita របស់ប្រទេសជប៉ុន សុទ្ធតែកំពុងត្រូវបានពង្រីក ដើម្បីបង្កើនសមត្ថភាពទទួលអ្នកដំណើរអន្តរជាតិឱ្យបានប្រមាណ១៣០លាននាក់ក្នុងមួយឆ្នាំ ដែលគ្រោងនឹងបញ្ចប់នៅទសវត្សរ៍ឆ្នាំ២០៣០។ក្នុងនាមជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏ធំ បំផុតរបស់ប្រទេសកូរ៉េខាងត្បូង អាកាសយានដ្ឋាន Incheon សម្រេចបានកំណើននៃចំនួនអ្នកដំណើរអន្តរជាតិប្រចាំឆ្នាំជាមធ្យម៧,៥ភាគរយ ចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៩។

អាកាសយានដ្ឋានខ្នាតយក្សនេះត្រូវបានគេព្យាករណ៍ថា នឹងទទួលបានអ្នកដំណើរជាង១០០លាននាក់ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៣១ខាងមុខ។ នេះបើយោងតាមប្រភពពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃប្រទេសកូរ៉េខាងត្បូង៕ប្រភព: Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here