ដោយ: គង់ លាងហួរ
សេអ៊ូល: អាកាសយានដ្ឋានអន្តរជាតិ Incheon នឹងក្លាយជាអាកាសយានដ្ឋានធំជាងគេទី៣ របស់ពិភពលោក បន្ទាប់ពីការអភិវឌ្ឍន៍ដំណាក់កាលទី៤ នឹងត្រូវបានបញ្ចប់រួចរាល់នៅចុងឆ្នាំនេះ ដែលអាចផ្ទុកអ្នកដំណើរអន្តរជាតិបានជាង១០០លាននាក់ជារៀងរាល់ឆ្នាំ។
យោងតាមប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិ Incheon Corp. (IIAC) បានឱ្យដឹងថា ការពង្រីកចំណតអ្នកដំណើរទី២ (T2) របស់ព្រលានយន្តហោះ Incheon ក្នុងទំហំទឹកប្រាក់៣,៥ពាន់លានដុល្លារ ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១៧ សម្រេចបានវឌ្ឍនភាពប្រមាណ៩៥,៣៤%គិតត្រឹមខែមេសា។
ការពង្រីកចំណត T2 នេះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់រួចរាល់ជាស្ថាពរនៅក្នុងខែវិច្ឆិកាខាងមុខ និងមានសមត្ថភាពទទួលស្វាគមន៍អ្នកដំណើរបានចំនួន១០៦លាននាក់ក្នុងមួយឆ្នាំៗ ប្រសិនបើគិតទាំងចំណត T1 របស់អាកាសយានដ្ឋាននេះ។
សមត្ថភាពផ្ទុកអ្នកដំណើរដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិ Incheon ក្លាយជាអាកាសយានដ្ឋានធំជាងគេទី៣ នៅលើពិភពលោក បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិឌូបៃ និងអាកាសយានដ្ឋានអុីស្តង់ប៊ុល។

ក្នុងនាមជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏ធំ បំផុតរបស់ប្រទេសកូរ៉េខាងត្បូង អាកាសយានដ្ឋាន Incheon សម្រេចបានកំណើននៃចំនួនអ្នកដំណើរអន្តរជាតិប្រចាំឆ្នាំជាមធ្យម៧,៥ភាគរយ ចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៩។




