កម្ពុជាប្រគល់កិច្ចសន្យាតម្លៃ១០២លានដុល្លារដល់ក្រុមហ៊ុនបារាំង VINCI ដើម្បីពង្រីករោងចក្រផលិតទឹកស្អាតនៅតំបន់បាក់ខែង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រគល់កិច្ចសន្យាដល់ក្រុមហ៊ុនបារាំង VINCI Construction Grands Projets ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុននេះ ពង្រីករោងចក្រផលិត-ផ្គត់ផ្គង់ទឹកស្អាតនៅតំបន់បាក់ខែង ដែលមានទីតាំងនៅភាគខាងជើងនៃរាជធានីភ្នំពេញ។

កិច្ចសន្យា​នេះ មានទំហំទឹកប្រាក់ចំនួន៩៤លាន​អឺរ៉ូ ​(ប្រហែល១០២,០៣លានដុល្លារ) ដែលគ្របដណ្តប់​ទៅលើ​ការ​សាងសង់​បំពង់បូមទឹក​ឆៅ​ថ្មី​ពី​ទន្លេមេគង្គ និង​ខ្សែបណ្តាញថ្មី​មួយ ដែល​មាន​សមត្ថភាព​ ក្នុង​ការ​ធ្វើប្រព្រឹត្តកម្មទឹកស្អាត ប្រមាណ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

ការដ្ឋានសំណង់នេះ នឹងបង្កើតការងារបានចំនួន១.៦០០កន្លែង ខណៈកម្មករ និងអ្នកមើលការខុសភាគច្រើន នឹងត្រូវបានជ្រើសរើសជាជនជាតិខ្មែរ។ ទន្ទឹមនឹងនេះ ចំនួនស្ត្រីត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់៣០% នៃកម្លាំងពលកម្មសរុប។

ជាមួយគ្នានេះ ដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន ក្រុមហ៊ុន VINCI Construction Grands Projets គ្រោងនឹងប្រើប្រាស់បេតុង ដែលបញ្ចេញកាបូនតិចជាងសមមូល នៃមូលដ្ឋានស្តង់ដារប្រមាណ៣០% និងរៀបចំដំឡើងបន្ទះសូឡាប្រវែង៩.០០០ម៉ែត្រការ៉េ ដើម្បីអាចបំពេញតម្រូវការ ថាមពលរបស់រោងចក្រចំនួន១៥%នៃតម្រូវការសរុប។

លើសពីនេះ ក្រុមហ៊ុនគ្រោងដាក់ពង្រាយប្រព័ន្ធ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលហៅថា “Smart Users” ដែលបង្កើតឡើង ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ WMI ដើម្បីវាស់វែង និងគ្រប់គ្រងការប្រើប្រាស់ទឹក នៅនឹងកន្លែងធ្វើការ និងកន្លែងនានាផ្សេងទៀត រួមទាំងការិយាល័យ និងរោងចក្របេតុង។

ការពង្រីកគឺជាផ្នែកមួយ នៃកម្មវិធីរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្គត់ផ្គង់ទឹកស្អាត ឱ្យបានដល់ប្រជាជនទូទាំងប្រទេស នៅត្រឹមឆ្នាំ២០៣០ ហើយនឹងផ្គត់ផ្គង់ដល់ប្រជាជន ចំនួន៧៥០.០០០នាក់ ដែ​លរស់នៅភាគខាងជើង នៃរាជធានីភ្នំពេញ នៅត្រឹមឆ្នាំ២០២៨ខាងមុខ។

គម្រោងនេះ នឹងអាចទាញបានអត្ថប្រយោជន៍ ពីក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន VINCI Construction Grands Projets នៅក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងបទពិសោធន៍ក្នុងការពង្រីកលទ្ធភាពប្រើប្រាស់ទឹក នៅក្នុងប្រទេសកម្ពុជា៕ប្រភព: Vinci៕

LEAVE A REPLY

Please enter your comment!
Please enter your name here