ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឥណ្ឌូនេស៊ី កំពុងស្ថាបនាគម្រោងទំនប់វារីអគ្គិសនីធំជាងគេបង្អស់នៅតំបន់អាស៊ាន ដែលមានសមត្ថភាពផលិតថាមពលចំនួន៩.០០០មេហ្គាវ៉ាត់ នៅទន្លេរ Kayan ក្នុងខេត្ត North Kalimantan ដែលមានព្រំប្រទល់ជាប់ប្រទេសម៉ាឡេស៊ី។
ទន្លេរKayan គឺជាទន្លេដ៏ធំបំផុតមួយនៅលើកោះ Kalimantan ដែលមានប្រភពចេញពីភ្នំUkeng ហើយហូរក្នុងចម្ងាយជាង៥០០គីឡូម៉ែត្រ មុនពេលហូរចូលទៅក្នុងសមុទ្រ Sulawesi ។
គម្រោងទំនប់វារីអគ្គិសនី នៅទន្លេរខាងលើនេះ មានឈ្មោះថា Kayan Cascade ខណៈដែលក្រុមហ៊ុនក្នុងស្រុក PT Kayan Hydro Energy គឺជាម្ចាស់អភិវឌ្ឍន៍គម្រោងនេះ។
យ៉ាងណាមិញ ក្រុមហ៊ុននេះកំពុងស្វែងរកអ្នកវិនិយោគផ្សេងទៀត ដើម្បីបន្តបេសកកម្មផលិតថាមពលបៃតង ចេញពីទំនប់វារីអគ្គិសនីរបស់ខ្លួន ឱ្យស្របតាមគោលដៅរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងការប្រើប្រាស់ល្បាយថាមពល កកើតឡើងវិញឱ្យបានចំនួន២៣%នៃល្បាយសរុបនៅត្រឹមឆ្នាំ២០២៥។
លោក Andrew Suryali ប្រធាននាយកក្រុមហ៊ុន PT Kayan Hydro Energy បានមានប្រសាសន៍ឱ្យដឹងថា “គម្រោងនេះមិនត្រឹមតែជាសមិទ្ធិផលថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងចូលរួមចំណែកដល់ការកាត់បន្ថយឥទ្ធិពល នៃឧស្ម័នផ្ទះកញ្ចក់នៅទូទាំងពិភពលោកផងដែរ”។
លោក Suryali បានបន្ថែមថា គម្រោងនេះត្រូវបានគេរំពឹងថា នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយចីរភាព ដោយសារទំនប់នេះ មានសមត្ថភាពផលិតថាមពលដ៏ច្រើនសន្ធឹកសន្ធាប់”។
លោក Steven Kho ថ្នាក់ដឹកនាំប្រតិបត្តិនៃគណៈកម្មាធិការក្រុមហ៊ុន PT Kayan Hydro Energy បានមានប្រសាសន៍បញ្ជាក់ថា “យើងបើកចំហចំពោះដៃគូ និងវិនិយោគិនទាំងអស់ទាំងក្នុងស្រុក និងបរទេស ដរាបណាពួកគេយល់ព្រមលើលក្ខខណ្ឌមួយ គឺមិនត្រូវផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ីព្រៃឈើត្រូពិច”។
បច្ចុប្បន្ន ការសាងសង់គម្រោងដំណាក់កាលទី១ កំពុងដំណើរការទៅមុខ ដែលមានសមត្ថភាពផលិត ថាមពលអគ្គិសនីចំនួន៩០០០មេហ្កាវ៉ាត់ ហើយគ្រោងនឹងសាងសង់បញ្ចប់រួចរាល់ នៅឆ្នាំ២០២៩។ រីឯគម្រោងទាំងមូលត្រូវបានរំពឹងថា នឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០៣៥៕ប្រភព: Xinhua៕