វិបត្តិតម្លៃផ្ទះហក់ឡើងកប់ពពកកំពុងគ្របដណ្តប់ទៅលើបណ្តាប្រទេសធំៗនៅលើពិភពលោក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការស្ទង់មតិរបស់កាសែត Reuters ទៅលើក្រុមអ្នកវិភាគអចលនទ្រព្យបានឱ្យដឹងថា បណ្តាប្រទេសសេដ្ឋកិច្ចធំៗនៅលើពិភពលោក កំពុងខិតខំជំរុញការផ្គត់ផ្គង់ផ្ទះ ដែលមានតម្លៃសមរម្យ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

តម្លៃផ្ទះនៅបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗ ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសផ្សេងទៀត បានហក់ឡើងខ្ពស់កប់ពពក ដែលទាមទារឱ្យមានការធ្វើអន្តរាគមន៍ បន្ថែមទៀតពីរដ្ឋាភិបាលដើម្បីកែលម្អស្ថានភាពនេះ។

ការស្ទង់មតិនេះ បានធ្វើឡើងកាលពីថ្ងៃទី៩ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទូទាំងទីផ្សារក្នុងសហរដ្ឋអាមេរិក កាណាដា អង់គ្លេស អាល្លឺម៉ង់ ឥណ្ឌា  អូស្ត្រាលី និងនូវែលសេឡង់។

ការខ្វះខាតនៃការផ្គត់ផ្គង់ផ្ទះ មិនអាចត្រូវបានដោះស្រាយចេញនៅក្នុងពេលឆាប់ៗនេះនោះទេ។ នេះបើយោងតាមការឱ្យដឹងពីក្រុមអ្នកជំនាញលើទីផ្សារអចលនទ្រព្យ។ ជាក់ស្តែង ប្រជាជនដែលមានបំណងទិញផ្ទះថ្មីភាគច្រើននឹងត្រូវ ឬពិចារណា ឬរង់ចាំយូរជាងនេះ ដើម្បីសន្សំប្រាក់ឱ្យបានគ្រប់គ្រាន់ដើម្បីទិញផ្ទះ។

យោងតាមលទ្ធផលនៃការស្ទង់មតិបង្ហាញថា អ្នកវិភាគអចលនទ្រព្យចំនួន៩០រូប ក្នុងចំណោម៩៧រូប បានលើកឡើងថា ល្បឿននៃការផ្គត់ផ្គង់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យ នឹងមិនអាចបំពេញទាន់តម្រូវការរបស់អ្នកទិញផ្ទះនោះទេ។

ទន្ទឹមនឹងនេះ អ្នកវិភាគអចលនទ្រព្យចំនួន៦៧រូប ក្នុងចំណោម៩២រូប ឬស្មើនឹងចំនួន៧៣% បានលើកឡើងថា រដ្ឋាភិបាលរបស់ប្រទេសនានា គួរតែចូលរួមចំណែកកាន់តែច្រើន ក្នុងការផ្គត់ផ្គង់ផ្ទះដែលមានតម្លៃសមរម្យ។

តម្លៃផ្ទះនៅសហរដ្ឋអាមេរិក ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង៥%នៅឆ្នាំ២០២៤ និង៣,៣% នៅឆ្នាំ២០២៥ ខណៈធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅចុងឆ្នាំនេះ។

តម្លៃផ្ទះជាមធ្យមនៅចក្រភពអង់គ្លេស និងកាណាដា ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង១,៨% និង១,៥% រៀងៗគ្នាសម្រាប់ឆ្នាំនេះ និងកើនឡើង៣%បន្ថែមទៀត នៅឆ្នាំ២០២៥ខាងមុខ។

ចំណែក តម្លៃផ្ទះនៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ ត្រូវបានគេរំពឹងថានឹង កើនឡើងចន្លោះពី៤ទៅ៥%នៅឆ្នាំនេះ ខណៈតម្លៃផ្ទះជាមធ្យម នៅក្នុងប្រទេសឥណ្ឌាត្រូវបានព្យាករណ៍ថា នឹងកើនឡើង៦% នៅឆ្នាំនេះ និងឆ្នាំក្រោយ៕ប្រភព: The edge malaysia៕

LEAVE A REPLY

Please enter your comment!
Please enter your name here