ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីឈ្មោះ Cloud Architecture បានប្រកាសផែនការសាងសង់អគារមួយ នៅទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក ដែលព្យួរពីលើអាកាសចុះមកផែនដី របស់យើង ចាប់តាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ។
ប៉ុន្តែគិតមកទល់ឆ្នាំ២០២៤នេះ សំណួរនៅតែត្រូវបានចោទសួរឡើងថា តើអគារនេះអាចលេចរូបរាងឡើងឬយ៉ាងណា?។
ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីមួយនេះ ក៏ជាអ្នករចនាគម្រោងស្ថាបត្យកម្មបែបអនាគត (Futuristic) ដូចជាស្ថាបត្យកម្មនៅលើលំហរអាកាស ការសាងសង់ប៉មនៅលើភពព្រះអង្គារ និងអគារអណ្តែតជាដើម។
ជាក់ស្តែង គម្រោងសាងសង់អគារមួយ នៅទីក្រុងញ៉ូវយក ដែលព្យួរពីលើអាកាសចុះមកផែនដី ត្រូវបានដាក់បង្ហាញតាំងពីឆ្នាំ២០១៧ ដែលអគារនេះមានឈ្មោះថា Analemma Tower ដែលអាចបណ្តែតខ្លួននៅលើលំហរអាកាស ជុំវិញភពផែនដីបាន។
លទ្ធភាពសម្រាប់សាងសង់គម្រោងមួយនេះ ត្រូវបានក្រុមហ៊ុនស្ថាបត្យកម្ម Cloud Architecture បកស្រាយថា ការសាងសង់អគារមួយនេះ ត្រូវបានបែងចែងទៅជាដំណាក់កាលសំខាន់ៗ ផ្សេងៗពីគ្នា។
ក្នុងនោះ ដំណាក់កាលដំបូង គេត្រូវមានដុំអាចម៍ផ្កាយមួយ ដែលអាចគោចរជុំវិញគន្លងផែនដី។ បន្ទាប់មកដុំអាចម៍ផ្កានេះនឹងក្លាយជាមូលដ្ឋានគ្រឹះ នៃការចាប់ផ្ដើមសាងសង់តែម្តង តាមរយៈការតភ្ជាប់ខ្សែកាបទំហំធំពីដុំអាចម៍ផ្កាយ រួចបង្ហូតចុះក្រោម។
នៅដំណាក់កាលបន្ទាប់ ក្រុមហ៊ុននឹងសាងសង់បំណែកនៃអគារនេះ នៅលើផែនដីជាមុនសិន។ បន្ទាប់មក ខ្លួននឹងដឹកជញ្ជូនបំណែកនៃអគារទាំងនោះ ទៅកាន់លំហអាកាស ដើម្បីផ្គុំចូលគ្នា ជាមួយនឹងខ្សែកាប ដែលបានភ្ជាប់ទៅនឹងដុំអាចម៍ផ្កាយនោះ។
ទោះជាយ៉ាងណាក្តី ការដឹកជញ្ជូនបំណែកអគារយកទៅផ្គុំសាងសង់ នៅលើលំហអាកាសបែបនេះ ក៏នឹងជួបផលពិបាកខ្លាំងផងដែរ។ ត្រង់ចំណុចនេះ ក្រុមហ៊ុន Cloud Architecture បានអះអាងថា ដោយសារដុំអាចម៍ផ្កាយ ដែលគោចរជុំវិញគន្លងរបស់ផែនដី នឹងមិនស្ថិតនៅស្ងៀមនោះទេ គឺវានឹងវិលជុំវិញផែនដីតែម្តង។
ដោយឡែក បើក្រឡេកទៅមើលអំពីការរចនាអគារ Analemma Tower នេះវិញ គេសង្កេតឃើញថា អគារនេះត្រូវបានបែងចែងជាជាន់ ឬជាថ្នាក់សំខាន់ៗ ទៅតាមប្រភេទមុខងារប្រើប្រាស់ ដូចជានៅជាន់ខាងក្រោម គឺជាទីតាំងសម្រាប់ហាងលក់ទំនិញ និងភោជនីយដ្ឋាន។
ចំណែក នៅជាន់បន្ទាប់ទៀត គឺជា Space សម្រាប់ទីតាំងការិយាល័យ និងនៅជាន់បន្ទាប់ទៀត គឺជាទីតាំងសួនឧទ្យាន និងកសិកម្ម ហើយនៅជាន់បន្ទាប់ទៀត គឺជាទីតាំងលំនៅដ្ឋានសម្រាប់រស់នៅតែម្តង។
យ៉ាងណាមិញ សរុបមក គេនៅមិនទាន់ដឹងច្បាស់ថា តើគម្រោងមួយនេះ នឹងអាចលេចចេញជារូបរាង បាននៅពេលណានោះទេ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនស្ថាបត្យកម្ម Cloud Architecture កំពុងតែសិក្សាបន្ថែមទៀត ទៅលើគម្រោងមួយនេះ៕ប្រភព: New York Post៕