ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារខ្នាតយក្ស HSBC Holdings plc នៅទីក្រុងហុងកុង បានទាក់ទាញអតិថិជនថ្មីជាង១៣០.០០០នាក់ ក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Bloomberg។
ចំណែកកាលពី២០២៣កន្លងទៅ ធនាគារ Bank of China ដែលមានសាខានៅទីក្រុងហុងកុង ទទួលបានអតិថិជនឆ្លងដែនថ្មីចំនួន២០ម៉ឺននាក់ ខណៈដែលការបើកគណនីថ្មីនៅធនាគារ Hang Seng បានហក់ឡើង៣៤២ភាគរយកាលពីឆ្នាំមុន។
-->
កំណើនដ៏ខ្ពស់នេះត្រូវបានជំរុញជាចម្បង ដោយសារប្រជាជនចិនចិនដីគោក បានសម្រុកដាក់ប្រាក់បញ្ញើ នៅតាមធនាគារក្នុងទីក្រុងហុងកុង ស្របពេលដែលតំបន់រដ្ឋបាលពិសេសមួយនេះ កំពុងខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត និងចលាចលនយោបាយអស់ជាច្រើនឆ្នាំ។
ជាពិសេស ធនាគារមួយចំនួននៅទីក្រុងហុងកុង បានប្រកាសផ្តល់អត្រាការប្រាក់កាន់តែខ្ពស់ ដែលការណ៍នេះបានទាក់ទាញប្រជាជនចិនជាច្រើន ឱ្យបើកគណនីធនាគារនៅហុងកុង ដើម្បីទាញយកជម្រើសវិនិយោគដ៏ច្រើន រាប់ចាប់តាំងពីការធានារ៉ាប់រងរហូតដល់ប្រាក់បញ្ញើមានកាលកំណត់។
ជាក់ស្តែង កាលពីដើមឆ្នាំ២០២៤នេះ ធនាគារ Standard Chartered plc នៅហុងកុង បាននិងកំពុងផ្តល់ជូនអត្រាការប្រាក់លើប្រាក់បញ្ញើរយៈពេលខ្លីប្រមាណ១០% ដើម្បីទាក់ទាញអតិថិជនចិនដីគោក ខណៈក្រុមនិយតករនៅទីក្រុងប៉េកាំង បានបង្ក្រាបទៅលើការវិនិយោគដែលផ្តល់ផលចំណេញខ្ពស់កប់ពពក។
លោកស្រី Maggie Ng ប្រធានផ្នែកហិរញ្ញវត្ថុនៅឯធនាគារ HSBC បានលើកឡើងថា “ចំនួនប្រជាជនចិន ដែលបានដាក់ប្រាក់បញ្ញើក្នុងធនាគារនៅក្រៅប្រទេស កំពុងកើនឡើងយ៉ាងគំហុក។ លោកបន្ថែមថា “ហុងកុងគឺជាទីផ្សារដ៏ទាក់ទាញដំបូងគេ សម្រាប់អតិថិជនចិនដីគោកទាំងនេះ ខណៈដែលពួកគេកំពុងស្វែងរកការវិនិយោគនៅបរទេស”។
ក្នុងអំឡុងត្រីមាសទី១ ការលក់ធានារ៉ាប់រងដល់អតិថិជនដីគោកបានកើនឡើង៦២,៦% ដល់ទំហំទឹកប្រាក់១៥,៦ពាន់លានដុល្លារហុងកុង (ប្រហែល២ពាន់លានដុល្លារអាមេរិក)។ ជាមួយគ្នានេះ ក្រុមហ៊ុន AIA Group Ltd និងក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី ស្ថិតក្នុងចំណោមក្រុមហ៊ុននានាដទៃទៀត ដែលបានលក់ធានារ៉ាប់រងដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់ប្រជាជនចិន៕ប្រភព:Bloomberg៕