Hattha top Banner

ប្រជាជនចិនសម្រុកដាក់ប្រាក់បញ្ញើរាប់ពាន់លានដុល្លារនៅទីក្រុងហុងកុង ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគារខ្នាតយក្ស HSBC Holdings plc នៅទីក្រុងហុងកុង បានទាក់ទាញអតិថិជនថ្មីជាង១៣០.០០០នាក់ ក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Bloomberg។

ចំណែកកាលពី២០២៣កន្លងទៅ ធនាគារ Bank of China ដែលមានសាខានៅទីក្រុងហុងកុង ទទួលបានអតិថិជនឆ្លងដែនថ្មីចំនួន២០ម៉ឺននាក់ ខណៈដែលការបើកគណនីថ្មីនៅធនាគារ Hang Seng បានហក់ឡើង៣៤២ភាគរយកាលពីឆ្នាំមុន។

កំណើនដ៏ខ្ពស់នេះត្រូវបានជំរុញជាចម្បង ដោយសារប្រជាជនចិនចិនដីគោក បានសម្រុកដាក់ប្រាក់បញ្ញើ នៅតាមធនាគារក្នុងទីក្រុងហុងកុង ស្របពេលដែលតំបន់រដ្ឋបាលពិសេសមួយនេះ កំពុងខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត និងចលាចលនយោបាយអស់ជាច្រើនឆ្នាំ។

ជាពិសេស ធនាគារមួយចំនួននៅទីក្រុងហុងកុង បានប្រកាសផ្តល់អត្រាការប្រាក់កាន់តែខ្ពស់ ដែលការណ៍នេះបានទាក់ទាញប្រជាជនចិនជាច្រើន ឱ្យបើកគណនីធនាគារនៅហុងកុង ដើម្បីទាញយកជម្រើសវិនិយោគដ៏ច្រើន រាប់ចាប់តាំងពីការធានារ៉ាប់រងរហូតដល់ប្រាក់បញ្ញើមានកាលកំណត់។

ជាក់ស្តែង កាលពីដើមឆ្នាំ២០២៤នេះ ធនាគារ Standard Chartered plc នៅហុងកុង បាននិងកំពុងផ្តល់ជូនអត្រាការប្រាក់លើប្រាក់បញ្ញើរយៈពេលខ្លីប្រមាណ១០% ដើម្បីទាក់ទាញអតិថិជនចិនដីគោក ខណៈក្រុមនិយតករនៅទីក្រុងប៉េកាំង បានបង្ក្រាបទៅលើការវិនិយោគដែលផ្តល់ផលចំណេញខ្ពស់កប់ពពក។

លោកស្រី Maggie Ng ប្រធានផ្នែកហិរញ្ញវត្ថុនៅឯធនាគារ HSBC បានលើកឡើងថា “ចំនួនប្រជាជនចិន ដែលបានដាក់ប្រាក់បញ្ញើក្នុងធនាគារនៅក្រៅប្រទេស កំពុងកើនឡើងយ៉ាងគំហុក។ លោកបន្ថែមថា “ហុងកុងគឺជាទីផ្សារដ៏ទាក់ទាញដំបូងគេ សម្រាប់អតិ​ថិ​ជនចិនដីគោកទាំងនេះ ខណៈដែលពួកគេកំពុងស្វែងរកការវិនិយោគនៅបរទេស”។

ក្នុងអំឡុងត្រីមាសទី១ ការលក់ធានារ៉ាប់រងដល់អតិថិជនដីគោកបានកើនឡើង៦២,៦% ដល់ទំហំទឹកប្រាក់១៥,៦ពាន់លានដុល្លារហុងកុង (ប្រហែល២ពាន់លានដុល្លារអាមេរិក)។  ជាមួយគ្នានេះ ក្រុមហ៊ុន AIA Group Ltd និងក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី ស្ថិតក្នុងចំណោមក្រុមហ៊ុននានាដទៃទៀត ដែលបានលក់ធានារ៉ាប់រងដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់ប្រជាជនចិន៕ប្រភព:Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here