លោក​ង៉ែត​ ​ជូ​៖​ ​អ្នកជំនួញ​សម័យថ្មី​គួរតែ​ចេះ​រួមគ្នា​ ​៤យ៉ាង​ដើម្បី​ទទួល​បាន​ជោគជ័យ​

0

ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​ជាទូទៅ​សម្រាប់​សង្គម​ជំនួញ​នៅ​កម្ពុជា​ ​ត្រូវ​បាន​អ្នកជំនាញ​មើលឃើញ​ថា​ ​ភាគច្រើន​អ្នកជំនួញ​ ​ដែល​មាន​សម​ត្ថិ​ភាព​តែង​ធ្វើអ្វី​មួយ​តែម្នាក់​ ​ឬ​ធ្វើឡើង​ដោយ​លក្ខណៈ​ឯកោ​។​ ​ទង្វើ​នេះ​ត្រូវ​បាន​អ្នកជំនាញ​លើកឡើង​ថា​ ​វា​ជា​រឿង​ដែល​គួរតែ​លុបបំបាត់​ចោល​ ​ហើយ​ងាក​មក​រួបរួម​ ​និង​ចេះ​សហការ​គ្នា​ធ្វើជំនួញ​ជា​ក្រុម​ ​ដើម្បី​ចៀស​ផុត​ពី​ហានិភ័យ​ ​និង​ទទួល​បាន​ឱកាស​ជោគជ័យ​ទាំងអស់គ្នា​។​ ​

​លោក​ ​ង៉ែត​ ​ជូ​ ​អ្នកជំនាញ​អចលនទ្រព្យ​និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​នៃ​ក្រុមហ៊ុន​ ​Emerging​ ​Market​ ​Consulting​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី១២​ ​មិនា​កន្លងមក​ថា​ ​ជា​ការ​ប្រសើរ​ ​ដែល​អ្នកជំនួញ​សម័យថ្មី​នេះ​គួរតែ​ចេះ​សហការ​គ្នា​ ​រួមគំនិត​ធ្វើជំនួញ​ជាមួយគ្នា​ ​ដើម្បី​ងាយ​ទទួល​បាន​ភាព​ជោគជ័យ​ទាំងអស់គ្នា​។​ ​

​លោក​បញ្ជាក់​ថា​ ​“​មនុស្ស​មាន​សមត្ថភាព​ជាច្រើន​នៅ​រប៉ាត់រប៉ាយ​ ​ធ្វើការ​ងារ​រៀង​ៗ​ខ្លួន​ ​មិន​សហការ​គ្នា​ ​ប៉ុន្តែ​ពេល​មនុស្ស​ចេះ​ធ្វើការ​រួមគ្នា​ ​រឿង​សំ​ខាន់​ៗ៣យ៉ាង​នឹង​កើតឡើង​”​។​

​រឿង​វិជ្ជមាន​ទាំង​បី​នោះ​រួមមាន​ ​ទី១​-​ ​ជំនាញ​ ​និង​សមត្ថ​ភាព​ផ្សេង​ៗ​គ្នា​នឹង​បំពេញ​អោយ​គ្នា​បាន​ល្អ​ប្រសើរ​។​ ​ទី​-​២​ ​ធនធាន​ហិរញ្ញវត្ថុ​ដែល​មនុស្ស​ម្នា​ក់ៗ​ ​មាន​ក៏អាច​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​។​ ​ទី៣​ ​ទ្វារ​នៃ​ឱកាស​ជាច្រើន​ក៏​ចាប់ផ្តើម​បើក​ស្វាគមន៍​អ្នក​ដែល​មិនសូវ​មានឱកាស​ពីមុន​។​ ​

​លោក​បាន​ពន្យល់​ទៀត​ថា​ ​ជាទូទៅ​គ្រប់​អ្នកជំនួញ​ទាំងអស់​ ​សុទ្ធតែ​មាន​គោលដៅ​របស់​ខ្លួ​នដូចៗ​គ្នា​ ​ប៉ុន្តែ​ចំពោះ​កម្រិត​នៃ​សមត្ថភាព​គឺ​មាន​មិន​ស្មើគ្នា​នោះ​ទេ​ ​ហើយក៏​មិន​មាន​ជំនាញ​គ្រប់មុខ​ ​គ្រប់​វិស័យ​នោះ​ដែរ​។​ ​ការបង្កើត​មុខ​ជំនួញ​ ​ហើយ​ប្រឹង​ដើរ​តែម្នាក់ឯង​គឺ​មាន​ភាព​ផុយ​ស្រួយ​ ​ប្រថុយប្រថាន​នឹង​ហានិភ័យ​ខ្ពស់​បំផុត​។​ ​ប៉ុន្តែ​ប្រសើ​នបើ​អ្នកជំនួញ​ទាំងអស់​នោះ​គាត់​ចេះ​សហការ​គ្នា​ ​រួមចិត្ត​ ​រួមគំនិត​ ​និង​ចេះ​បំពេញ​នូវ​តម្រូវការ​ឱ្យ​គ្នា​ទៅវិញទៅមក​ ​ព្រោះ​វា​គឺជា​ការ​បើកឱកាស​យ៉ាង​ទូលាយ​ ​ក្នុង​ការ​ចាប់​យក​ភាព​ជោគជ័យ​រួមគ្នា​។​ ​

​លោក​បាន​លើក​ជាឧទាហរណ៍​ ​ដូចជា​ការ​បើក​ជំនួញ​ហាង​កាហ្វេ​ ​ឬ​ភោជនីយដ្ឋាន​មួយ​ ​ម្ចាស់ហាង​ ​ដែល​ជា​អ្នក​បោះទុន​ ​មិន​អាច​ធ្វើ​ប្រតិបត្តិ​ការ​តែម្នាក់ឯង​បាន​នោះ​ឡើយ​ ​ដែល​ចាំបាច់​ត្រូវតែ​ស្វែងរក​អ្នកជំនាញ​ ​គ្រប់​ផ្នែក​មក​បំពេញ​តម្រូវការ​របស់​ហាង​ ​ដូចជា​អ្នកជំនាញ​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស​ ​អ្នកជំនាញ​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ ​អ្នកជំនាញ​ផ្នែក​គ្រប់គ្រង​ចង្ក្រាន​ ​និង​អ្នកជំនាញ​ផ្នែក​គ្រប់គ្រង​ផ្នែក​សេវាកម្ម​ជាដើម​។​ ​

​ងាក​មក​អ្នកជំនួញ​វិញ​ក៏ដូចជា​គ្នា​ ​នៅពេល​ដែល​ធ្វើការ​ជា​ក្រុម​ ​ធ្វើជំនួញ​ជា​ក្រុម​ ​ក្រៅពី​អាច​ជួយ​បំពេញ​នូវ​ចន្លោះ​ខ្វះខាត​ឱ្យ​គ្នា​ទៅវិញទៅមក​ហើយ​នោះ​ ​វា​ថែមទាំង​ជួយ​សម្រាល​នូវ​វិបត្តិសេដ្ឋកិច្ច​ ​ជៀស​ផុត​ពី​ហានិភ័យ​ខ្ពស់​ ​ហើយនឹង​មានឱកាស​ទទួល​បាន​ភាព​ជោគជ័យ​លើ​មុខ​ជំនួញ​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ​»​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here