ដោយ រ៉ាណេត
ភ្នំពេញ៖ ជាទូទៅសម្រាប់សង្គមជំនួញនៅកម្ពុជា ត្រូវបានអ្នកជំនាញមើលឃើញថា ភាគច្រើនអ្នកជំនួញ ដែលមានសមត្ថិភាពតែងធ្វើអ្វីមួយតែម្នាក់ ឬធ្វើឡើងដោយលក្ខណៈឯកោ។ ទង្វើនេះត្រូវបានអ្នកជំនាញលើកឡើងថា វាជារឿងដែលគួរតែលុបបំបាត់ចោល ហើយងាកមករួបរួម និងចេះសហការគ្នាធ្វើជំនួញជាក្រុម ដើម្បីចៀសផុតពីហានិភ័យ និងទទួលបានឱកាសជោគជ័យទាំងអស់គ្នា។
លោក ង៉ែត ជូ អ្នកជំនាញអចលនទ្រព្យនិងជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍនៃក្រុមហ៊ុន Emerging Market Consulting បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១២ មិនាកន្លងមកថា ជាការប្រសើរ ដែលអ្នកជំនួញសម័យថ្មីនេះគួរតែចេះសហការគ្នា រួមគំនិតធ្វើជំនួញជាមួយគ្នា ដើម្បីងាយទទួលបានភាពជោគជ័យទាំងអស់គ្នា។
លោកបញ្ជាក់ថា “មនុស្សមានសមត្ថភាពជាច្រើននៅរប៉ាត់រប៉ាយ ធ្វើការងាររៀងៗខ្លួន មិនសហការគ្នា ប៉ុន្តែពេលមនុស្សចេះធ្វើការរួមគ្នា រឿងសំខាន់ៗ៣យ៉ាងនឹងកើតឡើង”។
-->
រឿងវិជ្ជមានទាំងបីនោះរួមមាន ទី១- ជំនាញ និងសមត្ថភាពផ្សេងៗគ្នានឹងបំពេញអោយគ្នាបានល្អប្រសើរ។ ទី-២ ធនធានហិរញ្ញវត្ថុដែលមនុស្សម្នាក់ៗ មានក៏អាចត្រូវបានយកទៅប្រើប្រកបដោយប្រសិទ្ធិភាព។ ទី៣ ទ្វារនៃឱកាសជាច្រើនក៏ចាប់ផ្តើមបើកស្វាគមន៍អ្នកដែលមិនសូវមានឱកាសពីមុន។
លោកបានពន្យល់ទៀតថា ជាទូទៅគ្រប់អ្នកជំនួញទាំងអស់ សុទ្ធតែមានគោលដៅរបស់ខ្លួនដូចៗគ្នា ប៉ុន្តែចំពោះកម្រិតនៃសមត្ថភាពគឺមានមិនស្មើគ្នានោះទេ ហើយក៏មិនមានជំនាញគ្រប់មុខ គ្រប់វិស័យនោះដែរ។ ការបង្កើតមុខជំនួញ ហើយប្រឹងដើរតែម្នាក់ឯងគឺមានភាពផុយស្រួយ ប្រថុយប្រថាននឹងហានិភ័យខ្ពស់បំផុត។ ប៉ុន្តែប្រសើនបើអ្នកជំនួញទាំងអស់នោះគាត់ចេះសហការគ្នា រួមចិត្ត រួមគំនិត និងចេះបំពេញនូវតម្រូវការឱ្យគ្នាទៅវិញទៅមក ព្រោះវាគឺជាការបើកឱកាសយ៉ាងទូលាយ ក្នុងការចាប់យកភាពជោគជ័យរួមគ្នា។
លោកបានលើកជាឧទាហរណ៍ ដូចជាការបើកជំនួញហាងកាហ្វេ ឬភោជនីយដ្ឋានមួយ ម្ចាស់ហាង ដែលជាអ្នកបោះទុន មិនអាចធ្វើប្រតិបត្តិការតែម្នាក់ឯងបាននោះឡើយ ដែលចាំបាច់ត្រូវតែស្វែងរកអ្នកជំនាញ គ្រប់ផ្នែកមកបំពេញតម្រូវការរបស់ហាង ដូចជាអ្នកជំនាញផ្នែកគ្រប់គ្រងធនធានមនុស្ស អ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ អ្នកជំនាញផ្នែកគ្រប់គ្រងចង្ក្រាន និងអ្នកជំនាញផ្នែកគ្រប់គ្រងផ្នែកសេវាកម្មជាដើម។
ងាកមកអ្នកជំនួញវិញក៏ដូចជាគ្នា នៅពេលដែលធ្វើការជាក្រុម ធ្វើជំនួញជាក្រុម ក្រៅពីអាចជួយបំពេញនូវចន្លោះខ្វះខាតឱ្យគ្នាទៅវិញទៅមកហើយនោះ វាថែមទាំងជួយសម្រាលនូវវិបត្តិសេដ្ឋកិច្ច ជៀសផុតពីហានិភ័យខ្ពស់ ហើយនឹងមានឱកាសទទួលបានភាពជោគជ័យលើមុខជំនួញយ៉ាងល្អប្រសើរផងដែរ»៕