ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំពូលមហាសេដ្ឋីអាមេរិកលោក Elon Musk បានបង្កើតក្រុមហ៊ុន AI ថ្មីមួយផ្ទាល់ខ្លួន ដែលដាក់ឈ្មោះថា xAI ដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុនផ្សេងៗ ដូចជាក្រុមហ៊ុន OpenAIជាដើម។
លោកអះអាងថា វេបសាយមួយនេះត្រូវបានបង្កើតឡើង ដើម្បីអនុញ្ញាតឱ្យមនុស្សអាចយល់ដឹងអំពីធម្មជាតិពិតនៃសកលលោក។ ទោះជាយ៉ាងណាក្តី នាពេលនេះ លោក Elon Musk បានប្រកាសជាថ្មីថា កម្មវិធី Chatbot របស់ក្រុមហ៊ុន xAI ដែលមានឈ្មោះថា Grok នឹងបើកដាក់ឱ្យដំណើរការ សម្រាប់អតិថិជនជាវសេវាកម្ម Premium នៅលើបណ្តាញសង្គម X។លោក Elon Musk ប្រកាសបែបនេះលើបណ្តាញសង្គម X ប៉ុន្តែលោកមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតឡើយ។ ការដាក់ឱ្យដំណើរការក្រុមហ៊ុន AI បានធ្វើឡើង ស្របពេលដែលក្រុមហ៊ុនផ្សាយពាណិជ្ជកម្មជាច្រើនបានចាកចេញពីវេទិកាបណ្តាញសង្គម X របស់មហាសេដ្ឋីរូបនេះ ហើយលោកក៏បានងាកមករកប្រាក់ចំណេញតាមគម្រោង AI ជំនួសវិញ។
កាលពីដើមខែឧសភាកន្លងទៅ លោក Elon Musk បានអះអាងថា ក្រុមហ៊ុន xAI នឹងបើកកម្មវិធី Chatbot ថ្មី ដែលមានឈ្មោះថា Grok បន្ទាប់ពីលោកបានប្តឹងក្រុមហ៊ុន OpenAI ពីបទបោះបង់ចោលបេសកកម្មដើមរបស់ខ្លួន ដើម្បីផលប្រយោជន៍។ តាមរយៈគម្រោងថ្មីនេះ លោក Elon Musk ត្រូវគេមើលឃើញថា លោកកំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុនជើងចាស់ដូចជា ក្រុមហ៊ុន OpenAI ក្រុមហ៊ុន Google និងក្រុមហ៊ុន Anthropic ដែលស្ថិតនៅពីក្រោយការអភិវឌ្ឍន៍កម្មវិធី chatbots ឈានមុខគេនៅលើពិភពលោកដូចជា កម្មវិធី ChatGPT កម្មវិធី Bard និងកម្មវិធី Claude ជាដើម។