កូរ៉េខាងត្បូងអាចក្លាយជាប្រទេសនាំមុខគេខាងផ្នែកសន្តិសុខថាមពលនៅតំបន់អាស៊ីបូព៌ា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកជំនាញបានលើកឡើងថា ប្រទេសកូរ៉េខាងត្បូងអាចក្លាយជាប្រទេសនាំមុខគេខាងផ្នែកសន្តិសុខថាមពលនៅតំបន់អាស៊ីបូព៌ា ក្រោយពីរដ្ឋាភិបាលកូរ៉េប្រកាសរកឃើញប្រភពប្រេង និងឧស្ម័នដ៏ច្រើនមហាសាលនៅដែនសមុទ្ររបស់ខ្លួន។

លោក Han Seung-jae អ្នកស្រាវជ្រាវនៅក្រុមហ៊ុន DB Financial Investment បានលើកឡើងថា ការវិនិយោគលើការរុករកទុនបម្រុងទាំងនេះនឹងបង្កើតបានផលចំណេញយ៉ាងច្រើនលើសលប់ ទោះបីជាការខួងរុករកទាមទារដើមទុនខ្ពស់យ៉ាងណាក្តី។

លោកបានមានប្រសាសន៍បន្ថែមថា “ភាពជោគជ័យនៃការខួងយកធនធានប្រេង និងឧស្ម័ន នឹងនាំមកនូវផលប្រយោជន៍ផ្នែកនយោបាយ និងសេដ្ឋកិច្ចយ៉ាងធំធេង ដោយកំណត់ឡើងវិញនូវការផ្គត់ផ្គង់ថាមពលនៅតំអាស៊ីបូព៌ា”។

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានមានប្រសាសន៍ឲ្យដឹងថា កូរ៉េខាងត្បូងបានរកឃើញប្រភពកំណប់ប្រេងឆៅ និងឧស្ម័នធម្មជាតិនៅឆ្នេរសមុទ្រ ដែលស្ថិតនៅភាគខាងកើតនៃប្រទេស។

លោក Yoon Suk-yeol បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយតាមទូរទស្សន៍ថា “លទ្ធផលនៃការស្រាវជ្រាវនៅឈូងសមុទ្រ Yeongil នៃទីក្រុង Pohang បានបង្ហាញឱ្យឃើញថា តំបន់នេះអាចមានប្រេង និងឧស្ម័នដ៏ច្រើនសន្ធឹកសន្ធាប់។

លោក Yoon បានបញ្ជាក់ថា ការរុករកបានបង្ហាញពីលទ្ធភាពខ្ពស់ដែលយើងអាចទាញយកប្រេង និងឧស្ម័នប្រមាណ១៤ពាន់លានបារ៉ែល ដែលអាចបំពេញតម្រូវការឧស្ម័នធម្មជាតិរបស់កូរ៉េខាងត្បូងក្នុងរយៈពេល២៩ឆ្នាំខាងមុខ និងតម្រូវការប្រេងឆៅសម្រាប់រយៈពេល៤ឆ្នាំ។

ការខួងរុករកនេះ គ្រោងនឹងធ្វើឡើងលើទីតាំងយ៉ាងតិចចំនួន៥ ខណៈប្រតិបត្តិការនៅតាមទីតាំងនីមួយៗ នឹងត្រូវចំណាយទុនវិនិយោគជាង១០០លានវ៉ុន(ប្រមាណ៦៧លានដុល្លារអាមេរិក)។ ប្រសិនបើធនធានប្រេង និងឧស្ម័នទាំងនេះត្រូវបានខួងយកដោយជោគជ័យ នោះកូរ៉េខាងត្បូងនឹងអាចរកប្រាក់ចំណូលបានជាង១ទ្រីលានដុល្លារអាមេរិក។

ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានបន្ថែមថា លោកបានអនុម័តផែនការខួងរុករក ដែលដាក់ជូនដោយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល ដោយរំពឹងថា លទ្ធផលបឋមនឹងត្រូវបានប្រកាសនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥៕ប្រភព: Korea Times៕ What to expect from the incoming South Korean president's domestic and  foreign policy agendas | Brookings

LEAVE A REPLY

Please enter your comment!
Please enter your name here