ដោយៈ គង់ សូរិយា
ភ្នំពេញៈ ផ្តើមជីវិតដោយចាកចេញពីតំបន់ជនបទ ឧកញ៉ាទាំងពីររូបបានជួបគ្នានៅរាជធានីភ្នំពេញ ដោយបានបង្កើតគ្រួសារមួយដែលមានភាពសុខដុម និងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង និងឧត្តមភរិយា គឺលោកជំទាវឧកញ៉ាគង់ សំណាង បានចាប់ផ្តើមបង្កើតក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យ ដោយផ្តល់សេវាកម្មទិញ លក់ ជួល អចលនទ្រព្យរយៈពេលជាង១០ឆ្នាំមុនក្លាយជាអ្នកអភិវឌ្ឍន៍ បន្ទាប់ពីឧកញ៉ាប្តី ប្រពន្ឋរូបនេះបានសល់ប្រាក់ពីការរកស៊ីដីធ្លី ក្នុងរយៈពេលជិតពីរទសវត្សរ៍។
ផ្តើមសាងសង់បុរី KS Residents នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ទទួលបានជោគជ័យ ក្នុងការលក់ជាង៨០ភាគរយ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង និងលោកជំទាវ បានអភិវឌ្ឍន៍បុរីវិមានសំណាងលើផ្ទៃដីទំហំ២៥ហិកតា លើមហាវិថីឈ្នះ ឈ្នះ ជាមួយនឹងល្បឿន នៃការលក់សម្រេចបានជោគជ័យ និងតាមផែនការដាក់ចេញ។
-->
លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងថា ដោយសារតែពួកយើង បានធ្វើការងារក្នុងភាពជាភ្នាក់ងារអចលនទ្រព្យជាង១០ឆ្នាំ យើងបានស្គាល់អតិថិជន និងដឹងពីចំណង់ចំណូលចិត្តរបស់ពួកគាត់ មុននឹងយើងសម្រេចអភិវឌ្ឍន៍ បុរីវិមានសំណាងឡើង ដោយផ្តោតលើលំនៅដ្ឋានបែបក្លាសិក និងបំពេញតាមសុបិនរបស់អតិថិជន។លោកជំទាវបន្តថា “យើងផ្តោតលើគុណភាព សោភ័ណភាព និងមិនផ្តោតលើប្រាក់ចំណេញតែមួយមុខនោះទេ”។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធាន KW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបានមានប្រសាសន៍ថា មុនអភិវឌ្ឍន៍បុរីនេះឡើង លោកបានសិក្សាពីបុរីច្រើនជាង១០គំរោងនៅជុំវិញនេះ ទើបសម្រេចចិត្តអភិវឌ្ឈន៍ បុរីវិមានសំណាងឡើង ដោយផ្តោតលើទីផ្សារ ដែលយើងចង់បាន ជាមួយហេដ្ឋារចនាសម្ព័ន្ឋ ក្នុងបុរី ម៉ូតផ្ទះ និងភាពបៃតងក្នុងបុរី ប្រកបដោយភាពយូនិករបស់យើង។
លោកឧកញ៉ាបន្តថា “ទីផ្សារពិតជាមានការប្រែប្រួល និងការលក់យឺតជាងមុន ប៉ុន្តែបុរីនៅតែបន្តអភិវឌ្ឍន៍បាន និងលក់បានតាមផែនការដែលលោកបានដាក់ចេញ”។
ជាមួយនឹងមហិច្ឆតា ក្នុងនាមជាម្ចាស់អាជីវកម្មជាច្រើន លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ដែលជាអតីតប្រធានសមាគមអ្នកវាយមតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិងកំពុងរៀបចំគម្រោងសាងសង់ទីក្រុងសំណាង ជាមួយផែនការបោះទុនវិនិយោគ៥០០លានដុល្លារនាពេលខាងមុខផងដែរ៕
