ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្មីៗនេះ បានចេញសារាចរស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិសម្រាប់អនុវត្តច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤។
សារាចរនេះបានបង្ហាញវិធានការរឹតបន្តឹង លើការត្រួតពិនិត្យចំណាយ នៅតាមក្រសួងស្ថាប័នរដ្ឋ ដោយមិនអនុញ្ញាតឱ្យចំណាយ លើសកម្មភាពណាដែលមិនសូវ ចាំបាច់ មិនទាន់ចាំបាច់ និងលែងចាំបាច់ដើម្បីទុកឥណទាន ដោះស្រាយចំណាយដែលចាំបាច់ខ្លាំង។
ទន្ទឹមនេះក្រសួងសេដ្ឋកិច្ច នឹងមិនផ្តល់បុរេប្រទាន ដោយគ្មានឥណទាន និងឬក៏បន្ថែមឥណទានណាទៀតឡើយ លើកលែងតែមានការសម្រេច ដោយឡែករបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឬពីប្រមុខរាជរដ្ឋាភិបាល។
លើសពីនេះទៀត ក្រសួងបានសម្រេចកាត់ព្យួរឥណទានចំណាយវិនិយោគ សម្រាប់អនុវត្តការងារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលមាន ការសម្រេចរួចហើយ ពីរាជរដ្ឋាភិបាលរបស់ក្រសួងចំនួន៤ ដែលមានឥណទានសរុប៨៧,០០០លានរៀល ពីក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួ ងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
សម្រេចកាត់ព្យួរឥណទាន ចំណាយត្រៀមបម្រុងមានមុខសញ្ញា សរុបចំនួន៨៩៦,៦៩០ លានរៀល ដែលរួមបញ្ចប់កម្មវិធីសាច់ប្រាក់សម្រាប់ពលកម្ម។
មូលនិធិបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ចំនួន៤ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតង ការទូទាត់ស្ពានឆ្លងកាត់ទន្លេមេគង្គដីឥដ្ឋ-ថ្មគររបស់គម្រោងផ្លូវល្បឿន លឿនភ្នំពេញ-បាវិត។ ចំណា យត្រៀមបម្រុង សម្រាប់អន្តរាគមន៍ចាំបាច់ផ្សេងៗ និងចំណាយផ្តល់កម្ចីដល់រដ្ឋាករទឹកខេត្តសៀមរាប។
ព្រមជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច ក៏បានកាត់បន្ថយលើខ្ទងចំណាយមួយចំនួនទៀត ដូចជា កាត់ព្យួរឥណទាន១៥% នៃឥណទានសរុប លើមុខសញ្ញាចំណាយ រួមមាន ប្រជុំ សិក្ខាសាលា និងសន្និសីទ។ សោហ៊ុយបេសកកម្មក្នុងប្រទេស ដោយលើកទឹកចិត្តប្រើប្រពន្ធ័ online (zoom) ជំនួសតាមករណី ដែលអាចធ្វើបាន។
យោងតាមសារាចរខាងលើបានឲ្យដឹងថា ការសម្រេចនេះ បានធ្វើឡើង បន្ទាប់ពីចំណូលជាតិមានឱនភាព ពោលគឺការអនុវត្តចំណូលត្រីមាសទី១ ឆ្នាំ ២០២៤ ដែលជារួមឃើញថា ចំណូលចរន្ត ថវិការដ្ឋមាននិន្នាការថមថយ ហើយរហូតដល់ដំណាច់ឆ្នាំ អាចនឹងសម្រេចបានទាប ជាងផែនការដែលបាន កំណត់ក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៤៕