ដោយ: គង់ លាងហួរ
បាងកក: ប្រទេសថៃត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់គម្រោងស្ពានទី២ ដែលត្រូវបានគេស្គាល់ថាជា “ស្ពានភ្លោះ”នៅច្រកព្រំដែន Rantau Panjang-Sungai Golok រវាងថៃ និងម៉ាឡេស៊ី នៅខែមេសាឆ្នាំ២០២៥។
លោក Trakul Thotham អភិបាលខេត្ត Narathiwat បានមានប្រសាសន៍ឱ្យដឹងថា មុនពេលការសាងសង់ អាចចាប់ផ្តើមទៅបាន យើងត្រូវតែធ្វើការសិក្សា វាយតម្លៃលើផលប៉ះពាល់បរិស្ថាន (EIA)ជាមុនសិន។
ការសិក្សាវាយតម្លៃលើផលប៉ះពាល់បរិស្ថាន (EIA) គ្រោងនឹងចាប់ផ្តើមឡើង នៅខែកក្កដាខាងមុខនេះ។ នៅពេលសាងសង់រួចរាល់ ស្ពានថ្មីនេះ នឹងក្លាយជាផ្លូវទីពីរ សម្រាប់បម្រើឱ្យការធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនថៃ និងម៉ាឡេស៊ី។
លោក Trakul Thotham បានបន្តថា “ខ្ញុំសង្ឃឹមថា ការសាងសង់ស្ពានទី២ ដើម្បីតភ្ជាប់ទីក្រុង Sungai Golok នៅខេត្តNarathiwat ប្រទេសថៃ និងរដ្ឋ Kelantan ប្រទេសម៉ាឡេស៊ី នឹងធ្វើឱ្យវិស័យទេសចរណ៍ និងវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានភាពប្រសើរឡើង”។
លោក Trakul បានថ្លែងបែបនេះ ទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការ របស់ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសសមាជិកអង្គការសហប្រតិបត្តិការឥស្លាម (OIC) ទៅកាន់ភាគខាងត្បូងនៃប្រទេសថៃ។
លោកអភិបាលខេត្ត Narathiwat រូបនេះបានសង្កត់ធ្ងន់ថា ការសាងសង់ស្ពានទី២នេះ នឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចរវាងប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមការដកស្រង់ប្រសាសន៍ មកចុះផ្សាយដោយសារពត៌មាន The Bernama។
ស្ពាន Sungai Golok-Rantau Panjang ទី២ នឹងត្រូវបានសាងសង់ឡើង ដោយមានគន្លងផ្លូវចំនួន៦ខ្សែ ដែលស្របទៅនឹងស្ពានទី១ ដែលមានស្រាប់។ ប៉ុន្តែស្ពានចាស់នោះ មានគន្លងចង្អៀតតូចពេក ដែលបង្កការលំបាកសម្រាប់យានជំនិះធំៗ៕ប្រភព: The Bernama៕