ក្រសួងអភិវឌ្ឍន៍ជនបទគ្រោងរៀបចំគំរោងតេជោភូមិ១០០ជាលើកដំ​បូងនៅកម្ពុជា

ចែករំលែក

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រសួង​អភិវឌ្ឍន៍​ជនបទ ​កំពុង​តែ​ពិនិត្យ​មើល​គម្រោង​តេជោ​ភូមិ១០០ “ TECHO ភូមិ១០០” ដើម្បី​ស្នើសុំ​គោល​ការណ៍​ទៅ​រដ្ឋាភិបាល ដើម្បី​យក​គម្រោង​នេះ​មក​អនុវត្ត ដោយសារ​តែ​គម្រោង​នេះ​ល្អ ហើយ​ស្រប​តាម​គម្រោង​ភូមិ​គំរូ​របស់​ក្រសួង​ ដែល​កំពុង​តែ​អនុវត្តន៍ ​ប្រកប​ដោយ​ជោគជ័យ អស់​រយៈពេល១០​ឆ្នាំ​មក​ហើយ។ 

ការ​ពិនិត្យ​មើល​គម្រោង​តេជោ​ភូមិ១០០ ត្រូវ​បាន​ធ្វើឡើង​ក្រោយ​ពី​មាន​ជំនួប​មួយ​រវាង រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ លោក​ឆាយ ឫទ្ធិសែន និង លោកសួស យ៉ារ៉ា ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្ដរជាតិ និង​ព័ត៌មាន នៃ​រដ្ឋសភា​ស្តីពី ​អំពី​គម្រោង​តេជោ​ភូមិ១០០ កាល​ពី​ពេលថ្មីៗ​នេះ​។

គម្រោង​តេជោ​ភូមិ​១០០​នេះ ជា​គំរូ​អភិវឌ្ឍន៍​ថ្មី​មួយ ដែល​មាន​ភាព​ខុស​ប្លែក​ពី​គេ​តែ​មួយគត់ ដែល​ធ្វើឡើង​តាម​តម្រូវ​ការ និង​សក្តានុពល​របស់​ភូមិ​នីមួយៗ។ ក្នុង​គំរោងនេះ ​មាន​ប្រើប្រា​ស់​វិធីសាស្ត្រ​អភិវឌ្ឍន៍​ជនបទ ​តាម People-Based Place-Centre (PBPC) ដោយ​យក​វប្បធម៌ និង​គំនិត TECHO ជាស្នូល។

វិធីសាស្ត្រ​អភិវឌ្ឍន៍​ជនបទ​ តាម​បែប PBPC សំដៅ​លើ​ការ​អភិវឌ្ឍ​ដែល​កៀរគរ និង​ប្រើប្រាស់ សក្តានុពល​នៃធនធាន​ក្នុង​ស្រុក រួម​ទាំង​ធនធាន​ធម្មជាតិ និង ធនធាន​មនុស្ស ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់ ដោយ​ផ្អែក​លើ​ផល​ប្រយោជន៍ ​របស់​ប្រជាជន សក្តា​នុពល​កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។ 

លោក សួស យ៉ារ៉ា មាន​ប្រសាសន៍​ថា គម្រោង​នេះ​មាន​គោលបំណង​លើក​កម្ពស់ ​ការ​អភិវឌ្ឍសហគមន៍​ជនបទ តាម​រយៈភាព​ជា​អ្នក​ដឹក​នាំ​មូលដ្ឋាន ​ប្រក​បដោយ​ភាព​ច្នៃប្រឌិត និង​រួម​បញ្ចូល​គ្នា​នៅ​ទូទាំង២៥ រាជធានី–ខេត្ត​នៅក​ម្ពុជា ក្រោម​ក្រប​ខ័ណ្ឌការ​ចូលរួម ​ពី​ភាគី​ពាក់ព័ន្ធ​ជាច្រើន និង​កម្ម​វិធី​ភាព​ជា​ដៃគូ​សាធារណៈ ឯកជន និង​ប្រជាជន (Public Private People Partnership)។

លោក​រដ្ឋមន្រ្តីបន្តថា ការ​បន្ដ​ការ​អនុវត្ត​គម្រោង​តេជោ​ភូមិ១០០ ជាការ​ចូលរួម​ចំណែក​បន្ថែម​ទៀត លើ​ការ​អភិវឌ្ឍ​ភូមិ​ចម្រុះ ការ​អភិវឌ្ឍ​ភូមិសន្ដិភាព និង​ការ​អភិវឌ្ឍ​ភូមិគំរូ ដែល​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​បាននិង​កំពុង​អនុវត្តន៍ ​នា​ពេល​បច្ចុ​ប្បន្ន​នេះ។ នេះ​បើ​យោង​តាម​ អ្នក​នាំពាក្យ​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ពិត ករុណា។ 

លោក​បាន​ឱ្យ​ដឹង​ថា នា​ពេល​បច្ចុប្បន្ន​នេះ ក្រសួង​កំពុង​តែ​ពិនិត្យ​មើល​លើ​គម្រោង​នេះ មុន​នឹង​ដាក់​សំណើរ​សុំគោលកា​រណ៍​ទៅ​រដ្ឋាភិបាល ដើម្បី​យក​គម្រោង​នេះ​មក​អនុវត្ត។ ការ​រៀប​ចំ​តេជោ​ភូមិ​១០០ នេះ​យ៉ាង​ហោច​ណាស់​ក៏​មាន​២ភូមិ​ដែរ ក្នុង​ខេត្ត​នី​មួយៗ។ 

លោក​បាន​បញ្ជាក់​ថា “អ្វីដែល​ជា​គុណ​សម្បត្តិ គុណ​តម្លៃ​របស់​តេជោ​ភូមិ១០០ ​មាន​លក្ខណៈ​ស្រប​ជាមួយ​នឹង​ភូមិ​គំរូ”។

លោករដ្ឋមន្រ្តី​នឹង​ស្នើសុំ​គោលការណ៍ ​ឯកភាព​ពី​រដ្ឋាភិបាល ដើម្បី​សុំ​គម្រោង​នេះ ​មក​ជា​គម្រោង​របស់​ក្រសួង។ ប៉ុន្តែ​ឥឡូវ​នេះ ​កំពុង​ពិនិត្យ​មើល​គម្រោង និង​ត្រៀមរៀប​ចំ​មើល​ថា ពេល​ទទួល​បាន​គម្រោង ​ត្រូវ​អនុវត្តន៍​យ៉ាង​ណា ដើម្បី​រក្សា​នូវ​និរន្តរភាព​របស់​គម្រោង​ឱ្យ​បាន​ល្អ ហើយ​និង​អភិវឌ្ឍន៍​ទៅ​មុខ​បន្ត​ទៀត។

លោកឆាយ ឬទ្ឋីសែនបានបញ្ជាក់ថា “ចំពោះ​ការងារនេះ មិន​បង្អង់​រងចាំ​ពេល​យូរ​ទេ កំពុង​តែ​រៀបចំ​ទៅ​ហើយ”៕


ចែករំលែក