ដោយ វុត្ថា
ភ្នំពេញ៖ កម្ពុជា នឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងសហហិរញ្ញប្បទានរវាង UNDP ជាមួយក្រុមហ៊ុន Shenzhen 4PX Express Co., Ltd លើគម្រោង «ភ្ជាប់ទំនាក់ទំនងជាមួយប្រទេសកម្ពុជា៖ រួមគ្នាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល» នៅថ្ងៃទី ១៩ ខែមីនាស្អែនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនដែលទទួលបាននៅថ្ងៃទី ១៨ ខែមីនា នេះបានឲ្យដឹងថា កម្ពុជា មានសក្តានុពលក្នុងការទាក់ទាញប្រយោជន៍ពីពាណិជ្ជកម្មតាមប្រពន្ធអេឡិកត្រូនិក (e-commerce) ដើម្បីផ្តល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធិភាពដល់អតិថិជន អ្នករករាយ ទីផ្សារ និងការទទួលព័ត៌មានពាណិជ្ជកម្ម។ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកមានអត្ថប្រយោជន៍ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិព្រមទាំងមានសក្តានុពលក្នុងការជួយលើកកម្ពស់ទីផ្សារក្នុងស្រុកផងដែរ។
ប្រភពដដែលបន្តថា ជាឧទាហរណ៍ សេដ្ឋកិច្ចឌីជីថល បានកំពុងនឹងប្រែក្លាយកម្ពុជាតាមរយៈការផ្លាស់ប្តូរទម្លាប់បញ្ជាទិញអាហារទូទាត់ថ្លៃទំនិញ ហៅរ៉ឺម៉កកង់បី (Tuk Tuk)កក់សណ្ឋាគារ ឬទិញសម្លៀកបំពាក់ពីតាមហាងជាដើម។ សេវាទាំងនេះ បានជួយសម្រួលដល់ទំនាក់ទំនងរវាងអតិថិជន និងប្រកបអាជីវកម្មតាមប្រពន្ធអនឡាញ។ ប្រការនេះនាំឲ្យមានការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ដែលអាចរក្សាបាននូវផលិតភាពសេដ្ឋកិច្ចក្នុងកម្រិតមួយខ្ពស់។







