អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បង្ហាញការព្យាករណ៍ជាវិជ្ជមាន ចំពោះទីផ្សារជួលការិយាល័យនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងរយៈពេល១២ខែបន្ទាប់។ នេះបើយោងតាមសន្ទស្សន៍ តម្លៃជួលការិយាល័យអាស៊ីប៉ាស៊ីហ្វិក (APAC) ប្រចាំត្រីមាសទីពីរឆ្នាំ២០២៤។

តួយ៉ាងការព្យាករណ៍បានបង្ហាញថា ទីផ្សារជួលការិយាល័យនៅទីក្រុងគូឡាឡាំពួរ នឹងនៅតែមានស្ថិរភាព និងឆ្លុះបញ្ចាំងពីតុល្យភាព ហើយស្ថិរភាពនេះ ជាសញ្ញាវិជ្ជមានមួយសម្រាប់បណ្តាវិនិយោគិន និងក្រុមហ៊ុន ដែលកំពុងធ្វើការសម្រេចចិត្តលើការវិនិយោគរបស់ពួកគេ។
-->
លោក Teh Young Khean អ្នកជំនាញនៅក្រុមហ៊ុន Knight Frank ប្រចាំនៅប្រទេសម៉ាឡេស៊ី បានលើកឡើងថា អត្រាតម្លៃជួល និងអត្រាគ្របដណ្តប់ការប្រើប្រាស់ ត្រូវបានគេរំពឹងថា នឹងមានភាពប្រសើរឡើង ដែលការណ៍នេះ បង្ហាញពីទស្សនវិស័យវិជ្ជមាន សម្រាប់ទីផ្សារអចលនទ្រព្យ នៅទីក្រុងគូឡាឡាំពួរ។
ជាក់ស្ដែង នៅត្រីមាសទី២ ឆ្នាំនេះ តម្លៃជួលការិយាល័យប្រភេទ Prime នៅទីក្រុងគូឡាឡាំពួរ បានកើនឡើង២,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនដល់៥,៨៧រីងហ្គីតក្នុងមួយហ្វីតការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យដែលគេទុកទំនេរចោល បានស្ថិតក្នុងរង្វង់២៨,៧ភាគរយ។
លោក Teh បានគូសបញ្ជាក់បន្ថែមថា “យើងបន្តសង្កេតឃើញតម្រូវការដ៏រឹងមាំ និងការសាកសួរយ៉ាងសកម្មពីសំណាក់បណ្តាក្រុមហ៊ុនរកស៊ី នៅក្នុងវិស័យនានា ដូចជា បច្ចេកវិទ្យា សេវាកម្មវិជ្ជាជីវៈ ធានារ៉ាប់រង សេវាកម្មអាជីវកម្មសកល ប្រេង និងឧស្ម័ន ព្រមទាំងធនាគារ និងស្ថាប័នហិរញ្ញវត្ថុ”៕ប្រភព: NST Online ៕