ដោយ វុត្ថា
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា និងក្រសួងគមនាគមន៍ សាធារណរដ្ឋឥណ្ឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើ “កិច្ចសហប្រតិបត្តិការក្នុងវិស័យគមនាគមន៍”។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងថា អនុស្សរណៈយោគយល់គ្នាដែលយើងបានចុះហត្ថលេខានៅថ្ងៃនេះ គឺជាការបោះជំហានថ្មីមួយទៀតលើកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងទាំងពីរលើវិស័យទូរគមនាគមន៍ បន្ថែមលើកិច្ចសហប្រតិបត្តិការដែលយើងមាននាពេលកន្លងមក ដើម្បីទាញនូវសក្តានុពលនៃការរីកចម្រើនឈានមុខគេមួយលើវិស័យនេះរបស់សាធារណរដ្ឋឥណ្ឌា សម្រាប់ការអភិវឌ្ឍវិស័យទូរគមនាគមន៍នៅព្រះរាជាណាចក្រកម្ពុជា។
លោក សុខ ពុទ្ធិវុធ បានវាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋឥណ្ឌានាពេលកន្លងមក លើការបណ្តុះបណ្តាលធនធានមនុស្ស មជ្ឈមណ្ឌលឧត្តមានុវត្តន៍ និងការសិក្សាលើ “ភូមិឌីជីថល”។
-->
រដ្ឋាភិបាលឥណ្ឌា បានសន្យាកាលពីការពិព័រណ៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឥណ្ឌា-អាស៊ាន (India-ASEAN ICT Expo) ដែលប្រព្រឹត្តិទៅពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមថា ខ្លួនបានត្រៀមក្នុងការបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់ CLMV និងអាស៊ាន ទាំងផ្នែកបច្ចេកទេស និងឥណទាន ដើម្បីជម្រុញការតភ្ជាប់ឌីជីថលនៅក្នុងតំបន់។
លោក Manoj Sinha រដ្ឋមន្ត្រីក្រសួងគមនាគមន៍ឥណ្ឌាធ្លាប់បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌាមានបំណងចង់ធ្វើជាដៃគូ ជាមួយអាស៊ានក្នុងការតភ្ជាប់ឌីជីថល រវាងអាស៊ាននិងឥណ្ឌា ដែលមានដូចជា ការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿននៅក្នុងបណ្តាប្រទេសអាស៊ាន ការអភិវឌ្ឍធនធានមនុស្ស និងការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿនរវាងបណ្តាប្រទេសអាស៊ានជាមួយនឹងប្រទេសឥណ្ឌា។

លោក Manoj Sinha បានបន្ថែមឲ្យដឹងថា ការតភ្ជាប់នេះមានសារៈសំខាន់ណាស់ សម្រាប់ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់អាស៊ាន និងឥណ្ឌា ហើយឥណ្ឌានឹងជួយដល់បណ្តាប្រទេសអាស៊ាន នូវការគាំទ្រផ្នែកបច្ចេកទេស និងឥណទានសម្រាប់ការអភិវឌ្ឍគម្រោងនៃការតភ្ជាប់នេះ៕