ដោយ រ៉ាណេត
ភ្នំពេញ៖ ដោយសារតែសន្ទុះនៃវិស័យអចលនទ្រព្យនៅកម្ពុជា មានភាពរីកចម្រើនមានមនុស្សកាន់តែច្រើនបង្កើតជាក្រុមហ៊ុនភ្នាក់ងារ ដើម្បីទទួលបានប្រាក់ចំណេញ ប៉ុន្តែនៅក្នុងចំណោមអ្នកទាំងនោះ ក៏មានជនមិនស្មោះត្រង់មួយចំនួន បានតាំងខ្លួនជាអ្នកវិនិយោគ ឬជាក្រុមហ៊ុនភ្នាក់ងារបម្រើសេវាប្រាស់ចាកពីច្បាប់ ដែលបានកំណត់ ឬគ្មានក្រមសីលធម៌ដែលធ្វើឲ្យមានបញ្ហាប្រឈមមួយចំនួននៅក្នុងវិស័យនេះ។
អ្នកជំនាញបានចាត់ទុកទង្វើទាំងនេះ ត្រូវបានអ្នកជំនាញចាត់ទុកថាជាទង្វើបោកប្រាស់ ដែលអាចបង្កផលប៉ះពាល់ជាច្រើនដល់វិស័យអចលនទ្រព្យ ក៏ដូចជាសង្គមជាតិផងដែរ។ បច្ចុប្បន្ននៅកម្ពុជាមានក្រុមហ៊ុនអចលនទ្រព្យស្របច្បាប់ ប្រមាណ២០០ ក្រុមហ៊ុនប៉ុណ្ណោះដែលបានចុះឈ្មោះក្នុងបញ្ជីត្រឹមត្រូវ។ ក្រៅពីនេះមានក្រុមហ៊ុនមួយចំនួន បាន និងកំពុងតែតាំងខ្លួនជាអ្នកជំនាញ ឬជាក្រុមហ៊ុនអភិវឌ្ឍក្លែងបន្លំដើម្បីតែផលប្រយោជន៍ត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ។
អ្នកជំនាញវិស័យអចលនទ្រព្យលំដាប់អន្តរជាតិ លោក វ៉ា វីរៈ នាយកប្រតិបត្តិក្រុមហ៊ុន Century21 Fortuna Investment បានមានប្រសាសន៍ប្រាប់តាមរយៈទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះថា វត្តមានរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍ និងភ្នាក់ងារក្លែងបន្លំ ដែលគេហៅថា ជាសកម្មភាពបោកប្រាស់ក្នុងវិស័យអចលនទ្រព្យវានឹងក្លាយជាជំងឺ ដែលអាចធ្វើឱ្យវិស័យអចលនទ្រព្យនៅកម្ពុជា បានរងផលប៉ះពាល់ដោយប្រយោល ហើយក៏បណ្តាលឱ្យប៉ះពាល់ដល់ផលប្រយោជន៍ សង្គមជាតិទាំងមូលផងដែរ បើមិនមានការទប់ស្កាត់។
លោកបន្តថា ការបោកប្រាស់ក្នុងវិស័យនេះមានដូចជា ទី១ ការដែលម្ចាស់អចលនទ្រព្យមិនឲ្យ Commission, ឬអោយមិនត្រឹមត្រូវតាមច្បាប់កំណត់ ទី២ ការបន្ថែមតម្លៃលើតម្លៃរបស់ម្ចាស់អចលនទ្រព្យ ទី៣ ខ្លះយកដីគេទៅលក់ ឬកក់ប្រាក់ខ្លះលើអចលនទ្រព្យណាមួយរបស់គេហើយយកៅលក់ ទី៤ ការនាំអ្នកទិញឬអ្នកជួលជួបម្ចាស់អចលនទ្រព្យហើយ ធ្វើជាមិនពេញចិត្តលើអចលនទ្រព្យណាមួយនោះ ប៉ុន្តែនៅពេលក្រោយមកភ្នាក់ងារអចលនទ្រព្យនោះ បាននាំអ្នកជួល ឬអ្នកទិញទៅជួបជាមួយម្ចាស់អចលនទ្រព្យនោះ(បោះសន្ទូចរំលងភ្នំ)។
លោកបន្តថា “នៅពេលដែលអំពើបោកប្រាស់ ក្នុងវិស័យអចលនទ្រព្យកាន់តែច្រើន ផលប៉ះពាល់ក៏កើតមានកាន់តែខ្លាំង ដែលក្នុងនោះអ្នកដែលទទួលរងភាពអវិជ្ជមាន និងការខាតបង់ រួមមានដូចជា ក្រុមហ៊ុនអចលនទ្រព្យស្របច្បាប់ ប្រជាពលរដ្ឋដែលជាអតិថិជនស្លូតត្រង់ ហើយសង្គមជាតិក៏ខាតបង់ដូចគ្នា”។ លោកបន្តថា “ភាគច្រើនក្រុមហ៊ុនទាំងនោះមិនបានគិតពីគោលការណ៍ច្បាប់ដែលបានចែងនោះទេ”។
ឧទាហរណ៍ ច្បាប់បានកំណត់កម្រៃជើងសារ ៣ % និងត្រូវបង់ពន្ធចូលរដ្ឋជូនរដ្ឋជាដើម ប៉ុន្តែក្រុមហ៊ុនទាំងនោះ អាចយកកម្រៃជើងសារត្រឹម១ ឬ២ % តែប៉ុណ្ណោះ អាស្រ័យពួកគាត់បានគេចវេសពីការបង់ពន្ធជូនរដ្ឋជាដើម ខណៈគាត់បានត្រឹមចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មតែប៉ុណ្ណោះ។ ដោយឡែកអ្នកដែលក្លាយជាជនរងគ្រោះ ធ្ងន់ធ្ងរជាងគេបំផុតនោះគឺអតិថិជនស្លូតត្រង់ ដែលទៅទទួលយកសេវាពីក្រុមហ៊ុនទាំងនោះ ហើយក៏អាចជម្រុញឱ្យអតិថិជនដែលរងគ្រោះអស់ជំនឿមកលើក្រុមហ៊ុនដែលត្រឹម និងស្របច្បាប់» ។
ជាមួយគ្នានេះ លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal (KFA) ក៏បានមានប្រសាសន៍ផងដែរថា ការដែលមានអំពើឆបោកនៅក្នុងវិស័យអចលនទ្រព្យ ច្បាស់ណាស់ថា ផលប៉ះពាល់ប្រាកដជាកើតមាន មិនថាចំពោះតែក្រុមហ៊ុនស្របច្បាប់ ដែលកំពុងក្របកបក្នុងវិស័យរួមគ្នានេះ មិនថាចំពោះតែអតិថិជន ឬសង្គមជាតិនោះទេ ប៉ុន្តែអ្នកដែលទទួលរងហានិភ័យខ្ពស់ជាងគេ គឺអតិថិជន។ ដូច្នេះ មុនពេលសម្រេចចិត្តប្រើសេវាកម្មពីក្រុមហ៊ុន ដែលភ្នាក់ងារណាមួយគម្បីត្រូវស្វែងយល់ពីប្រវត្តិក្រុមហ៊ុននោះឱ្យច្បាស់ថា តើជាក្រុមហ៊ុនស្របច្បាប់ដែរឬទេ មានឯកសារពាក់ព័ន្ធគ្រប់គ្រាន់ ឬអត់។
លោកបន្តថា “អតិថិជនត្រូវដឹងថា តើក្រុមហ៊ុនដែលយើងចង់ប្រើសេវានោះធ្លាប់មានបញ្ហាពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ដែរទេ។ ស្វែងយល់ជំណុចសំខាន់ទាំងអស់ខាងលើនេះហើយ ទើបធ្វើការសម្រេចចិត្តជៀសវាងក្លាយខ្លួន ជាជនរងគ្រោះក្រោមអំពើឆបោកនៅក្នុងវិស័យមួយនេះ”៕