អ្នកជំនាញ​និយាយ​ពី​ការ​បោកប្រាស់​​ក្នុង​​វិស័យ​​អចលនទ្រព្យ​

0

ដោយ​ ​រ៉ា​ណេត

​ភ្នំពេញ​៖​ ​ដោយសារតែ​សន្ទុះ​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ​មាន​ភាព​រីកចម្រើន​មាន​មនុស្ស​កាន់តែ​ច្រើន​បង្កើត​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​ ​ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​ ​ប៉ុន្តែ​នៅក្នុងចំណោម​អ្នក​ទាំងនោះ​ ​ក៏​មាន​ជន​មិន​ស្មោះត្រង់​មួយចំនួន​ ​បាន​តាំងខ្លួនជា​អ្នក​វិនិយោគ​ ​ឬ​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​បម្រើសេវា​ប្រាស់​ចាក​ពី​ច្បាប់​ ​ដែល​បាន​កំណត់​ ​ឬ​គ្មាន​ក្រមសីលធម៌​ដែល​ធ្វើឲ្យ​មាន​បញ្ហា​ប្រឈម​មួយចំនួន​នៅក្នុង​វិស័យ​នេះ​។​

​អ្នកជំនាញ​បាន​ចាត់ទុក​ទង្វើ​ទាំងនេះ​ ​ត្រូវ​បាន​អ្នកជំនាញ​ចាត់ទុកថា​ជា​ទង្វើ​បោក​​ប្រាស់​ ​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ជាច្រើន​ដល់​វិស័យ​អចលនទ្រព្យ​ ​ក៏ដូចជា​សង្គមជាតិ​ផង​ដែរ​។​ ​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ស្របច្បាប់​ ​ប្រមាណ​២០០​ ក្រុមហ៊ុន​ប៉ុណ្ណោះ​ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ត្រឹមត្រូវ​។​ ​ក្រៅពី​នេះ​មាន​ក្រុមហ៊ុន​មួយចំនួន​ ​បាន​ ​និង​កំពុងតែ​តាំង​ខ្លួន​​ជា​​អ្នកជំនាញ​ ​ឬ​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​ក្លែងបន្លំ​ដើម្បី​តែ​ផលប្រយោជន៍​ត្រឹម​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​។​ ​

​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ ​លោក​ ​វ៉ា​ ​វីរៈ​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Century21​ ​Fortuna​ ​Investment​ ​បាន​មានប្រសាសន៍​ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១៨​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​នេះ​ថា​ ​វត្តមាន​​របស់​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍ​ ​និង​ភ្នាក់ងារ​ក្លែងបន្លំ​ ​ដែលគេ​ហៅថា​ ​ជាសកម្ម​ភាព​បោកប្រាស់​ក្នុង​វិស័យ​អចលនទ្រព្យ​វា​នឹង​ក្លាយជា​ជំងឺ​ ​ដែល​អាច​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ​បាន​រង​ផល​ប៉ះពាល់​ដោយប្រយោល​ ​ហើយក៏​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ ​សង្គមជាតិ​ទាំងមូល​ផង​ដែរ​ ​បើ​មិន​មានការ​ទប់ស្កាត់​។​ ​

​លោក​បន្ត​ថា​ ​ការបោកប្រាស់​ក្នុង​វិស័យ​នេះ​មាន​ដូចជា​ ​ទី១​ ​ការដែល​ម្ចាស់​អចលនទ្រព្យ​មិន​ឲ្យ​ ​Commission​,​ ​ឬ​អោយ​មិន​ត្រឹមត្រូវ​តាមច្បាប់​កំណត់​ ​ទី២​ ​ការ​បន្ថែម​តម្លៃ​លើ​តម្លៃ​របស់​ម្ចាស់​អចលនទ្រព្យ​ ​ទី៣​ ​ខ្លះ​យក​ដី​គេ​ទៅ​លក់​ ​ឬ​កក់​ប្រាក់​ខ្លះ​លើ​អចលនទ្រព្យ​ណាមួយ​របស់​គេ​ហើយ​យកៅ​លក់​ ​ទី៤​ ​ការ​នាំ​អ្នកទិញ​ឬ​អ្នកជួល​ជួប​ម្ចាស់​អចលនទ្រព្យ​ហើយ​ ​ធ្វើជា​មិន​ពេញចិត្ត​លើ​អចលនទ្រព្យ​ណាមួយ​នោះ​ ​ប៉ុន្តែ​នៅពេល​ក្រោយមក​ភ្នាក់ងារ​អចលនទ្រព្យ​នោះ​ ​បាន​នាំ​អ្នកជួល​ ​ឬ​អ្នក​ទិញ​​ទៅ​ជួប​ជាមួយ​ម្ចាស់​អចលនទ្រព្យ​នោះ​(​បោះសន្ទូចរំលងភ្នំ​)​។​

​លោក​បន្ត​ថា​ ​“​នៅពេល​ដែល​អំពើ​បោកប្រាស់​ ​ក្នុង​វិស័យ​អចលនទ្រព្យ​កាន់តែ​ច្រើន​ ​ផល​ប៉ះពាល់​ក៏​កើតមាន​កាន់តែ​ខ្លាំង​ ​ដែល​ក្នុង​នោះ​អ្នក​ដែល​ទទួលរង​ភាព​អវិជ្ជមាន​ ​និង​ការខាតបង់​ ​រួមមាន​ដូចជា​ ​ក្រុមហ៊ុន​អចលនទ្រព្យ​ស្របច្បាប់​ ​ប្រជា​ពលរដ្ឋ​ដែល​ជា​អតិថិជន​ស្លូតត្រង់​ ​ហើយ​សង្គមជាតិ​ក៏​ខាតបង់​ដូចគ្នា​”​។​ ​លោក​បន្ត​ថា​ ​“​ភាគច្រើន​ក្រុមហ៊ុន​ទាំងនោះ​មិនបាន​គិត​ពី​គោលការណ៍​ច្បាប់​ដែល​បាន​ចែង​នោះ​ទេ​”​។​ ​

​ឧទាហរណ៍​ ​ច្បាប់​បាន​កំណត់​កម្រៃ​ជើង​សារ​ ​៣​ ​%​ ​និង​ត្រូវ​បង់ពន្ធ​ចូល​រដ្ឋ​ជូន​រដ្ឋ​ជាដើម​ ​ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ​ ​អាចយ​ក​កម្រៃ​ជើង​សារ​ត្រឹម១​ ​ឬ២​ ​%​ ​តែប៉ុណ្ណោះ​ ​អាស្រ័យ​ពួកគាត់​បាន​គេចវេស​ពី​ការ​បង់ពន្ធ​ជូន​រដ្ឋ​ជាដើម​ ​ខណៈ​គាត់​បាន​ត្រឹម​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​តែប៉ុណ្ណោះ​។​ ​ដោយឡែក​អ្នក​ដែល​ក្លាយជា​ជនរងគ្រោះ​ ​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​នោះ​គឺ​អតិថិជន​ស្លូតត្រង់​ ​ដែល​ទៅ​ទទួលយក​សេវា​ពី​ក្រុមហ៊ុន​ទាំងនោះ​ ​ហើយក៏​អាច​ជ​ម្រុ​ញ​ឱ្យ​អតិថិជន​ដែល​រងគ្រោះ​អស់ជំនឿ​មក​លើ​ក្រុមហ៊ុន​ដែល​ត្រឹម​ ​និង​ស្របច្បាប់​»​ ​។​ ​

​ជាមួយគ្នា​នេះ​ ​លោក​ឧកញ៉ា​ ​នួន​ ​រឹ​ទ្ធី​ ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Khmer​ ​Foundation​ ​Appraisal​ ​(​KFA​)​ ​ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា​ ​ការដែល​មានអំពើ​ឆបោក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​ច្បាស់​ណាស់​ថា​ ​ផល​ប៉ះពាល់​ប្រាកដជា​កើតមាន​ ​មិនថា​ចំពោះតែ​ក្រុមហ៊ុន​ស្របច្បាប់​ ​ដែល​កំពុង​ក្រប​កប​ក្នុង​វិស័យ​រួមគ្នា​នេះ​ ​មិនថា​ចំពោះតែ​អតិថិជន​ ​ឬ​សង្គមជាតិ​នោះ​ទេ​ ​ប៉ុន្តែ​អ្នក​ដែល​ទទួលរង​ហានិភ័យ​ខ្ពស់​ជាងគេ​ ​គឺ​អតិថិជន​។​ ​ដូច្នេះ​ ​មុន​ពេល​សម្រេចចិត្ត​ប្រើ​សេវាកម្ម​ពី​ក្រុមហ៊ុន​ ​ដែល​ភ្នាក់ងារ​ណាមួយ​គម្បី​ត្រូវ​ស្វែងយល់​ពី​ប្រវត្តិ​ក្រុមហ៊ុន​នោះ​ឱ្យ​ច្បាស់​ថា​ ​តើ​ជា​ក្រុមហ៊ុន​ស្របច្បាប់​ដែរ​ឬទេ​ ​មាន​ឯកសារ​ពាក់ព័ន្ធ​គ្រប់គ្រាន់​ ​ឬ​អត់​។​

​លោក​បន្ត​ថា​ ​“​អតិថិជន​ត្រូវ​ដឹង​ថា​ ​តើ​ក្រុមហ៊ុន​ដែល​យើង​ចង់​ប្រើ​សេវា​នោះ​ធ្លាប់​មាន​បញ្ហា​ពាក់ព័ន្ធ​ទៅ​នឹង​ផ្លូវច្បាប់​ដែរ​ទេ​។​ ​ស្វែងយល់​ជំ​ណុច​សំខាន់​ទាំងអស់​ខាងលើ​នេះ​ហើយ​ ​ទើប​ធ្វើការ​សម្រេចចិត្ត​ជៀសវាង​ក្លាយ​ខ្លួន​ ​ជា​ជនរងគ្រោះ​ក្រោម​អំពើ​ឆបោក​នៅក្នុង​វិស័យ​មួយ​នេះ​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here