ម៉ាឡេស៊ី​គ្រោងពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាមកំពង់ផែ​សំខាន់ៗ ដើម្បីទាក់ទាញនាវាទេសចរណ៍ធំៗ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេសុី លោក Anthony Loke Siew Fook អះអាងថា រដ្ឋាភិបាលគ្រោងអភិវឌ្ឍន៍ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៅតាមកំពង់ផែដែលមានស្រាប់ ដើម្បីធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយជាទីតាំងចូលចតរបស់នាវាទេសចរណ៍ធំៗ។

លោកបានបន្តថា ការកែលម្អជាច្រើនកំពុងត្រូវបានធ្វើឡើង រួមទាំងការបង្កើនសមត្ថភាពចំណតទេសចរណ៍របស់កំពង់ផែ Port Klang ដើម្បីផ្ទុកកប៉ាល់ទេសចរណ៍កាន់តែច្រើន និងបង្កើនសោភ័ណភាពរបស់តំបន់ជុំវិញចំណតរបស់កំពង់ផែ Swettenham Pier នៅទីក្រុង Penang។

លោក Loke បានឱ្យដឹងទៀតថា កំពង់ផែដែលមានស្រាប់នៅទីក្រុង Melaka និងកោះ Langkawi ជាដើមនឹងត្រូវបានធ្វើឱ្យប្រសើរឡើង ខណៈបច្ចុប្បន្ន កំពង់ផែទាំង២ ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធដើម្បីទទួលផ្ទុកនាវាទេសចរណ៍។

មន្ត្រីជាន់ខ្ពស់រូបនេះបញ្ជាក់ថា ម៉ាឡេស៊ីបានទទួលនាវាទេសចរណ៍ចំនួន១.០៥៥គ្រឿងក្នុងឆ្នាំ២០២៣ ដែលបាននាំលំហូរភ្ញៀវទេសចរណ៍ចំនួន១,៥លាននាក់។ ចំនួននៃការមកដល់របស់នាវាទេសចរណ៍កើនឡើងចំនួន៨៥% បើធៀបនឹងឆ្នាំ២០១៩។

លោក Loke បានលើកឡើងថា “កិច្ចខិតខំប្រឹងប្រែងដើម្បីស្រូបទាញកប៉ាល់ទេសចរណ៍កាន់តែច្រើន នឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ច ដោយហេតុថាបច្ចុប្បន្ន កប៉ាល់ទេសចរណ៍ភាគច្រើនបានចូលចតនៅម៉ាឡេសុីត្រឹមតែពីរបីម៉ោងប៉ុណ្ណោះ”។

លោកបានពន្យល់ថា “អត្ថប្រយោជន៍ដែលយើងអាចទទួលបានពីការបង្កើនសមត្ថភាពចំណតទេសចរណ៍ រួមមាន ការស្នាក់នៅរយៈពេលយូររបស់អ្នកដំណើរ ហើយការចំណាយរបស់ពួកគេក៏នឹងកើនឡើងផងដែរ”។

ដូច្នេះ លោក Loke បានជំរុញឱ្យរដ្ឋបាលនៅតាមរដ្ឋនីមួយៗ ដែលមានសក្តានុពលទាក់ទាញនាវាទេសចរណ៍ត្រូវចូលរួមផ្សព្វផ្សាយអំពីតំបន់របស់ពួកគេ។

លោកបន្ថែមថា “យើងបានគណៈកម្មាធិការបច្ចេកទេសមួយឡើងដើម្បីពន្លឿនកំណើនឧស្សាហកម្មកប៉ាល់ទេសចរណ៍នៅប្រទេសម៉ាឡេស៊ី ក្រោមការដឹកនាំដោយក្រសួងដឹកជញ្ជូន និងក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌”។

លោក​រដ្ឋមន្ដ្រីបាន​បញ្ជាក់ថា ​គណៈកម្មាធិកា​រ​បច្ចេកទេសមានតួនាទីជំរុញ និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវទេសចរណ៍នៅពេលចេញ-ចូលនាវា និងជួយសម្រួលឱ្យនាវា​ទេសចរណ៍​អាចឈប់​ចតបានយ៉ាង​លឿន និង​មាន​ប្រសិទ្ធិភាព៕ប្រភព: Bernama៕

LEAVE A REPLY

Please enter your comment!
Please enter your name here