ដោយ: គង់ លាងហួរ
ហុងកុង: ធនាគារឆ្លងដែនអន្តរជាតិឈានមុខ Standard Chartered គ្រោងបន្តទាញយកឱកាស ពីកំណើននៃប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែន នៅក្នុងតំបន់អាស៊ាន តំបន់មជ្ឈិមបូព៌ា និងតំបន់អាហ្រ្វិក។ នេះបើយោងតាមសារពត៌មាន South China Morning Post។
លោកស្រី Mary Huen នាយកប្រតិបត្តិប្រចាំទីក្រុងហុងកុងរបស់ធនាគារ Standard Chartered បានអះអាងថា “យើងរកឃើញថា អតិថិជន ឬអង្គភាពក្រុមហ៊ុនជាច្រើន ដែលទិញសេវាកម្មពីធនាគាររបស់យើង គ្រោងពង្រីកអាជីវកម្មនៅក្នុងបណ្តាប្រទេសអាស៊ាន រួមមានម៉ាឡេស៊ី វៀតណាម និងថៃ ខណៈក្រុមហ៊ុនមួយចំនួន ក៏កំពុងស្វែងរកឱកាសនៅក្នុងប្រទេសកម្ពុជា ឡាវ និងប្រទេសដទៃទៀតផងដែរ”។
-->
ជាក់ស្ដែង ធនាគារបានចុះអនុស្សារណៈ នៃការយោគយល់គ្នា(MOU) ជាមួយក្រុមហ៊ុនហុងកុង ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការបង្កើតរោងចក្រផលិតកម្ម ក្នុងប្រទេសវៀតណាម និងបានចុះ MoU មួយទៀតជាមួយក្រុមហ៊ុនវៀតណាមដែលគ្រោងពង្រីកអាជីវកម្ម នៅក្នុងតំបន់ Greater Bay Area របស់ប្រទេសចិន។
លោកស្រីអះអាងថា “ជាមួយគ្នានេះ យើងក៏បានរកឃើញថា បណ្តាក្រុមហ៊ុនអាស៊ានជាច្រើន គ្រោងខ្ចីប្រាក់ពីយើងដើម្បីយកទៅអភិវឌ្ឍន៍នៅក្នុងតំបន់ Greater Bay Area”។លោកស្រីបន្ថែមថា “ហុងកុងជាស្ពានតភ្ជាប់ដ៏ទំនើបរវាងចិន និងពិភពលោក ហើយហុងកុងនឹងក្លាយជាច្រកផ្លូវ ដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុនអន្តរជាតិ ក្នុងការឈានចូលទៅក្នុងទីផ្សារចិនដីគោក”។
លោកស្រីបានបន្ថែមថា ការកើនឡើងនៃទំហំពាណិជ្ជកម្មឆ្លងព្រំដែន និងការវិនិយោគរវាងតំបន់អាស៊ាន និងតំបន់ Greater Bay Area នឹងក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់ ក្នុងការជួយជំរុញឱ្យធនាគារ Standard Chartered រីកចម្រើន”។
ធនាគារដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងឡុងដ៍ រកប្រាក់ចំណេញបានភាគច្រើន ពីទីផ្សារដែលកំពុងរីកចម្រើន មានវត្តមាន នៅក្នុងទីផ្សារអាស៊ីចំនួន២១ រួមទាំងបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ផងដែរ៕ប្រភព: SCMP៕
