ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនថៃ ប៊ុនរ៉ងដែលគ្រោងសាងសង់អាគារពាណិជ្ជកម្មភ្លោះកម្ពស់៤៥ជាន់នៅក្រុងកំពត បានពន្យាពេលសាងសង់ ដោយសារការសិក្សាបទដ្ឋានបច្ចេកទេសមិនទាន់បានបញ្ចប់។
ការដ្ឋានសាងសង់អាគារភ្លោះកប់ពពករបស់ក្រុមហ៊ុនថៃប៊ុនរ៉ុងនៅក្រុងកំពតកំពុង
មន្រ្តីជាន់ខ្ពស់របស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុងបានមានប្រសាសន៍ក្នុងលក្ខខ័ណ្ឌមិនបញ្ចេ ញឈ្មោះថា ការសាងសង់អាគារពាណិជ្ជកម្មនេះ នឹងធ្វើឡើងនៅពេលខាងមុខ ប៉ុន្តែរហូតមកទល់ពេលនេះការសិក្សាទាក់ទងនឹងបទដ្ឋានបច្ចេកទេស មិនទាន់បញ្ចប់នៅឡើយទេ។ លោកបន្តថា វាជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេនៅខេត្តកំពត និងជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខេត្តនេះ ហេតុនេះការសាងសង់ត្រូវគិតគូពីបញ្ហាបរិស្ថាន បទដ្ឋានបច្ចេកទេសជាច្រើន ដែលត្រូវការរយៈពេលមួយ ដើម្បីបញ្ចប់។
-->
លោកបន្តថា “ការសាងសង់អាគារនេះ មិនត្រូវផ្អាកនោះទេ យើងនឹងនៅតែសាងសង់នាពេលខាងមុខនេះ”។
ជាមួយគ្នានេះ ក្រុមហ៊ុនមួយនៅខេត្តកំពតកំពុងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏ធំមួយនៅក្នុងខេត្តកំពត ដែលធ្វើឱ្យខេត្តនេះមានការរីកចម្រើនខ្លាំងនាពេលអនាគត។
អ្នកគ្រប់គ្រងគម្រោងរៀបចំអភិវឌ្ឍន៍តំបន់ឆ្នេរកម្សាន្ត ដែលគ្រោងវិនិយោគទឹកប្រាក់រហូតដល់២០០០លានដុល្លារអាមេរិក លោក គង់ សំណាងបានឱ្យដឹងកាលពីពេលថ្មីៗនេះថា តំបន់ឆ្នេរកម្សាន្តនេះ នឹងរៀបចំនៅឡើងលើផ្ទៃដីប្រមាណ២០០ហិកតា ក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។ លោកបន្តថា ជាគោលការណ៍ឆ្នេរមួយនេះ នឹងត្រូវធ្វើឱ្យចប់មុនថ្ងៃបុណ្យសមុទ្រមកដល់ បើទោះមិនទាន់រួចរាល់មួយរយភាគរយ ក៏ត្រូវតែធ្វើឱ្យមានឆ្នេរសម្រាប់ទេសចរកម្សាន្ត។
លោកបន្តថា“តាមគម្រោងតំបន់ឆ្នេរនេះ នឹងមានការសាងសង់អគារខ្ពស់ៗ សណ្ឋាគារផ្តាយប្រាំ កំពង់ផែ ផ្សារលក់ផលិតផលសមុទ្ររបស់អ្នកភូមិ ។ល។”។
ទោះជាយ៉ាងណាលោកគង់ សំណាងមិនបញ្ជាក់ឱ្យដឹងពីក្រុមហ៊ុនវិនិយោគគម្រោងនេះ និងគម្រោងទាំងមូលបញ្ចប់នៅពេលណានោះទេ។
កំពតជាខេត្តទេសចរណ៍ជាប់មាត់សមុទ្រ ក្នុងភាគនិរិតីនៃប្រទេសកម្ពុជាដ៏មានប្រជាប្រិយភាព ដោយសារតែអំណោយផលពីធម្មជាតិ។ ខេត្តនេះ មានតំបន់ទេសចរណ៍ ចំនួន១៧កន្លែងសំខាន់ៗ ដែលស្រូបយកភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជិតពីរលាននាក់ ក្នុងមួយឆ្នាំ២០១៨។ ប៉ុន្តែខេត្តជាប់សមុទ្រមួយនេះ នៅមិនទាន់មានឆ្នេខ្សាច់សម្រាប់ងូតទឹកកម្សាន្តនៅឡើយទេ ទើបតែដើមឆ្នាំ២០១៩នេះរដ្ឋបាលខេត្ត ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ បានចាប់ផ្តើមរៀបចំអភិវឌ្ឍតំបន់ឆ្នេរខ្សាច់ កម្សាន្តដ៏ស្រស់ស្អាតមួយ ដែលមានទាំងផ្សារទំនើប និងសណ្ឋាគារផ្កាយប្រាំផង។
អភិបាលខេត្តកំពតលោកជាវ តាយបានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្នលោកឃើញក្រុមហ៊ុនបានព័ទ្ឋរបងការដ្ឋានហើយ ប៉ុន្តែការសាងសង់នាពេលណាលោកមិនទាន់ដឹងនៅឡើយទេ។លោកបន្តថា វិស័យសំណង់ និងអចលនទ្រព្យកំពុងមានការរីកចម្រើនខ្លាំងនាពេលឆាប់ៗខាងមុខនេះ ដោយសារការកើនឡើងនូវក្រុមហ៊ុនបរទេសជាច្រើន រួមមានក្រុមហ៊ុនជប៉ុន កូរ៉េ និងក្រុមហ៊ុនចិនជាដើម៕