ទីក្រុងប៉ោយប៉ែតកំពុងរត់ប្រណាំងជាមួយក្រុងព្រះសីហនុលើវិស័យអចលនទ្រព្យ

0

ដោយ​ រ៉ាណេត

ភ្នំពេញ៖ ក្រុងប៉ោយប៉ែតនាពេលបច្ចុប្បន្ននេះ កំពុងតែបង្ហាញពីសក្ដានុពលរបស់ខ្លួន ខណៈដែលទីផ្សារវិស័យអចលនទ្រព្យ កំពុងតែផុលផុសយ៉ាងខ្លាំងមិនចាញ់ក្រុងព្រះសីហនុនោះឡើយ។


ចាប់តាំងពីឆ្នាំ២០១៧ ក្រុងប៉ោយប៉ែត ចាប់ផ្តើមមានសន្ទុះយ៉ាងខ្លាំងខាងផ្នែកវិស័យអចលនទ្រព្យ ដូចជា ការសាងសង់នូវសំណង់អាគារសណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ និងកន្លែងកម្សាន្ត ដើម្បីផ្គត់ផ្គង់តម្រូវការនូវកំណើនភ្ញៀវទេសចរជាតិ និងអន្តជាតិ ជាពិសេស លំហូរចូលនៃចំនួនអ្នកវិនិយោគជនជាតិចិនតែម្ដង។ បច្ចុប្បន្នអាគារខ្ពស់ៗនៅក្រុងប៉ោយប៉ែត បានកើនឡើងប្រមាណ៦០គម្រោង ខណៈដង់ស៊ីតេប្រជាពលរដ្ឋកើនឡើងយ៉ាងគំហុក។

លោក សួង សុខហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Four Star Plus Four និងក្រុមហ៊ុន Sg Top Trust បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២១មិនានេះថា បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យនៅក្រុងប៉ោយប៉ែត កំពុងតែមានសន្ទុះយ៉ាងខ្លាំង។ បច្ចុប្បន្នស្ទើរតែទូទាំងក្រុងតែម្ដង កំណើននៃសំណង់អាគារនានា ដែលក្នុងនោះរួមមានដូចជា សំណង់បុរី ផ្ទះល្វែង សណ្ឋាគារ ផ្ទះសំណាក់ មណ្ឌលកម្សាន្តនានាកំពុងតែមានសកម្មភាព និងរីករាលដាលយ៉ាងខ្លាំង ដើម្បីបំពេញទៅតាមតម្រូវការជាក់ស្ដែង។

លោកបន្តថា“ក្រុងប៉ោយប៉ែត មិនត្រឹមតែតំបន់សេដ្ឋកិច្ចពិសេស ដែលមានច្រកទ្វារអន្តរជាតិ កម្ពុជា ថៃ សម្រាប់នាំទំនិញចេញចូលរវាងប្រទេសទាំងពីរនោះទេ ប៉ុន្តែវានៅមានប្រភពសំខាន់ៗជាច្រើនទៀត ដែលធ្វើឱ្យវិស័យអចលនទ្រព្យមានសក្ដានុពល ដែលក្នុងនោះរួមមានដូចជា ផ្សារលុងគឿ តំបន់សួនឧស្សាហកម្ម កាស៊ីណូ អគារការិយាល័យ (Office Foreign Online)”។

លោក សួង សុខហ៊ាង បានបន្តថា ដោយសារតែតម្រូវការមានអត្រាខ្ពស់ដូចបានរៀបរាប់ខាងលើនេះ បានជំរុញឱ្យតម្លៃដីធ្លីនៅក្នុងក្រុងប៉ោយប៉ែតទាំងមូល មានការកើនឡើងលើសពីការរំពឹងទុក ដែលតំបន់ខ្លះមានតម្លៃស្ទើរ ស្មើនឹងតម្លៃដីនៅក្រុងព្រះសីហនុ ជាក់ស្ដែងដូចជានៅតំបន់ផ្លូវផ្កាយ៥ ដែលស្ថិតនៅក្បែរព្រុំដែន តម្លៃដីក្នុងមួយម៉ែត្រការ៉េឡើងដល់ប្រមាណ៤៥០០ ទៅ៥០០០ដុល្លារ។ ដោយឡែកដីដែលស្ថិតនៅឆ្ងាយពីតំបន់ព្រុំដែន ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត អាចមានតម្លៃប្រមាណ២៨០០ -៣៥០០ ក្នុងមួយម៉ែត្រការ៉េ។


លោក ស៊ា ឆៃលីន នាយកក្រុមហ៊ុន ឆៃលីន ស៊ា រៀលធី ខូអិលធីឌី បានទទួលស្គាល់នូវសន្ទុះនៃកំណើនតម្លៃដីធ្លីនៅក្នុងក្រុងប៉ោយប៉ែត ដោយលោកបានមានប្រសាសន៍ថា ប៉ោយប៉ែតជាតំបន់ដ៏សំខាន់មួយនៃវិស័យសេដ្ឋកិច្ចនៅកម្ពុជា ជាក់ស្ដែងដូចជា ក្នុងចំណោមច្រកព្រំដែនទាំងធំ ទាំងតូចប្រមាណជា៩០នោះ ច្រកប៉ោយប៉ែត គឺជាច្រកទ្វារសំខាន់ជាងគេបំផុតក្នុងការនាំចេញ នាំចូលទំនិញ ដែលជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ហើយក៏ជាច្រកទ្វារទេសចរណ៍ដ៏មានសក្ដានុពលផងដែរ។

លោកបន្តថា “កត្តាដែលជំរុញឱ្យតម្លៃដីធ្លីកាន់តែមានសន្ទុះខ្លាំងនោះ គឺវត្តមាននៃក្រុមហ៊ុនបរទេស ជាពិសេសក្រុមហ៊ុនចិន ដែលកំពុងមានការកើនឡើងខ្ពស់តែម្ដង»។ លោកថា “តម្លៃដីក្រុងប៉ោយប៉ែតនៅពេលបច្ចុប្បន្ននេះ នៅមិនទាន់ដល់កម្រិតកំពូលនៅឡើយនោះទេ ដែលវានឹងបន្តកើនឡើងទៀតនៅពេលអនាគត”។


ក្រុងប៉ោយប៉ែតត្រូវបានរដ្ឋាភិបាល ដាក់បញ្ចូលក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ សម្រាប់ជាតំបន់ឧស្សាហកម្មពិសេសមួយ ក្នុងចំ ណោមទីក្រុងចំនួនពីរទៀត គឺក្រុងបាវិត និងក្រុងព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here