ដំណឹង​រីករាយ​៖ កម្ពុជា​អាច​នាំចេញ​ទំនិញ​ចំនួន៤៦មុខ​ ដោយ​រួច​ពន្ឋ​ទៅកាន់​ប្រទេស​ជា​សមាជិក​ EAEU​

0

ដោយ​ គង់​ សូរិយា

ភ្នំពេញ​៖ មន្រ្តី​ជាន់ខ្ពស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​អះអាង​ថា​ កម្ពុជា​អាច​នាំចេញ​ទំនិញ​ចំនួន៤៦មុខ​ ទៅកាន់​ប្រទេស​ជាស​មា​ជិ​កសហភាព​សេដ្ឋកិច្ច​អឺរ៉ុប​ អាស៊ី​ចំនួន៥​ ដែល​មាន​ប្រជាជន​ចំនួន​ជាង១៨០លាន​នាក់​។

លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២១​ មិនា​នេះ​ថា​ តាមរយៈ​សិក្ខាសាលា​នា​ព្រឹក​ថ្ងៃនេះ​ យើង​បានដឹង​ថា​ប្រទេស​ចំនួន៥​ ដែល​ជាស​មា​ជិ​កស​ភាព​សេដ្ឋកិច្ច​អឺរ៉ុប​ អាស៊ី​ បាន​អនុញ្ញាត្ត​ឱ្យ​កម្ពុជា​នាំចេញ​ដោយ​រួច​ពន្ឋ​នូវ​មុខទំនិញ​ជាច្រើន​ប្រភេទ​ ដូចជា​ ផលិតផល​កសិកម្ម​ អង្ករ​ កៅស៊ូ​ សម្ភារៈ​ប្រើប្រាស់​ និង​ផលិតផល​វាយ​ណភ័​ណ្ឌ​កាត់ដេរ​ និង​ស្បែកជើង​ជាដើម​។

ប្រទេស​ទាំង៥នោះ​រួមមាន​ សហភាព​រុស្ស៊ី​ សាធារណៈ​រដ្ឋ​បេឡារូស​ សាធារណៈ​រដ្ឋ​កាហ្សាក់ស្ថាន​ សាធារណៈ​រដ្ឋ​មេ​នី​ និង​សាធារណៈ​រដ្ឋ​កៀហ្ស៊ី​ស៊ី​ស្ថាន​។

លោក​បន្ត​ថា​ “ការពិត​ប្រទេស​ទាំងនោះ​ ជាទី​ផ្សារ​កម្ពុជា​ធ្លាប់​នាំចេញ​រួចហើយ​ ប៉ុន្តែ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ស្ថិតនៅ​មាន​ក្នុង​កម្រិត​នៅឡើយ​ ហេតុនេះ​ទើប​យើង​ជំរុញ​ឱ្យ​វិស័យ​ឯកជន​ពង្រីក​ទីផ្សារ​ទៅកាន់​ប្រទេស​ទាំងនោះ​”។ លោក​បន្ត​ថា​ “ការពិត​ប្រទេស​ទាំងនោះ​បាន​អនុញ្ញាត្ត​ឱ្យ​យើង​នាំចេញ​ទំនិញ​រាប់​ម៉ឺន​មុខ​ ប៉ុន្តែ​ការនាំចេញ​ត្រូវ​បង់​ពន្ឋ​តាម​ការកំណត់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ តែ​ពន្ឋ​មានកម្រិត​ទាប​ប៉ុណ្ណោះ​”។

លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​បន្ត​ថា​ លក្ខខ័ណ្ឌ​នៃ​ការនាំចេញ​ទៅកាន់​ប្រទេស​ទាំង៥នោះ​ មាន​ភាព​ដូចគ្នានឹង​លក្ខខ័ណ្ឌ​នៃ​ EBA​ ដែល​នាំចេញ​ទៅ​អឺរ៉ុប​ផង​ដែរ​ មានន័យថា​នៅពេល​ប្រទេស​យើង​មាន​ប្រាក់ចំណូល​កាន់តែ​ខ្ពស់​ ការ​លើក​លែង​ពន្ឋ​ទាំងនោះ​នឹង​ត្រូវ​បញ្ចប់​ដោយ​ស្វ័យប្រវត្តិ​។ លោក​បន្ត​ថា​ ប្រសិនជា​កម្ពុជា​ត្រូវ​ដក​ EBA​ ក៏ដោយ​ ក៏​កម្ពុជា​នឹង​មាន​ឳកាស​នាំចេញ​ដោយ​រួច​ពន្ឋ​ទៅកាន់​អឺរ៉ុប​នា​ពេល​អនាគត​ផង​ដែរ​ ព្រោះ​បច្ចុប្បន្ន​អាស៊ាន​ និង​អឺរ៉ុប​កំ​ពុង​ចចាក្នុង​ការនាំចេញ​ ក្រោម​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​លើ​គ្រប់មុខ​ទំនិញ​លើកលែងតែ​អាវុធ​ (EBA​) ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here