ដោយ គង់ សូរិយា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជាបានអះអាងថា កម្ពុជាអាចនាំចេញទំនិញចំនួន៤៦មុខ ទៅកាន់ប្រទេសជាសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ុប អាស៊ីចំនួន៥ ដែលមានប្រជាជនចំនួនជាង១៨០លាននាក់។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២១ មិនានេះថា តាមរយៈសិក្ខាសាលានាព្រឹកថ្ងៃនេះ យើងបានដឹងថាប្រទេសចំនួន៥ ដែលជាសមាជិកសភាពសេដ្ឋកិច្ចអឺរ៉ុប អាស៊ី បានអនុញ្ញាត្តឱ្យកម្ពុជានាំចេញដោយរួចពន្ឋនូវមុខទំនិញជាច្រើនប្រភេទ ដូចជា ផលិតផលកសិកម្ម អង្ករ កៅស៊ូ សម្ភារៈប្រើប្រាស់ និងផលិតផលវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើងជាដើម។
-->
ប្រទេសទាំង៥នោះរួមមាន សហភាពរុស្ស៊ី សាធារណៈរដ្ឋបេឡារូស សាធារណៈរដ្ឋកាហ្សាក់ស្ថាន សាធារណៈរដ្ឋមេនី និងសាធារណៈរដ្ឋកៀហ្ស៊ីស៊ីស្ថាន។
លោកបន្តថា “ការពិតប្រទេសទាំងនោះ ជាទីផ្សារកម្ពុជាធ្លាប់នាំចេញរួចហើយ ប៉ុន្តែទំហំពាណិជ្ជកម្មកម្ពុជាស្ថិតនៅមានក្នុងកម្រិតនៅឡើយ ហេតុនេះទើបយើងជំរុញឱ្យវិស័យឯកជនពង្រីកទីផ្សារទៅកាន់ប្រទេសទាំងនោះ”។ លោកបន្តថា “ការពិតប្រទេសទាំងនោះបានអនុញ្ញាត្តឱ្យយើងនាំចេញទំនិញរាប់ម៉ឺនមុខ ប៉ុន្តែការនាំចេញត្រូវបង់ពន្ឋតាមការកំណត់របស់អង្គការពាណិជ្ជកម្មពិភពលោក តែពន្ឋមានកម្រិតទាបប៉ុណ្ណោះ”។
លោកឧកញ៉ា លឹម ហេង បានបន្តថា លក្ខខ័ណ្ឌនៃការនាំចេញទៅកាន់ប្រទេសទាំង៥នោះ មានភាពដូចគ្នានឹងលក្ខខ័ណ្ឌនៃ EBA ដែលនាំចេញទៅអឺរ៉ុបផងដែរ មានន័យថានៅពេលប្រទេសយើងមានប្រាក់ចំណូលកាន់តែខ្ពស់ ការលើកលែងពន្ឋទាំងនោះនឹងត្រូវបញ្ចប់ដោយស្វ័យប្រវត្តិ។ លោកបន្តថា ប្រសិនជាកម្ពុជាត្រូវដក EBA ក៏ដោយ ក៏កម្ពុជានឹងមានឳកាសនាំចេញដោយរួចពន្ឋទៅកាន់អឺរ៉ុបនាពេលអនាគតផងដែរ ព្រោះបច្ចុប្បន្នអាស៊ាន និងអឺរ៉ុបកំពុងចចាក្នុងការនាំចេញ ក្រោមប្រព័ន្ឋអនុគ្រោះពន្ឋលើគ្រប់មុខទំនិញលើកលែងតែអាវុធ (EBA) ផងដែរ៕