ដោយ វុត្ថា
ម៉ាលីន៖ ទីផ្សាលំនៅឋានប្រណីត នៅក្នុងទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីនបានរីកចម្រើនយ៉ាងលឿនបំផុត ក្នុងឆ្នាំ២០១៩ នេះ ដោយជាប់ក្នុងចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកក្នុងសន្ទស្សន៍តារាងរបស់ក្រុមហ៊ុន Knight Frank ។
យោងតាមរបាយការណ៍ក្រុមហ៊ុន Knight Frank បានបង្ហាញថា ជាមួយនឹងតម្លៃអចលនទ្រព្យកើនឡើង១១,១ភាគរយ នៅក្នុងឆ្នាំនេះរហូតមកដល់ខែធ្នូ មូលធនដ៏ច្រើនលើសលុបរបស់ប្រទេសហ្វីលីពីន បានបង្ហាញពីការប្រែប្រួលតម្លៃអចលនទ្រព្យនៅក្នុងទីផ្សារអចលនទ្រព្យលំនៅឋាន។
-->
លោកស្រី Kate Everett-Allen ប្រធានផ្នែកស្រាវជ្រាវលំនៅឋានអន្តរជាតិរបស់ក្រុមហ៊ុន Knight Frank បានសរសេរថា ការកង្វះខាតការផ្គត់ផ្គង់ និងសេដ្ឋកិច្ចរីកចម្រើននៅក្នុងប្រទេស បានជំរុញឱ្យជនបរទេសទៅទិញលំនៅដ្ឋាននៅក្នុងទីក្រុងម៉ានីល។
របាយការណ៍ដដែលបន្តថា ជាមួយគ្នានោះកំណើនផលិតផល ក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ហ្វីលីពីន បានកើនឡើងលើសពី៦ភាគរយនៅក្នុងឆ្នាំ២០១៨ ប្រជាពលរដ្ឋមានប្រាក់ចំណូលសមរម្យ បានធ្វើឲ្យតម្រូវការលំនៅដ្ឋានកើនឡើង។
ក្រុមហ៊ុន Knight Frank បានតាមដានលើការវិវឌ្ឍន៍លំនៅឋាន ក្នុងប្រទេសហ្វីលីពីន អស់រយៈពេល១២ឆ្នាំមកនេះគឺមានសភាពទ្រឹង ឬកើនឡើងតិចតួច គឺមានតែឆ្នាំ២០១៩ នេះបង្ហាញថា អត្រាកំណើននៃទីផ្សារលំនៅឋានប្រណិត នៅក្នុងទីក្រុងម៉ានីលបានកើតឡើងរហូតដល់១២ភាគរយ។
ទីក្រុង Edinburgh ស្ថិតក្នុងលំដាប់លេខ២ ដោយបានកើនឡើង១០,៦ភាគរយ។ ប្រទេសសិង្ហបុរី ដែលជាទីក្រុងនៅអាស៊ីតែមួយគត់ នៅក្នុងលំដាប់កំពូលទាំង១០បានមើលឃើញថា តម្លៃផ្ទះប្រណីតបានកើនឡើង៩,១% ខ្ពស់ជាងកំណើននៅទីក្រុងបូស្តុន (៨,៦%) ទីក្រុងម៉ាឌ្រីដ(៨,១%) និងសាន់ហ្វ្រាន់ស៊ីស្កូ(៧,៨%)៕