ដោយវុត្ថា
ចិន៖ ក្រុមហ៊ុនឡូជីស្ទីករបស់ចិនបានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគនៅកម្ពុជា ក៏ដូចជាការចូលរួម លើកស្ទួយវិស័យឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ការបង្ហាញចំណាប់អារម្មណ៍នេះ ធ្វើឡើង ស្របពេលដែល លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំគណប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ដើម្បី ផ្លាស់ប្តូរទស្សនវិស័យនិងបទពិសោធន៍ល្អៗ សំដៅពង្រឹងកិច្ច សហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងកម្ពុជា និង ចិននៅអំឡុងថ្ងៃទី២៣-២៤ ខែមីនាកន្លងមកនេះ។
-->
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងគណប្រតិភូ បានពិភាក្សានិង ផ្លាស់ប្តូរយោបល់ ជាមួយ លោក Fu Gangfeng ប្រធានក្រុមហ៊ុន China Merchants Group ដែលជាក្រុមហ៊ុនមេ និងលោក Lu Vincent អនុប្រធានក្រុមហ៊ុន China Merchant Port Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ លើទស្សនវិស័យ និងបទពិសោធន៍ ជំនាញល្អៗ នៅក្នុងការដឹកនាំ គ្រប់គ្រង និងដំណើរការកំពង់ផែដ៏ធំមួយនោះនៅក្រុង Shenzhen ព្រមទាំងបានពិភាក្សាផងដែរពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ រវាងកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែ China Merchants Port។
លោកទេសរដ្ឋមន្ត្រី បានយល់ព្រមជាមួយលោក Lu Vincent ក្នុងកិច្ចសហការរៀបចំផែនការមេ សម្រាប់ចក្ខុវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍវិស័យកំពង់ផែ និងឡូជីស្ទីកនៅកម្ពុជា ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអញ្ជើញ លោក Fu លោក Lu និងថ្នាក់ដឹកនាំក្រុមហ៊ុន ព្រមទាំងសហការីជំនាញទៅធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សានិងពិភាក្សាលម្អិត ពីគម្រោងវិនិយោគ និងកិច្ចសហប្រតិបត្តិការបន្ត រវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុន Merchants Port Group៕
[…] post ក្រុមហ៊ុនឡូជីស្ទីកយក្សរបស់ចិន បង្… appeared first on PROPERTY AREA […]