ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ វិស័យឯកជនផ្នែកទេសចរណ៍ បានលើកឡើងថា ការទទួលបានងារជាឯកអគ្គរដ្ឋទូតសុឆន្ទៈពិភពលោករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ពីក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបជាការលើកកំពស់មុខមាត់កម្ពុជា ក៏ដូចជាជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ ធ្នូ នេះថា ការតែងតាំងនេះ ពិតជាផ្តល់ផលចំណេញដល់វិស័យទេសចរណ៍ ព្រោះវាជាការផ្សព្វផ្សាយពីមុខមាត់កម្ពុជាទៅកាន់ពិភពលោក ក្នុងសញ្ញាវិជ្ជមាន ហើយទេសចរណ៍ពិភពលោកនឹងងាកមកចាប់អារម្មណ៍ចំពោះកម្ពុជា ដែលមានសុខសន្តិភាព និងសក្តានុពលទេសចរណ៍ពេញលេញ។ លោកស្រីបន្តថា វិស័យឯកជនសូមចូលរួមអបអរសាទរ ចំពោះការផ្តល់ការតែងតាំងនេះ ដែលវានឹងផ្តល់ផលចំណេញដល់កម្ពុជាច្រើន។
-->
លោកស្រីបន្តថា “សម្រាប់ភាពជាអ្នកដឹកនាំឆ្នើមរបស់សម្តេច និងអ្វីដែលទីក្រុងភ្នំពេញបាន និងកំពុងអភិវឌ្ឍន៍ពីមួយឆ្នាំទៅមួយឆ្នាំ ទីក្រុងភ្នំពេញក៏គួរទទួលបានជ័យលាភីនេះ ព្រោះទីក្រុងនេះបានទាក់ទាញអ្នកវិនិយោគធំៗមកវិនិយោគលើវិស័យទេសចរណ៍ជាបន្តបន្ទាប់”។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលងារជាឯកអគ្គរដ្ឋទូតសុឆន្ទៈពិភពលោកសម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និងជ័យលាភី ”រាជធានីភ្នំពេញ ជារាជធានី នៃវប្បធ៌ម និងទេសចរណ៍ពិភពលោក” ដែលផ្តល់ជូនដោយក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបនៅព្រឹកថ្ងៃទី៩ ធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។
ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជា លោក ធួន ស៊ីណាន បានថ្លែងឲ្យដឹងថា លោកសូមអបអរសាទរ ចំពោះការតែងតាំងប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន សម្រាប់ងារដ៏មានកិត្យានុភាពនេះ ហើយសង្ឃឹមថាកម្ពុជាបានផលពីពានរង្វាន់នេះ ពិសេសសំរាប់រាជធានីភ្នំពេញ ដែលក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបជ្រើសរើសជាជ័យលាភី “ជារាជធានីនៃវប្បធ៌ម និងទេសចរណ៍ពិភពលោក”។
លោកបន្តថា “ការតែងតាំងសម្តេចជាឯកអគ្គរដ្ឋទូតសុឆន្ទៈពិភពលោកសម្រាប់វិស័យទេសចរណ៍ និងការផ្តល់ជ័យលាភីដល់ទីក្រុងនេះ វាស័ក្តិសមនឹងតំលៃរបស់មេដឹកនាំ”។ លោកបន្តថា “ជ័យលាភីទីក្រុងភ្នំពេញ វាជាការប្រសើរ ប៉ុន្តែទីក្រុងភ្នំពេញគួរមានការកែលំងឬបន្ថែមទៀត ទាក់ទងនឹងផ្លូវថ្មើជើង ផ្លូវជិះកង់ បញ្ហាសំរាម ដែលនៅតែជាចំណោទនៅឡើយ”។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមជាតិទេសចរណ៍កម្ពុជាបានថ្លែងឲ្យដឹងផងដែរថា នេះពិតជាការលើកទឹកចិត្ត ដល់អភិបាលកិច្ចដឹកនាំរបស់សម្តេច និងរដ្ឋាភិបាល ព្រមទាំងវិស័យឯកជនទាំងមូល ហើយវាក៏ជាការចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងបានផ្តល់ផលប្រយោជន៍ជាច្រើនដល់អ្នកធ្វើការផ្ទាល់ និងប្រយោលនៅក្នុងវិស័យនេះ។
លោកបន្តថា បច្ចុប្បន្នភ្ញៀវទេសចរណ៍ចន្លោះពី ៤៥ ទៅ ៥៥ ភាគរយ ដែលបានមកទស្សនាកម្ពុជា បានមកកាន់រាជធានីភ្នំពេញ ប៉ុន្តែអាជ្ញាធររាជធានីគួរពង្រីកហេដ្ឋារចនាសម្ព័ន្ឋ ពង្រឹងសណ្តាប់ធ្នាប់ក្នុងទីក្រុងរបស់យើង ពិសេសបញ្ហាចរាចរណ៍។ លោកបន្តថា ទីក្រុងភ្នំពេញមិនចង្អៀតទេ តែបញ្ហាចរាចរណ៍ និងសណ្តាប់ធ្នាប់ពិតជានៅមានកម្រិត ដែលទាមទារឲ្យមានការកែលំអរ៕
