ដោយ: គង់ លាងហួរ
ប៉េកាំង: បណ្តាក្រុមហ៊ុនបរទេស កំពុងឈានដល់ចំណុចរបត់លើការវិនិយោគ នៅក្នុងប្រទេសចិន ខណៈឧបសគ្គក្នុងការឈានជើងចូលទីផ្សារ កំណើនសេដ្ឋកិច្ចទាប និងការប្រកួតប្រជែងសុទ្ធតែជាបញ្ហាចម្បង។ នេះបើយោងតាមសភាពាណិ ជ្ជកម្មសហភាពអឺរ៉ុបប្រចាំប្រទេសចិន។
បណ្តាក្រុមហ៊ុនអឺរ៉ុបត្អូញត្អែរថា ការបំពេញប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសចិន កាន់តែមានភាពតានតឹង ដោយ សារតែបណ្តាញទិន្នន័យមិនច្បាស់លាស់ សន្តិសុខអ៊ីនធឺណេត និងច្បាប់ប្រឆាំងចារកម្ម។ លើសពីនេះ ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន បានធ្វើឱ្យក្រុមហ៊ុនអឺរ៉ុប ទទួលបានប្រាក់ចំណេញទាប។
-->
លោក Jens Eskelund ប្រធានសភាពាណិជ្ជកម្ម EU ប្រចាំប្រទេសចិនបានលើកឡើងថា ក្រុមហ៊ុនអឺរ៉ុបកំពុងស្វែងរកទីផ្សារផ្សេងទៀត ដោយសារការប្រកបអាជីវកម្ម នៅប្រទេសចិនជួបប្រទះហានិភ័យខ្សែសង្វាក់ផ្គត់ផ្គង់ កំណើនប្រាក់ចំណេញទាប និងការបន្តដាក់រនាំងផ្សេងៗ។
ក្រុមមន្ត្រីទទួលបន្ទុក លើការបង្កើតគោលនយោបាយរបស់ប្រទេសចិន កំពុងព្យាយាមទប់ទល់ នឹងការថយចុះនៃសន្ទុះសេដ្ឋកិច្ច ខណៈការដាំក្បាលចុះ នៃទីផ្សារអចលនទ្រព្យបានជះផលប៉ះពាល់ ដល់តម្រូវការក្នុងស្រុក និងបង្កើតវិបត្តិបរិត្តផរណា។
ទីក្រុងប៉េកាំង បានកំណត់គោលដៅកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៥ភាគរយនៅឆ្នាំនេះ។ គោលដៅនេះ នៅតែជាកម្រិតមួយដ៏ខ្ពស់ សម្រាប់បណ្តាប្រទេសមានទំហំសេដ្ឋកិច្ចធំ ដូចជាចិន ខណៈបណ្តាធនាគាររដ្ឋចិន កំពុងផ្តល់ហិរញ្ញប្បទាន ដើម្បីគាំទ្រការវិនិយោគ នៅក្នុងវិស័យឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់។
ប៉ុន្តែក្រុមវិនិយោគិនបរទេសជាច្រើន បានបង្ហាញក្តីបារម្ភថា ពួកគេមិនទទួលបានអត្ថប្រយោជន៍ ពីកំណើនសេដ្ឋកិច្ចចិននោះទេ ខណៈអ្នកឆ្លើយតបចំនួន៤៤% នៃការស្ទង់មតិរបស់សភាពាណិជ្ជកម្មEU បានសម្តែងទុទិដ្ឋិនិយមអំពីប្រាក់ចំណេញរបស់ពួកគេ ក្នុងរយៈពេល២ឆ្នាំខាងមុខ៕ប្រភព: Financial Times៕
