ក្រុមហ៊ុន Thai Beverage គ្រោងបង្កើនទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៥ខាងមុខ

0

ដោយ: គង់ លាងហួរ
បាងកក: ក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈខ្នាតយក្ស Thai Beverage (ThaiBev) បានប្រកាសផែនការពង្រីកខ្លួនក្រោមទុនវិនិយោគ១៨ពាន់លានបាត ដោយផ្តោតលើភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុល ផលិតផលទឹកដោះគោ អាហារ និងប្រតិបត្តិការប្រកបដោយនិរន្តរភាព។

ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងបាងកក លោក Thapana Sirivadhanabhakdi ប្រធានប្រតិបត្តិក្រុមហ៊ុន Thai Beverage បានគូសបញ្ជាក់អំពីយុទ្ធសាស្រ្តរយៈពេល៦ឆ្នាំ ដោយដាក់ឈ្មោះថា “កំណើនប្រកបដោយនិរន្តរភាពដើម្បី Passion 2030”ដោយផ្តោតលើការផ្លាស់ប្តូរទៅកាន់ឌីជីថល។

លោក Prapakon Thongtheppairot ប្រធានក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈ Thai Beverage បានលើកឡើងថា ក្រុមហ៊ុនគ្រោងបោះទុន​ចំនួន៣ពាន់​លាន​បាត​ ដើម្បី​បង្កើត​រោងចក្រ​ផលិត​ស្រាបៀរ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​សមត្ថភាព​ផលិតស្រាបៀរនៅដំណាក់កាលដំបូង​ចំនួន៥០លាន​លីត្រ។

ចាប់ពីឆ្នាំ២០២៥ខាងមុខ ក្រុមហ៊ុន ThaiBev បានបង្ហើបឱ្យដឹងថា ខ្លួនគ្រោងនឹងជំរុញការវិនិយោគពី៧ពាន់លានបាតទៅ៨ពាន់លានបាត និងបន្តបង្កើនដល់ទំហំទឹកប្រាក់១៨ពាន់លានបាត។

លើសពីនេះ ក្រុមហ៊ុន ThaiBev ក៏គ្រោងនឹងបញ្ចេញផលិតផលសុខភាពម៉ាក “F&N Nutriwell” នៅឆ្នាំក្រោយ ព្រមទាំងដាក់លក់តែបៃតង Oishi និងម៉ាកទឹកដោះគោ Tea Pot នៅក្នុងប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះ ទីផ្សារស្រាបៀរថៃត្រូវបានគេរំពឹងថា នឹងស្ទុះងើបឡើងវិញដល់កម្រិតមុនផ្ទុះវិបត្តិជំងឺកូវីដ-១៩ចំនួន២ពាន់លានលីត្រនៅឆ្នាំ២០២៥ ដោយសារឧស្សាហកម្មទេសចរណ៍ថៃកំពុងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស។

លោក Kosit Suksingha ប្រធានប្រតិបត្តិផ្នែកភេសជ្ជៈគ្មានជាតិអាល់កុលនៃក្រុមហ៊ុន ThaiBev រំពឹងថា ក្រុមហ៊ុននឹងសម្រេចបានកំណើនប្រាក់ចំណេញខ្ពស់ប្រចាំឆ្នាំ បន្ទាប់ពីខ្លួនបានបណ្តាក់ទុនវិនិយោគនៅក្នុងកសិដ្ឋាន Agri Valley សម្រាប់ផលិតផលទឹកដោះគោនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសជិតខាង៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here