តើសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ានបូក៣មានស្ថានភាពវិវត្តន៍យ៉ាងណានៅឆ្នាំ២០២៤នេះ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣(Amro)បានទាញទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះសម្រាប់តំបន់អាស៊ានបូក៣ ពី៤,៤ភាគរយមកនៅសល់ត្រឹម៤,២ភាគរយ ដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសចិន និងវៀតណាម។

តំបន់អាស៊ានបូក៣ រួមមានបណ្តាប្រទេសជាសមាជិកអាស៊ានចំនួន១០ បូករួមជាមួយប្រទេសចំនួន៣ផ្សេងទៀតប្រទេសចិន និងទីក្រុងហុងកុង ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង។

ស្ថាប័នព្យាករណ៍ម៉ាក្រូសេដ្ឋកិច្ច ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានទាញទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៤ពី៥,៣ភាគរយមកនៅត្រឹម៥ភាគរយ និងទាញទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមពី៦,៣ភាគរយមកនៅត្រឹម៦,២ភាគរយ។

ដោយឡែក សេដ្ឋកិច្ចរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងមូល ឬអាស៊ាន ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងរង្វង់៤,៧ភាគរយនៅឆ្នាំ២០២៤ ខណៈកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងត្រូវបានព្យាករណ៍ថា នឹងកើនឡើងត្រឹមតែ៤,១ភាគរយជារួម។

របាយការណ៍បានបន្តថា “កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ានបូក៣ នឹងត្រូវបានជំរុញ ដោយការបន្តស្ទុះងើបឡើងវិញនៃពាណិជ្ជកម្មអន្តរជាតិ ភាពធន់នៃតម្រូវការក្នុងស្រុក និងការជំរុញវិស័យទេសចរណ៍តាមរយៈគោលនយោបាយលើកលែងទិដ្ឋាការនៅក្នុងបណ្តាប្រទេសមួយចំនួន”។

យ៉ាងណាមិញ របាយការណ៍របស់ស្ថាប័នខាងលើបានកត់សម្គាល់ថា ការទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ានបូក៣បណ្តាលមកពីលទ្ធផលនៃកំណើនសេដ្ឋកិច្ចចិននៅឆមាសទី១ ឆ្នាំនេះ ផ្តល់សញ្ញាថា ប្រទេសចិនកំពុងឆ្ពោះទៅសម្រេចបានគោលដៅកំណើន GDP ប្រចាំឆ្នាំត្រឹមតែ៥ភាគរយប៉ុណ្ណោះ។

របាយការណ៍បានបន្ថែមថា “កត្តាសំខាន់ៗ ដែលរួមចំណែកដល់ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចក្នុងតំបន់ រួមមាន បញ្ហាទីផ្សារការងាររបស់សហរដ្ឋអាមេរិក ការថយចុះនៃកំណើនសេដ្ឋកិច្ចចិននៅត្រីមាសទី២ ចលាចលនៃទីផ្សារហិរញ្ញវត្ថុសកលនៅខែសីហា និងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាខែវិច្ឆិកាខាងមុខ”៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here