ដោយ: គង់ លាងហួរ
ភ្នំពេញ: ធនាគារពិភពលោកនៅថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤ បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤មកនៅត្រឹម៥,៣ភាគរយ បើធៀបនឹងការព្យាករណ៍របស់ខ្លួនកាលពីខែមេសាចំនួន៥,៨ភាគរយ។
ធនាគារពិភពលោកអះអាងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចេញផលិតផលសម្លៀកបំពាក់ វិស័យទេសចរណ៍ វិស័យកសិកម្ម ក៏ដូចជាវិស័យសំណង់ និងអចលនទ្រព្យ។
នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ធនាគារពិភពលោកបានលើកឡើងថា កំណើននៃការនាំចេញទំនិញរបស់កម្ពុជាបង្ហាញភាពវិជ្ជមាននៅឆ្នាំនេះ ហើយចំនួននៃការមកដល់របស់ភ្ញៀវទេសចរណ៍អន្តរជាតិបានវិលត្រឡប់ទៅកាន់កម្រិតមុនផ្ទុះការរាតត្បាតនៃជំងឺកូវីដ-១៩។
-->
យ៉ាងណាមិញ សកម្មភាពនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅមានសភាពមិនអំណោយផល។ របាយការណ៍ខាងលើបានគូសបញ្ជាក់ថា “កម្ពុជាកំពុងជួបប្រទះការធ្លាក់ចុះយ៉ាងខ្លាំងនៃកំណើនឥណទាន និងការធ្លាក់ចុះគុណភាពទ្រព្យសកម្ម ដែលភាគច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យ”។
របាយការណ៍បានបន្ថែមថា ចំនួនប្រាក់កម្ចីមិនដំណើរការ ឬ Non-performing loans បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរង្វង់ ៥,៣ភាគរយក្នុងឆ្នាំ២០២៣ ដោយកើនឡើងពីកម្រិត១,៩ភាគរយនៅក្នុងឆ្នាំ២០២១។
ធនាគារពិភពលោកបានវាយតម្លៃថា “ការកើនឡើងនៃចំនួនប្រាក់កម្ចីមិនដំណើរការនៅកម្ពុជាបណ្តាលមកពីការលុបចោលវិធានការរឹតបន្តឹងជំងឺរាតត្បាតយ៉ាងយឺតសន្សឹមៗ អត្រាការប្រាក់មានកម្រិតខ្ពស់ កម្រិតបំណុលកើនឡើង និងការស្ទុះងើបឡើងវិញយឺតនៃសេដ្ឋកិច្ច។
លើសពីនេះ កំណើនឥណទានបានថយចុះមកនៅត្រឹម៣,៩ភាគរយក្នុងឆ្នាំ២០២៣ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល២ទសវត្សរ៍កន្លងមក ដោយសារការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យជះផលប៉ះពាល់ដល់វិស័យធនាគារ។
លោក Hoe Ee Khor ប្រធានសេដ្ឋវិទូនៃការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ បានលើកឡើងថា វិស័យសំណង់អាចជួបប្រទះនឹងការស្ទុះងើបឡើងវិញយឺត ខណៈកំណើនសេដ្ឋកិច្ចមិនទាន់កើនឡើងដល់កម្រិតមុនផ្ទុះជំងឺរាតត្បាត ដោយសារការបន្តធ្លាក់ចុះនៃវិស័យអចលនទ្រព្យ។
លោកបានបញ្ជាក់ប្រាប់សារពត៌មាន Xinhua នៅក្នុងសារអ៊ីមែលកាលពីពេលថ្មីៗនេះថា “ការជំរុញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជានឹងអាចជួយប៉ះប៉ូវផ្នែកខ្លះនៃបញ្ហាប្រឈមដ៏លំបាកនៅក្នុងវិស័យអចលនទ្រព្យ”៕ប្រភព: Xinhua៕
