ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការផ្តល់តម្រុយពីធនាគារកណ្តាលអាមេរិក ព្រមទាំងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅអាមេរិក(CPI) ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៣ភាគរយដល់២៦១៥,៩៨ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៣ភាគរយដល់២៦៣៤,៦០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៧នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦២១,៩៤ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៣៥,៤០ដុល្លារក្នុងមួយអោន។
-->
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៨៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនៅខែវិច្ឆិកាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០២,៥៥ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៥២%ដល់៣០,៧៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,០១%ដល់៩៦១,៩០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,៤%ដល់១.០២១ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៩នាទីព្រឹក៕
