ដោយ រ៉ាណេត
ភ្នំពេញ៖ ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យ (CREA) លោក ឃាង ពុទ្ឋី បានអំពាវនាវឱ្យវិស័យឯកជន និងសាធារណៈរួមគ្នាអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យអចលនទ្រព្យ ដោយសារធនធានមនុស្សក្នុងវិស័យនេះកំពុងជួបការខ្វះខាត។

ដោយ រ៉ាណេត
ភ្នំពេញ៖ ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យ (CREA) លោក ឃាង ពុទ្ឋី បានអំពាវនាវឱ្យវិស័យឯកជន និងសាធារណៈរួមគ្នាអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យអចលនទ្រព្យ ដោយសារធនធានមនុស្សក្នុងវិស័យនេះកំពុងជួបការខ្វះខាត។

លោក ឃាង ពុទ្ឋី ប្រធានសមាគមអ្នកជំនាញអ្នកចលនទ្រព្យកម្ពុជាបានមានប្រសាសន៍ឱ្យដឹងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញអចលនទ្រព្យ ដែលរៀបចំដោយវិទ្យាស្ថានបច្ចេកទេស Royal Chartered កាលពីចុងសប្តាហ៍មុនថា វិស័យអចលនទ្រព្យមានវិសាលភាពធំធេងណាស់ ដែលវាមិនមែនត្រឹមតែការទិញ លក់ ឬជួល នោះទេ តែវានៅមានច្រើនផ្នែក ច្រើនសណ្ឋានទៀតដែលស្ថិតនៅក្នុងវិស័យអចលនទ្រព្យ។ លោកបានបញ្ជាក់ទៀតថា ស្របពេលដែលកម្ពុជាមានការរីកចម្រើន និងអភិវឌ្ឍយ៉ាងខ្លាំងលើវិស័យអចលនទ្រព្យ យើងឃើញថាមានក្រុមហ៊ុនជាច្រើនបានកើតមានជាបន្តបន្ទាប់ ដែលធ្វើឱ្យខ្វះធនធានមនុស្សបម្រើការងារក្នុងវិស័យនេះ។
លោកបន្តថា “ខ្ញុំអំពាវនាវឱ្យមានការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យនេះ ឱ្យបានកាន់តែច្រើន ទាំងវិស័យឯកជន និងរដ្ឋ ពិសេសអ្នករកស៊ីក្នុងវិស័យនេះត្រូវពង្រឹងសមត្ថភាព ដើម្បីជំរុញការអភិវឌ្ឍក្នុងវិស័យនេះប្រកបដោយនិរន្តរភាព និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ”។

លោក ឃាង ពុទ្ឋី បានបន្តថា នៅក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យមួយចំនួន ខ្លះក៏ជោគជ័យ ខ្លះក៏នៅទ្រឹង ហើយខ្លះទៀតក៏បរាជ័យរហូតបិទទ្វារទៅវិញក៏មាន ដែលប ណ្តាលមកពីភាពខ្វះចំណេះដឹង និងជំនាញនៅក្នុងវិស័យនេះ។ ដោយឡែកសម្រាប់ដែលមានចំណេះដឹងលើផ្នែកនេះ ក៏មិនសូវជាសម្បូរច្រើនណាស់នោះដែរ ដែលភាគតិចណាស់ពួកគាត់ទៅស្វែងសិក្សាចំណេះដឹងទូទៅ និងជំនាញលើវិស័យមួយនេះនៅបរទេស ឬអ្នកខ្លះក៏ទទួលបានចំណេះដឹងបន្ត ពីបណ្តាញអ្នកវិនិយោគរួមគ្នាដែលជាជនជាតិបរទេស ហើយមករកស៊ីនៅកម្ពុជា។
លោក Daniel Tan ប្រធានក្រុមប្រឹក្សាកម្មវិធីសិក្សានៃវិទ្យាស្ថានបច្ចេកទេស Royal Chartered ដែលជាអ្នកមានបទពិសោធន៍ ក្នុងវិស័យអចលនទ្រព្យមិនតិចជាង ៤០ឆ្នាំមកហើយនោះបានមានប្រសាសន៍ថា វិស័យអចលនទ្រព្យ គឺត្រូវបានបែងចែកជាច្រើនផ្នែកផ្សេងៗពីគ្នា ដែលក្រៅពីការគ្រប់គ្រងលើការវិនិយោគគ្រប់គ្រងលើការសាងសង់ ការដំហែរទាំ គ្រប់គ្រងលើការធ្វើទីផ្សារ គ្រប់គ្រងលើប្រព័ន្ធហិរញ្ញវត្ថុជាដើមនោះ វានៅមានផ្នែកដទៃជាច្រើនទៀត ដែលសុទ្ធតែមានសារសំខាន់ទាំងអស់ ដែលចាំបាច់ត្រូវតែសិក្សាលម្អិត ឱ្យបានច្បាស់មុនពេលចូលខ្លួនមកប្រឡូក នៅក្នុងវិស័យអលចនទ្រព្យ។

លោកបន្តថា “ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ថ្វីតែកំពុងតែមានភាពរីកចម្រើនលើវិស័យអចលនទ្រព្យក៏ពិតមែន ប៉ុន្តែវាមានភាពខ្វះខាតខាងផ្នែកធនធានមនុស្សយ៉ាងខ្លាំង ដែលសូម្បីតែសាលាបណ្តុះបណ្តាលជំនាញលើវិស័យនេះ នៅមិនទាន់មាននៅឡើយ”។
លោក Dan Davies អ្នកជំនាញអចលនទ្រព្យអន្តរជាតិបានមានប្រសាសន៍ថា នៅវិស័យអចលនទ្រព្យមិនមែនតែផ្តោតលើការទិញ លក់ ជួលតែប៉ុណ្ណោះទេ តែវាមានការគ្រប់គ្រងអចលនទ្រព្យ ដែលវាជាផ្នែកយ៉ាងសំខាន់ក្នុងវិស័យនេះ។ លោកបន្តថា អ្នកធ្វើការនៅក្នុងវិស័យនេះ អាចទទួលបានប្រាក់ចំណូលច្រើន និងមានឳកាសបានដើរច្រើនបរទេសនៅជុំវិញពិភពលោក ប៉ុន្តែដើម្បីទទួលបានឳកាសទាំងនេះ ទាមទារឱ្យយើងមានចំនេះដឹងក្នុងវិស័យនេះឱ្យបានច្រើន។

លោកបន្តថា “នៅលើទីផ្សារអចលនទ្រព្យកម្ពុជា មិនមែនមានតែប៉ុន្មានក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនោះទេ ប៉ុន្តែវានឹងមានក្រុមហ៊ុនជាច្រើនទៀតដែលនឹងចូលមកកាន់ទីផ្សារកម្ពុជានាពេលអនាគត” ៕