ដោយ គង់ សូរិយា
ភ្នំពេញ៖ មនុស្សម្នាក់ៗមានភាពជោគជ័យ និងស្វែងរកវិធីសាស្រ្តដើម្បីជោគជ័យក្នុងជីវិតខុសៗគ្នា ប៉ុន្តែលោកសាស្រ្តាចារ្យទួស សាភឿនដែលបាននិងកំពុងវិនិយោគបុរីអង្គរលែនដ៏ម៉ាក នៅខេត្តសៀមរាបលើផ្ទៃដីរាប់រយហិកតា បានបង្ហាញពីវិធីសាស្រ្តកំណត់ភាពជោគជ័យដោយឡែករបស់ខ្លួនផងដែរ។
លោកសាស្រ្តាចារ្យបានសរសេរលើទំព័របណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីល្ងាចថ្ងៃទី២៥ មិនាកន្លងមកថា វិធីសាស្រ្តធ្វើឱ្យគម្រោងជោគជ័យមានច្រើន ដោយអ្នកខ្លះជោគជ័យដោយ ១.ប្រើទឹកលុយ ២.ប្រើអំណាច ៣.ប្រើទំនាក់ទំនង ៤.ប្រើគំនិត ៥.និងប្រើបទពិសោធន៏ជាក់ស្តែងមកអនុវត្ត (ធ្វើការឱ្យគេសិន)។
លោកបន្តថា “ចំពោះខ្ញុំ គ្រប់គម្រោងដែលជោគជ័យរបស់ខ្ញុំ គឺមានតែបីចំណុចទេ គឺ ប្រើគំនិត ប្រើទំនាក់ទំនង និងប្រើបទពិសោធន៏ជោគជ័យជាក់ស្តែង ដែលធ្លាប់ស៊ីឈ្នួល បម្រើការឱ្យគេ យកបទពិសោធន៏ចេះដឹងពោពេញទៅដោយទំនុកចិត្តខ្ពស់ (High Confident) ជាមួយការព្យាយាមតស៊ូ និងអត់ធ្មត់ ប្រកបដោយភាពស្មោះត្រង់ និងគុណធម៌ មកអនុវត្តលើគម្រោងខ្លួនឯង”។
លោកបន្តថា “កុំភ័យខ្លាច «ក្រ» ពេក ធ្វើឱ្យបានចំណុចទី៣ ទី៤ និងទី៥ ដើរឱ្យត្រូវវិធី «មាន» នឹងកើតឡើងឯង។ ក្មេងបច្ចុប្បន្នចង់មានឆាប់ដោយមិនចាំបាច់ប្រឹងមិនជាការល្អទេ រកបានឆាប់ចាយអស់ទៅវិញក៏លឿនដែរ។ កំរក្លាយជាអ្នកមានទ្រព្យក្នុងអាយុក្រោម៤០ណាស់ អ្នកមានក្រោមអាយុ៤០ ច្រើនតែមានដោយទ្រព្យ មានដោយកេរ្តិ៍ បើមានដោយប្រាជ្ញា មានដោយញើសឈាម គឺចាប់ពីអាយុខ្ទង់៤០ឡើងទៅវិញទេ មានខ្លាំងគឺអាយុខ្ទង់៥០ និងមានសល់លុយប្រាក់សេដ្ឋី គឺអាយុខ្ទង់៦០ឡើងទៅ”។
លោកសាស្រ្តាចារ្យ ទួស សាភឿន ដែលជាស្ថាបត្យករកម្រិតអាស៊ានផងដែរនោះបានមានប្រសាសន៍ថា សាកល្បងធ្វើតាមខ្ញុំទៅប្អូនស្ថាបត្យករ និងវិស្វករទាំងអស់គ្នា សន្សំគំនិត បង្កើតភាពអស្ចារ្យសម្រាប់ខ្លួនឯងក្នុងអាយុ៤០ឡើង៕






