នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប លោក Julien Nargeot បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងការចាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍នៅកម្ពុជា។ លោក Julien Nargeot បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន Gulfstream Aerospace Corporation គឺជាក្រុមហ៊ុនផ្ដល់សេវាហោះហើរឯកជនឈានមុខរបស់អាមេរិក ដោយផ្តោតលើការផ្តល់សេវាហោះហើរជាលក្ខណៈឯកជន សម្រាប់អ្នកដំណើរ និងធុរជន។ ក្រុមហ៊ុន Gulfstream Aerospace Corporation មានបំណងចូលរួមអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជា តាមរយ:ការរួមចំណែកក្នុងការពង្រឹង និងពង្រីកការតភ្ជាប់ និងទេសចរណ៍ជាមួយតំបន់ និងពិភពលោក។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ចំពោះទីផ្សារនៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ក៏ដូចជាសម្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ការធ្វើធុរកិច្ចក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា នឹងផ្តល់ឱកាសដល់ក្រុមហ៊ុន ព្រោះទីផ្សារកម្ពុជាត្រូវបានផ្សារភ្ជាប់ជាមួយតំបន់ និងពិភពលោក។ បន្ថែមលើនេះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ដើម្បីស្វែងយល់លម្អិតបន្ថែមអំពីសក្តានុពលនៃការវិនិយោគនៅក្នុងទីផ្សារអាកាសចរណ៍នៅកម្ពុជាផងដែរ៕
🌐 Hun Manet (https://www.facebook.com/profile.php?id=100069511484329)
🌐 Samdech Thipadei Hun Manet, Prime Minister (https://www.facebook.com/Dr.Hunmanetofcambodia)of Cambodia (https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐 Instagram (https://www.instagram.com/dr.hunmanetofcambodia)
🌐 X(Twitter) (https://twitter.com/dr_hunmanet_pm)
🌐 YouTube (https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 Tiktok (https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
#ហនម៉ាណែត #Hunmanet #កមពុជា #cambodia #សនតិភាពនៅកម្ពុជា #Peaceincambodia