ដោយ រ៉ាណេត
ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានអះអាងថា តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវវេងស្រេងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានកើនឡើងយ៉ាងគំហុក ដោយសារកំនើននៃការវិនិយោគគំរោងធំៗ ដែលធ្វើឱ្យអ្នកវិនិយោគពិបាកក្នុងការស្វែងរកទិញ។

-->
អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak property service, Co, Ltd លោកស្រី តាំង ហួរ បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៦ មិនាកន្លងមកថា បច្ចុប្បន្ននេះតម្លៃដីធ្លី ក៏ដូចជាអចលនទ្រព្យ ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង គឺកំពុងតែមានការឡើងថ្លៃយ៉ាងគំហុក បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ គឺមានអត្រាកំនើនប្រមាណ២០-៣០ ភាគរយ។
លោកស្រីបានបញ្ជាក់ថា “នៅទីតាំងខាងលើនេះ គឺមានសក្ដានុពលខ្លាំង ដោយសារតែវាជាតំបន់ពហុពាណិជ្ជកម្ម រាប់ចាប់តាំងពីអាជីវកម្មខ្នាតតូច រហូតដល់ឧស្សាហកម្ម និងពាណិជ្ជកម្មខ្នាតធំ ដូចជាបណ្តុំរោងចក្រជាច្រើន ជាផែស្ងួត ជាច្រកចេញចូលរវាងផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងរាជធានីភ្នំពេញ”។ លោកស្រីបន្តថា “ផ្លូវនេះមានមនុស្សឆ្លងកាត់ច្រើន ជាពិសេស ជាបណ្តុំនៃមនុស្ស ដែលភាគច្រើនជាកម្មកររោងចក្រមកបម្រើការងារនៅតំបន់នេះ”។
ដោយសារតែភាពមមាញឹក និងភាពកកកុញនៃចំនួនមនុស្ស បានធ្វើឱ្យអ្នកវិនិយោគប្រែក្លាយតំបន់នេះ ជាតំបន់ពាណិជ្ជកម្មយ៉ាងសកម្ម និងបានជំរុញឱ្យតម្លៃដីធ្លីនេះទីនេះមានការកើនឡើងយ៉ាងខ្លាំង រហូតរុញច្រានទៅកាន់តំបន់ក្បែរខាងផងដែរ។ ដីនៅជាប់ផ្លូវវេងស្រេងជាបណ្តុំអាជីវកម្មខ្នាតតូច និងមធ្យមជាច្រើន ហើយក៏មានឧស្សាហកម្ម រោងចក្រ ជាដើម។ បើនៅតាមផ្លូវតូចងាកចេញពីផ្លូវវេងស្រេង ជាបណ្តុំសំណង់លំនៅដ្ឋានកម្រិតមធ្យម ក៏ដូចជាបុរីផ្សេងៗ និងជាបណ្តុំផ្ទះជួលសម្រាប់កម្មករជាដើម ដែលទាំងអស់នេះហើយធ្វើឱ្យតំបន់ផ្លូវវេងស្រេងមានសក្ដានុពលខ្លាំង។ លោកស្រីតាំងហួរបញ្ជាក់ឱ្យដឹង។
លោកស្រីបន្តថា តម្លៃដីដែលស្ថិតនៅជាប់ផ្លូវវេងស្រេង រាប់ចាប់គិតពីតំបន់ផែស្ងួតសូងួន មកដល់តំបន់ក្បាលថ្នល់ស្ទឹងមានជ័យ ជាពិសេសនៅតំបន់កាណាឌីយ៉ា អាចមានតម្លៃក្នុងចន្លោះចាប់ពី ២០០០-២៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ជាតម្លៃដែលមានភាពខ្ពស់ជាង ទីតាំងស្ថិតនៅពីក្រោយព្រលានយន្តអន្តរជាតិ – ភ្នំពេញ ដែលមានតម្លៃត្រឹមប្រមាណជាង១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ។

ដោយឡែកចំពោះដី ដែលស្ថិតនៅតំបន់ងាកចេញពីផ្លូវវេងស្រេង ប្រមាណចាប់ពី ១០០០ម៉ែត្រឡើងទៅ ដែលឆ្ងាយពីតំបន់មានគម្រោងអភិវឌ្ឍលំនៅដ្ឋាន ក្នុងមួយម៉ែត្រការ៉េ អាចមានតម្លៃចន្លោះពី២០០ដល់៥០០ដុល្លារអាមេរិក។
យ៉ាងណាក៏ដោយ លោកស្រីបានបញ្ជាក់ថា ចំពោះតម្លៃដីខាងលើនេះ នៅមិនទាន់ឆ្អែត ឬដល់ចំណុចកំពូលនៅឡើយនោះទេ។ ដីធ្លីនៅតំបន់នេះនឹងមានកំណើនបន្តទៀតនៅថ្ងៃខាងមុខ ខណៈដែលតម្រូវការដីធ្លីសម្រាប់អភិវឌ្ឍន៍នៅតែមាន៕