ដោយៈ ម៉ាលីន
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកហេង ណន បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន ឡេង រដ្ឋា ផាមខាង ខនស្ត្រាក់សិន ឯ.ក ដើម្បីស្វែងយល់បន្ថែមពីឱកាសវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននៅកម្ពុជា។
ជំនួបពិភាក្សានេះធ្វើឡើង ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីឱកាស ដ៏មានសក្កានុពលក្នុងការសហការ និងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងភស្តុភាកម្មនៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនោះ គណៈប្រតិភូក្រុមហ៊ុន បានចែករំលែកពីការងារវិនិយោគ របស់ក្រុមហ៊ុនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជា និងបណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ាន និងបានស្នើសុំការគាំទ្រកិច្ចសហការ និងអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួង លើគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផងដែរ។
លោករដ្ឋលេខាធិការ បានលើកឡើងពីបច្ចុប្បន្នភាព នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងសំខាន់ៗមួយចំនួន ដែលក្រសួងបាននឹងកំពុងអនុវត្ត ជាពិសេសលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវទឹក ការងារដឹកជញ្ជូនលើផ្លូវដែក និងភស្តុភារកម្មកម្ពុជា ដែលបានកំណត់ក្នុងផែនការមេ គ្រប់ជ្រុងជ្រោយ សំដៅចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕