ដោយ វុត្ថា
ប្រទេសចិន៖ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុល បានស្នើក្រុមហ៊ុនផ្លូវដែកចិន (China Railway Construction Corporation – CRCC) ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា រៀបចំគម្រោងអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងលើវិស័យដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា។

-->
លោករដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅក្នុងជំនួបពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យផ្លូវដែកកម្ពុជា ជាមួយលោក Wang Wenzhong អនុប្រធានក្រុមហ៊ុនសាជីវកម្មសំណង់ផ្លូវដែកចិននៃក្រុមហ៊ុន CRCC នៅថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៩នេះ បានឱ្យដឹងដឹងថា ការធ្វើឱ្យប្រសើរឡើងនូវផ្លូវដែក គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសការសម្រួលដល់ការដឹកជញ្ជូនអ្នកដំណើរ និងការដឹកជញ្ជូនទំនិញសំខាន់ៗដូចជា៖ ស្រូវអង្ករ ប្រេងឥន្ធនៈ សម្ភារៈបរិក្ខារផ្សេងៗ សំដៅកាត់បន្ថយចំណាយឡូជីស្ទីក កាត់បន្ថយពេលវេលាដឹកជញ្ជូន គ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍ នៅតាមដងផ្លូវជាដើម។
ជាការឆ្លើយតប លោក Wang Vengzhong បានមានប្រសាសន៍ថា ក្រុមហ៊ុនលោក នឹងចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវដែកកម្ពុជា ឱ្យមានការរីកចម្រើន ដូចប្រទេសមួយចំនួនក្នុងតំបន់ ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ជាអាទិភាព។

ក្រុមហ៊ុនសាជីវកម្មសំណង់ផ្លូវដែកចិន (China Railway Construction Corporation – CRCC) មានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន ដែលក្រុមហ៊ុននេះជាសហគ្រាសសាធារណៈដ៏ធំមួយ ក្នុងចំណោមសហគ្រាសសាធារណៈជាង១០ធំៗ របស់សាធារណៈរដ្ឋប្រជាមានិតចិន៕