អ្នកជំនាញអន្តរជាតិៈ កម្ពុជាជាគោលដៅដ៏មានសក្តានុពលខ្ពស់សម្រាប់អ្នកវិនិយោគក្នុងស្រុក និងបរទេស

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: កម្ពុជា​កំពុង​លេច​មុខ​យ៉ាង​ឆាប់​រហ័ស​ ក្នុង​នាម​ជា​គោលដៅ​វិនិយោគ​កំពូល​មួយ នៅ​តំបន់អាស៊ាន។ កម្ពុជាមានភាពទាក់ទាញ សម្រាប់ទាំងក្រុមអ្នកវិនិយោគក្នុងស្រុក និងបរទេស ជាមួយនឹងច្បាប់កម្មសិទ្ធិ ការលើកទឹកចិត្តផ្នែកពន្ធ ស្ថិរភាពនយោបាយ និងមានទីតាំងពិសេសជាមជ្ឈមណ្ឌលក្នុងតំបន់។

ខាងក្រោមនេះជាចំណុចសំខាន់ៗ ដែលធ្វើឱ្យប្រទេសកម្ពុជាមានសក្តានុពលខ្ពស់ សម្រាប់អ្នកវិនិយោគ ដែលលើកឡើងដោយលោកបណ្ឌិត Alexander Evengroen នាយកប្រតិបត្តិក្រុមហ៊ុន ASEAN Realtor Inc.។

ទី១: ទីផ្សារអចលនទ្រព្យនៅកម្ពុជាកំពុងស្ថិតក្នុងទិសដៅកើនឡើងជាវិជ្ជមាន

វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ​បានស្គាល់នូវការ​រីក​ចម្រើ​ន​មិន​ធ្លាប់​មាន ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ការអះអាងបែបនេះ របស់លោកបណ្ឌិត Alexander Evengroen ធ្វើឡើង ខណៈលោកមានបទពិសោធន៍ផ្ទាល់ ​នៅក្នុងទីផ្សារអច​លនទ្រព្យជាច្រើនឆ្នាំមកហើយ។

អតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន UK Condo រូបនេះបានដឹកនាំការអភិវឌ្ឍន៍ និងការលក់ខុនដូ ចំនួនជាង៤.០០០យូនីតនៅក្នុងគម្រោងជាង១០។ ការណ៍នេះបង្ហាញពីសក្តានុពលដ៏ធំសម្បើម សម្រាប់ទាំងការអភិវឌ្ឍន៍ និងផលចំណេញត្រឡប់មកវិញលើការវិនិយោគ នៅក្នុងទីផ្សារអចលនទ្រព្យរបស់កម្ពុជា។

តម្រូវការលំនៅដ្ឋាន និងអចលនទ្រព្យពាណិជ្ជកម្ម ដែលមានគុណភាពខ្ពស់នៅតែបន្តកើនឡើង ស្របពេលមានការកើនឡើង នៃចំនួនប្រជាជនវណ្ណៈកណ្តាល ការធ្វើចំណាកស្រុកមករស់នៅទីក្រុង និងការហូរចូលនៃជនបរទេសជាបន្តបន្ទាប់។

ទី២: ច្បាប់ពន្ធ និងកម្មសិទ្ធិអចលនទ្រព្យ

ភាពបត់បែននៃគោលនយោបាយពន្ធ និងការសម្រួលច្បាប់កម្មសិទ្ធិអចលនទ្រព្យ សម្រាប់វិនិយោគិនបរទេស ជាកត្តាជំរុញបន្ថែមទៀតដល់សេដ្ឋកិច្ចកម្ពុជា។ ជនបរទេសអាចទទួលបានប្លង់រឹង លើការវិនិយោគអចលនទ្រព្យ និងធានានូវភាពជាម្ចាស់កម្មសិទ្ធិប្រកបដោយសុវត្ថិភាព។

លើសពីនេះ គោលនយោបាយពន្ធរបស់កម្ពុជា មានភាពអំណោយផល ចំពោះបណ្តាអ្នកវិនិយោគ ដែលធ្វើឱ្យវិនិយោ​គិនបុគ្គល និងសាជីវកម្ម មានឱកាសទទួលបានផលចំណេញជាច្រើន និងកាត់បន្ថយបំណុលពន្ធ។

ទី៣: ភាពរីកចម្រើននៃទីផ្សារក្នុងវិស័យកសិកម្មនៅកម្ពុជា និងសក្តានុពលនៃការនាំចេញ

កម្ពុជាជាប្រទេសមានដី​សម្បូរ​ជីជាតិ​ ដែលការណ៍នេះ ​ផ្តល់​ឱកាស​យ៉ាងច្រើន​ ដល់​អ្នក​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម។ វិស័យកសិកម្ម បានក្លាយជាកម្លាំងចូលរួមចំណែកយ៉ាងសំខាន់មួយ ដល់ផលទុនជាតិសរុប និងការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា។

កត្តាអាកាសធាតុ និងទីតាំងភូមិសាស្ត្ររបស់កម្ពុជាមានភាពសមស្របសម្រាប់ការនាំចេញ ដែលអនុញ្ញាតឱ្យវិនិយោ​គិនទាញយកតម្រូវការ ដែលកំពុងកើនឡើង នៅលើទីផ្សារអន្តរជាតិ។

ទី៤: និន្នាការឆ្ពោះទៅរកថាមពលកកើតឡើងវិញ

ស្របពេលដែលបណ្តាប្រទេសនានា នៅជុំវិញពិភពលោ​កកំពុងផ្លាស់ប្តូរ ឆ្ពោះទៅរកប្រភពថាមពលស្អាត កម្ពុជាបានសម្រេចជ្រើសរើស យកការផលិតថាមពលកកើតឡើងវិញ ជាផ្លូវឈានឆ្ពោះទៅរកភាពគ្រប់គ្រាន់ និងនិរន្តរភាព។

សមាគមថាមពលកកើតឡើងវិញកម្ពុជា (CARE) ដែលដឹកនាំដោយលោកបណ្ឌិត Alexander Evengroen បាននិងកំពុងស្វែងរកយ៉ាងសកម្ម នូវសក្តានុពលនៃការវិនិយោគលើថាមពលកកើតឡើងវិញ។

លោកបណ្ឌិតជឿជាក់ថា ទីផ្សារថាមពលកកើតឡើងវិញរបស់កម្ពុជា កំពុងត្រៀមខ្លួនឆ្ពោះទៅកាន់ភាពរីកចម្រើន ដូចជាថាមពលព្រះអាទិត្យ ខ្យល់ និងទំនប់វារីអគ្គិសនីជាដើម។

ទី៥: ទីតាំងជាយុទ្ធសាស្ត្ររបស់កម្ពុជា

ទីតាំងអំណោយផលរបស់កម្ពុជា ក្នុងនាមជាមជ្ឈមណ្ឌលមួយក្នុងតំបន់អាស៊ាន បានផ្តល់អត្ថប្រយោជន៍ដល់បណ្តាអ្នកវិនិយោគ។ ស្ថិរភាពនយោបាយក្នុងស្រុក បានជួយកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា និងធ្វើឱ្យអាជីវកម្មនានាអាចរីកចម្រើន ខណៈរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញគោលនយោ​បាយជាច្រើន ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ពីបរទេស និងភាពជាដៃគូអន្តរជាតិ។

ជាពិសេស កំណើនសេដ្ឋកិច្ចរបស់កម្ពុជា មានភាពរឹងមាំក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយបានគូសបញ្ជា​ក់អំពីស្ថិរភាព និងភាពធន់របស់ខ្លួន ទោះបីជាសេដ្ឋកិច្ចរបស់ពិភពលោកកំពុងប្រឈមមុខ នឹងភាពតានតឹងយ៉ាងណាក្តី។

កម្ពុជាស្ថិតនៅចំចំណុចកណ្តាល និងជាបេះដូងរបស់អាស៊ាន។ ការណ៍នេះបង្កជាភាពងាយស្រួល ក្នុងការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារធំៗ ដូចជា ប្រទេសចិន វៀតណាម និងប្រទេសថៃ ដែលធ្វើឱ្យកម្ពុជាក្លាយជាមូលដ្ឋានដ៏មានសក្តានុពល សម្រាប់បណ្តាក្រុមហ៊ុនផលិតកម្ម ដែលកំពុងស្វែងរកឱកាសពង្រីកខ្លួននៅក្នុងតំបន់។

ទី៦: កត្តាប្រជាសាស្ត្រ

ក្រៅពីភាពទាក់ទាញផ្នែកសេដ្ឋកិច្ច កម្ពុជាក៏ជាប្រទេស ដែលមានវប្បធម៌រស់រវើក និងប្រជាជនមានភាពធន់។ បណ្តាវិនិយោគិនបានវាយតម្លៃខ្ពស់ ចំពោះកម្លាំងពលកម្មនៅកម្ពុជា ដូចជាការខិតខំប្រឹងប្រែង ការសម្របខ្លួន និងការបើកចិត្តទូលា​យដើម្បីទទួលយកការបណ្តុះបណ្តាល។

កត្តាប្រជាសាស្ត្រជាកម្លាំងចលករ ស្ថិតនៅពីក្រោយភាពជោគជ័យ ខាងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រោះទាំងបណ្តាអ្នកធុរកិច្ចក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិទទួលបានអត្ថប្រយោជន៍ដូចគ្នាពីកម្លាំងពលកម្ម ដែលមានឆន្ទៈចូលរួមចំណែ​កដល់ការជំរុញ កំណើនសេដ្ឋកិច្ចក្នុងប្រទេសរបស់ខ្លួន។

ទី៧: ការចេះចាប់យកឱកាស

កម្ពុជាផ្តល់ឱកាសពិសេស សម្រាប់បណ្តាអ្នកវិនិយោគមកពីជុំវិញពិភពលោក ខណៈឧស្សាហកម្មជាច្រើននៅកម្ពុជាកំពុងរីកចម្រើន រាប់ចាប់ពីអចលនទ្រព្យ កសិកម្ម ដល់ថាមព​លកកើតឡើងវិញ និងវិស័យជាច្រើនទៀត។

លោកបណ្ឌិតលើកឡើងថា ការប្រមូលផ្តុំមនុស្សមានប្រា​ជ្ញាឆ្លាតវៃ និងមនុស្សមានផ្នត់គំនិតដូចគ្នា ដើម្បីជំរុញការសន្ទ​នាប្រកបដោយអត្ថន័យ ចែករំលែកការយល់ដឹង នឹងបង្កើតដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត សម្រាប់អនាគតរបស់កម្ពុជា។

លោកបន្ថែមថា “នេះជាពេលវេលា ដែលបណ្តាអ្នកវិនិយោគត្រូវចាប់យកឱកាស ដែលកម្ពុជាផ្តល់ជូន ដោយមិនត្រឹមតែចូលរួមចំណែក ដល់ភាពជោគជ័យរបស់បុគ្គលប៉ុណ្ណោះទេ។ ប៉ុន្តែការណ៍នេះ ថែមទាំងចូលរួមចំណែកដល់អនាគតដ៏រស់រវើក និងមានភាពធន់របស់ប្រទេសកម្ពុជាជារួម”៕ ប្រភព: Linkedin៕

LEAVE A REPLY

Please enter your comment!
Please enter your name here