ដោយ: គង់ លាងហួរ
ភ្នំពេញ: កម្ពុជាកំពុងលេចមុខយ៉ាងឆាប់រហ័ស ក្នុងនាមជាគោលដៅវិនិយោគកំពូលមួយ នៅតំបន់អាស៊ាន។ កម្ពុជាមានភាពទាក់ទាញ សម្រាប់ទាំងក្រុមអ្នកវិនិយោគក្នុងស្រុក និងបរទេស ជាមួយនឹងច្បាប់កម្មសិទ្ធិ ការលើកទឹកចិត្តផ្នែកពន្ធ ស្ថិរភាពនយោបាយ និងមានទីតាំងពិសេសជាមជ្ឈមណ្ឌលក្នុងតំបន់។
ខាងក្រោមនេះជាចំណុចសំខាន់ៗ ដែលធ្វើឱ្យប្រទេសកម្ពុជាមានសក្តានុពលខ្ពស់ សម្រាប់អ្នកវិនិយោគ ដែលលើកឡើងដោយលោកបណ្ឌិត Alexander Evengroen នាយកប្រតិបត្តិក្រុមហ៊ុន ASEAN Realtor Inc.។
-->
ទី១: ទីផ្សារអចលនទ្រព្យនៅកម្ពុជាកំពុងស្ថិតក្នុងទិសដៅកើនឡើងជាវិជ្ជមាន
វិស័យអចលនទ្រព្យនៅកម្ពុជា បានស្គាល់នូវការរីកចម្រើនមិនធ្លាប់មាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការអះអាងបែបនេះ របស់លោកបណ្ឌិត Alexander Evengroen ធ្វើឡើង ខណៈលោកមានបទពិសោធន៍ផ្ទាល់ នៅក្នុងទីផ្សារអចលនទ្រព្យជាច្រើនឆ្នាំមកហើយ។
អតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន UK Condo រូបនេះបានដឹកនាំការអភិវឌ្ឍន៍ និងការលក់ខុនដូ ចំនួនជាង៤.០០០យូនីតនៅក្នុងគម្រោងជាង១០។ ការណ៍នេះបង្ហាញពីសក្តានុពលដ៏ធំសម្បើម សម្រាប់ទាំងការអភិវឌ្ឍន៍ និងផលចំណេញត្រឡប់មកវិញលើការវិនិយោគ នៅក្នុងទីផ្សារអចលនទ្រព្យរបស់កម្ពុជា។
តម្រូវការលំនៅដ្ឋាន និងអចលនទ្រព្យពាណិជ្ជកម្ម ដែលមានគុណភាពខ្ពស់នៅតែបន្តកើនឡើង ស្របពេលមានការកើនឡើង នៃចំនួនប្រជាជនវណ្ណៈកណ្តាល ការធ្វើចំណាកស្រុកមករស់នៅទីក្រុង និងការហូរចូលនៃជនបរទេសជាបន្តបន្ទាប់។
ទី២: ច្បាប់ពន្ធ និងកម្មសិទ្ធិអចលនទ្រព្យ
ភាពបត់បែននៃគោលនយោបាយពន្ធ និងការសម្រួលច្បាប់កម្មសិទ្ធិអចលនទ្រព្យ សម្រាប់វិនិយោគិនបរទេស ជាកត្តាជំរុញបន្ថែមទៀតដល់សេដ្ឋកិច្ចកម្ពុជា។ ជនបរទេសអាចទទួលបានប្លង់រឹង លើការវិនិយោគអចលនទ្រព្យ និងធានានូវភាពជាម្ចាស់កម្មសិទ្ធិប្រកបដោយសុវត្ថិភាព។
លើសពីនេះ គោលនយោបាយពន្ធរបស់កម្ពុជា មានភាពអំណោយផល ចំពោះបណ្តាអ្នកវិនិយោគ ដែលធ្វើឱ្យវិនិយោគិនបុគ្គល និងសាជីវកម្ម មានឱកាសទទួលបានផលចំណេញជាច្រើន និងកាត់បន្ថយបំណុលពន្ធ។
ទី៣: ភាពរីកចម្រើននៃទីផ្សារក្នុងវិស័យកសិកម្មនៅកម្ពុជា និងសក្តានុពលនៃការនាំចេញ
កម្ពុជាជាប្រទេសមានដីសម្បូរជីជាតិ ដែលការណ៍នេះ ផ្តល់ឱកាសយ៉ាងច្រើន ដល់អ្នកវិនិយោគក្នុងវិស័យកសិកម្ម។ វិស័យកសិកម្ម បានក្លាយជាកម្លាំងចូលរួមចំណែកយ៉ាងសំខាន់មួយ ដល់ផលទុនជាតិសរុប និងការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា។
កត្តាអាកាសធាតុ និងទីតាំងភូមិសាស្ត្ររបស់កម្ពុជាមានភាពសមស្របសម្រាប់ការនាំចេញ ដែលអនុញ្ញាតឱ្យវិនិយោគិនទាញយកតម្រូវការ ដែលកំពុងកើនឡើង នៅលើទីផ្សារអន្តរជាតិ។
ទី៤: និន្នាការឆ្ពោះទៅរកថាមពលកកើតឡើងវិញ
ស្របពេលដែលបណ្តាប្រទេសនានា នៅជុំវិញពិភពលោកកំពុងផ្លាស់ប្តូរ ឆ្ពោះទៅរកប្រភពថាមពលស្អាត កម្ពុជាបានសម្រេចជ្រើសរើស យកការផលិតថាមពលកកើតឡើងវិញ ជាផ្លូវឈានឆ្ពោះទៅរកភាពគ្រប់គ្រាន់ និងនិរន្តរភាព។
សមាគមថាមពលកកើតឡើងវិញកម្ពុជា (CARE) ដែលដឹកនាំដោយលោកបណ្ឌិត Alexander Evengroen បាននិងកំពុងស្វែងរកយ៉ាងសកម្ម នូវសក្តានុពលនៃការវិនិយោគលើថាមពលកកើតឡើងវិញ។
លោកបណ្ឌិតជឿជាក់ថា ទីផ្សារថាមពលកកើតឡើងវិញរបស់កម្ពុជា កំពុងត្រៀមខ្លួនឆ្ពោះទៅកាន់ភាពរីកចម្រើន ដូចជាថាមពលព្រះអាទិត្យ ខ្យល់ និងទំនប់វារីអគ្គិសនីជាដើម។
ទី៥: ទីតាំងជាយុទ្ធសាស្ត្ររបស់កម្ពុជា
ទីតាំងអំណោយផលរបស់កម្ពុជា ក្នុងនាមជាមជ្ឈមណ្ឌលមួយក្នុងតំបន់អាស៊ាន បានផ្តល់អត្ថប្រយោជន៍ដល់បណ្តាអ្នកវិនិយោគ។ ស្ថិរភាពនយោបាយក្នុងស្រុក បានជួយកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា និងធ្វើឱ្យអាជីវកម្មនានាអាចរីកចម្រើន ខណៈរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ពីបរទេស និងភាពជាដៃគូអន្តរជាតិ។
ជាពិសេស កំណើនសេដ្ឋកិច្ចរបស់កម្ពុជា មានភាពរឹងមាំក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយបានគូសបញ្ជាក់អំពីស្ថិរភាព និងភាពធន់របស់ខ្លួន ទោះបីជាសេដ្ឋកិច្ចរបស់ពិភពលោកកំពុងប្រឈមមុខ នឹងភាពតានតឹងយ៉ាងណាក្តី។
កម្ពុជាស្ថិតនៅចំចំណុចកណ្តាល និងជាបេះដូងរបស់អាស៊ាន។ ការណ៍នេះបង្កជាភាពងាយស្រួល ក្នុងការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារធំៗ ដូចជា ប្រទេសចិន វៀតណាម និងប្រទេសថៃ ដែលធ្វើឱ្យកម្ពុជាក្លាយជាមូលដ្ឋានដ៏មានសក្តានុពល សម្រាប់បណ្តាក្រុមហ៊ុនផលិតកម្ម ដែលកំពុងស្វែងរកឱកាសពង្រីកខ្លួននៅក្នុងតំបន់។
ទី៦: កត្តាប្រជាសាស្ត្រ
ក្រៅពីភាពទាក់ទាញផ្នែកសេដ្ឋកិច្ច កម្ពុជាក៏ជាប្រទេស ដែលមានវប្បធម៌រស់រវើក និងប្រជាជនមានភាពធន់។ បណ្តាវិនិយោគិនបានវាយតម្លៃខ្ពស់ ចំពោះកម្លាំងពលកម្មនៅកម្ពុជា ដូចជាការខិតខំប្រឹងប្រែង ការសម្របខ្លួន និងការបើកចិត្តទូលាយដើម្បីទទួលយកការបណ្តុះបណ្តាល។
កត្តាប្រជាសាស្ត្រជាកម្លាំងចលករ ស្ថិតនៅពីក្រោយភាពជោគជ័យ ខាងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រោះទាំងបណ្តាអ្នកធុរកិច្ចក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិទទួលបានអត្ថប្រយោជន៍ដូចគ្នាពីកម្លាំងពលកម្ម ដែលមានឆន្ទៈចូលរួមចំណែកដល់ការជំរុញ កំណើនសេដ្ឋកិច្ចក្នុងប្រទេសរបស់ខ្លួន។
ទី៧: ការចេះចាប់យកឱកាស
កម្ពុជាផ្តល់ឱកាសពិសេស សម្រាប់បណ្តាអ្នកវិនិយោគមកពីជុំវិញពិភពលោក ខណៈឧស្សាហកម្មជាច្រើននៅកម្ពុជាកំពុងរីកចម្រើន រាប់ចាប់ពីអចលនទ្រព្យ កសិកម្ម ដល់ថាមពលកកើតឡើងវិញ និងវិស័យជាច្រើនទៀត។
លោកបណ្ឌិតលើកឡើងថា ការប្រមូលផ្តុំមនុស្សមានប្រាជ្ញាឆ្លាតវៃ និងមនុស្សមានផ្នត់គំនិតដូចគ្នា ដើម្បីជំរុញការសន្ទនាប្រកបដោយអត្ថន័យ ចែករំលែកការយល់ដឹង នឹងបង្កើតដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត សម្រាប់អនាគតរបស់កម្ពុជា។
លោកបន្ថែមថា “នេះជាពេលវេលា ដែលបណ្តាអ្នកវិនិយោគត្រូវចាប់យកឱកាស ដែលកម្ពុជាផ្តល់ជូន ដោយមិនត្រឹមតែចូលរួមចំណែក ដល់ភាពជោគជ័យរបស់បុគ្គលប៉ុណ្ណោះទេ។ ប៉ុន្តែការណ៍នេះ ថែមទាំងចូលរួមចំណែកដល់អនាគតដ៏រស់រវើក និងមានភាពធន់របស់ប្រទេសកម្ពុជាជារួម”៕ ប្រភព: Linkedin៕
