ដោយៈ គង់ សូរិយា
ភ្នំពេញៈ យោងតាមទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា ជាមួយប្រទេសដៃគូពាណិជ្ជកម្មទាំងអស់ មានទឹកប្រាក់សរុបជាង៤៥ ពាន់លានដុល្លារ កើនឡើងជិត២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។
យោងតាមតារាងស្ថិតិជញ្ជីងពាណិជ្ជកម្ម ទំនិញអន្តរជាតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយកកាលពីថ្ងៃទី១១ ខែវិច្ឆិកា បានបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ ការនាំចេញ-ចូលទំនិញរវាងកម្ពុជាជាមួយប្រទេសដៃគូពាណិជ្ជកម្ម ទាំងអស់មានទឹកប្រាក់សរុប ៤៥,0៦ ពាន់លានដុល្លារ កើនឡើង១៦,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានទឹកប្រាក់ត្រឹមចំនួន៣៨,៦៧ពាន់លានដុល្លារ។
-->
ក្នុងចំណោមទឹកប្រាក់ទាំងអស់ ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ចំនួន២១,៥៧ពាន់លានដុល្លារ កើនឡើង១៦ភាគរយ ពីចំនួន១៨,៥៩ពាន់លានដុល្លារ និងទំនិញនាំចូលពីទីផ្សារអន្តរជាតិ មានចំនួន ២៣,៤៩ពាន់លានដុល្លារ កើនឡើង១៦,៥ ភាគរយពីចំនួន ២០,០៧ ពាន់លានដុល្លារ។
ផ្អែកតាមស្ថិតិខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឱនភាពប្រមាណ១,៩១ពាន់លានដុល្លារ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ កម្ពុជាមានឱនភាពចំនួន១,៤៨ ពាន់លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ឲ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ នេះគឺបង្ហាញសញ្ញាវិជ្ជមានស្ទើគ្រប់វិស័យ ដោយរួមមាន កំណើនទឹកប្រាក់នាំចេញនាំចូលទំនិញ ទៅទីផ្សារអន្តរជាតិ ការបណ្តាក់ទុនថ្មី និងពង្រីកផលិតកម្មពីសំណាក់វិនិយោគិនក្នុងស្រុក និងក្រៅប្រទេស និងការបើកដំណើរការក្រុមហ៊ុន/អាជីវកម្ម ជាដើម។
លោកបញ្ជាក់ថា “ភាពវិជ្ជមានទាំងនេះ គឺកើតចេញពីកត្តាស្ថិរភាពនយោបាយ ទីតាំងភូមិសាស្រ្តអំណោយផល ច្បាប់វិនិយោគល្អប្រសើរ សម្បូរកម្លាំងពលកម្មជំនាញ និងមានតម្លៃសមរម្យ មានទីផ្សារនាំចេញច្រើន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CCFTA, CKFTA, RCEP ព្រមទាំងប្រព័ន្ធអនុគ្រោះពន្ធនាំចូលទៅកាន់ប្រទេសមួយចំនួន”។
លោកបានបន្ថែមថា សម្រាប់ចំនួនទឹកប្រាក់នាំចូលដែលច្រើនជាងទឹកប្រាក់នាំចេញនោះ គឺដោយសារតែទំនិញនាំចូលមួយចំនួន គឺជាផលិតផលវត្ថុធាតុដើម ឬពាក់កណ្តាលសម្រេចសម្រាប់យកទៅកែច្នៃបន្ត មុននឹងនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។
លោកបានថ្លែងថា ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជានឹងបន្តសញ្ញាវិជ្ជមានបន្ថែមទៀត នៅពេលសេដ្ឋកិច្ចពិភពលោកដំណើរការល្អពេញលេញ ខណៈចំនួនរោងចក្រថ្មីៗបានកើតឡើងជាបន្តបន្ទាប់នៅកម្ពុជា។ រោងចក្របង្កើតថ្មីទាំងអស់នោះ គឺមានស្ទើគ្រប់ផលិតផល ទាំងលក្ខណៈឧស្សាហកម្មធន់ស្រាល និងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ ខែតុលា បានឱ្យដឹងថា យោងលើការវាយតម្លៃ នៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៥ ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន៦,៣ ភាគរយ។ អត្រាកំណើន៦,៣ ភាគរយត្រូវបានរំពឹងថា នឹងគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា វិស័យឧស្សាហកម្ម នឹងមានកំណើន៨,៦ភាគរយ វិស័យសេវាកម្មនឹងមានកំណើន៥,៦ ភាគរយ និងវិស័យកសិកម្មនឹងកើនឡើង១,១ភាគរយ៕
