ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយប្រទេសដៃគូសម្រេចបានទឹកប្រាក់ជាង៤៥ពាន់លានដុល្លារក្នុងរយៈពេល១០ខែ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ យោងតាមទិន្នន័យបានបង្ហាញថា ក្នុង​រយៈ​ពេល១០ខែ ​ឆ្នាំ២០២៤នេះ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា ​ជា​មួយ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទាំង​អស់​ មាន​ទឹក​ប្រាក់​សរុបជាង៤៥ ពាន់​លាន​ដុល្លារ កើន​ឡើង​ជិត២០​ភាគរយ ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំមុន។

យោងតាមតារាង​ស្ថិតិ​ជញ្ជីង​ពាណិជ្ជកម្ម ​ទំនិញ​អន្តរជាតិ​របស់​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)​ ចេញ​ផ្សា​យ​កកាលពី​ថ្ងៃទី១១ ខែ​វិច្ឆិកា បាន​បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​២០២៤ ការ​នាំចេញ​-​ចូល​ទំនិញ​រវាង​កម្ពុជា​ជាមួយ​​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ ទាំង​អស់​មាន​ទឹក​ប្រាក់​សរុប ៤៥,0៦ ពាន់​លាន​ដុល្លារ កើន​ឡើង១៦,៥​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២៣ ដែល​មាន​ទឹកប្រាក់ត្រឹមចំនួន៣៨,៦៧​ពាន់​លាន​ដុល្លារ។ ​

​ក្នុងចំណោមទឹក​ប្រាក់ទាំងអស់ ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា មានទំហំទឹកប្រាក់​ចំនួន​២១,៥៧​ពាន់​លាន​ដុល្លារ កើន​ឡើង១៦ភាគរយ ​ពី​ចំនួន​១៨,៥៩​ពាន់​លាន​ដុល្លារ និង​ទំនិញ​នាំចូល​ពី​ទីផ្សារ​អន្តរជាតិ ​មាន​ចំនួន​ ២៣,៤៩​ពាន់​លាន​ដុល្លារ កើន​ឡើង១៦,៥ ​ភាគរយ​ពី​ចំនួន​ ២០,០៧ ពាន់​លាន​ដុល្លារ​។

ផ្អែក​តាម​ស្ថិតិ​ខាងលើ​ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា ​មាន​ឱនភាព​ប្រមាណ​១,៩១​ពាន់​លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ ២០២៣ កម្ពុជា​មាន​ឱនភាព​ចំនួន​១,៤៨​ ពាន់​លាន​ដុល្លារ។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា អ្នកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ឲ្យដឹងថា ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០២៤ នេះ​គឺ​បង្ហាញ​សញ្ញា​វិជ្ជមាន​ស្ទើ​គ្រប់​វិស័យ​ ដោយ​រួម​មាន​ កំណើន​ទឹក​ប្រាក់​នាំចេញ​នាំចូល​ទំនិញ ​ទៅ​​​ទីផ្សារ​អន្តរ​ជាតិ ការ​បណ្តាក់​ទុន​ថ្មី ​និង​ពង្រីក​ផលិតកម្ម​ពី​សំណាក់​វិនិយោ​គិន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស និង​ការ​បើក​ដំណើរ​ការ​ក្រុមហ៊ុន/​អាជីវកម្ម ជាដើម​។

លោកបញ្ជាក់ថា “ភាព​វិជ្ជមាន​ទាំង​នេះ គឺ​កើត​ចេញ​ពី​កត្តា​ស្ថិរភាព​នយោបាយ ទីតាំង​ភូមិសាស្រ្ត​អំណោយ​ផល ច្បាប់​វិនិយោគ​ល្អ​ប្រសើរ សម្បូរកម្លាំង​ពលកម្ម​ជំនាញ ​និង​មាន​តម្លៃ​សមរម្យ មាន​ទីផ្សារ​នាំ​ចេញ​ច្រើន ​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី CCFTA, CKFTA, RCEP ព្រម​ទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទៅ​កាន់​ប្រទេស​មួយ​ចំនួន”។

លោក​បាន​បន្ថែម​ថា សម្រាប់​ចំនួន​ទឹក​ប្រាក់នាំ​ចូល​ដែល​ច្រើន​ជាង​ទឹក​ប្រាក់​នាំ​ចេញ​​នោះ គឺ​ដោយ​សារ​តែ​ទំនិញ​នាំ​ចូល​មួយ​ចំនួន​ គឺ​ជា​ផលិតផល​វត្ថុធាតុ​ដើម ឬ​ពាក់​កណ្តាល​សម្រេច​សម្រាប់​យក​ទៅ​កែច្នៃ​បន្ត​ មុន​នឹង​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរ​ជាតិ។

លោក​បាន​ថ្លែង​ថា ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​នឹង​បន្ត​សញ្ញា​វិជ្ជមាន​បន្ថែម​ទៀត ​នៅ​ពេល​សេដ្ឋកិច្ច​ពិភពលោក​ដំណើរ​ការ​ល្អ​ពេញ​លេញ ខណៈ​ចំនួន​រោងចក្រ​ថ្មីៗបាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា។ រោងចក្របង្កើត​ថ្មី​​ទាំង​អស់​នោះ​ គឺ​មាន​​ស្ទើ​គ្រប់​ផលិត​ផល​ ទាំងលក្ខណៈ​ឧស្សាហកម្ម​ធន់ស្រាល និង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើប​ៗ។

យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី ​លទ្ធផល​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី កាល​ពី​ថ្ងៃទី​២៥ ខែ​តុលា បាន​ឱ្យ​ដឹង​ថា យោង​លើ​ការ​វាយ​តម្លៃ ​នៃ​ក្របខ័ណ្ឌ​ហិរញ្ញវត្ថុ​សាធារណៈ​រយៈពេល​មធ្យម​របស់​រាជ​រដ្ឋាភិបាល ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ ២០២៥ ត្រូវ​បាន​ព្យាករ​ថា ស្ថិត​ក្នុង​អត្រា​កំណើន៦,៣ ភាគរយ​។ អត្រា​កំណើន៦,៣​ ភាគរយ​ត្រូវ​បាន​រំពឹង​ថា នឹង​គាំទ្រ​ដោយ​វិស័យ​សេដ្ឋកិច្ច​សំខាន់ៗ ​ដូច​ជា វិស័យ​ឧស្សាហកម្ម នឹង​មាន​កំណើន៨,៦ភាគរយ វិស័យ​សេវាកម្ម​នឹង​មាន​កំណើន៥,៦ ភាគរយ និង​វិស័យ​កសិកម្មនឹង​កើន​ឡើង១,១ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here