មីយ៉ាន់ម៉ាសម្រេចលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋកម្ពុជា និងប្រទេសចំនួន៧ផ្សេងទៀត

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលយោធារបស់ប្រទេសមីយ៉ាន់ម៉ាបានសម្រេចលើកលែងតម្រូវការស្នើសុំទិដ្ឋាការសម្រាប់ពលរដ្ឋបរទេសមកពីបណ្តាប្រទេសសមាជិកអាស៊ានចំនួន៨ប្រទេស សំដៅជំរុញវិស័យទេសចរណ៍ និងលើកកម្ពស់វប្បធម៌របស់ខ្លួន។

បណ្តាប្រទេសទាំងនោះរួមមានទាំង ប្រទេសកម្ពុជា ប្រ៊ុយណេ សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងប្រទេសវៀតណាម។ការសម្រេចលើកលែងទិដ្ឋាការនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រដើម្បីទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន និងជំរុញសេដ្ឋកិច្ចក្នុងស្រុក។

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមានបំណងអនុញ្ញាត​ឱ្យ​អ្នក​ធ្វើ​ដំណើរ​មានឱកាសបានសិក្សាស្វែង​យល់​ពី​វប្បធម៌ ទីតាំង​ប្រវត្តិសាស្ត្រ និង​ទេសភាព​នៅ​មីយ៉ាន់ម៉ា​បាន​យ៉ាង​ងាយ​ស្រួល។ អ្នកទស្សនាត្រូវការតែលិខិតឆ្លងដែន ដែលមានសុពលភាពយ៉ាងតិចចំនួន៦ខែប៉ុណ្ណោះ។

តាមរយៈគម្រោងលើកលែងទិដ្ឋាការនេះ ពលរដ្ឋនៃប្រទេសសិង្ហបុរី និងប្រទេសវៀតណាមអាចចូលទៅទស្សនាប្រទេសមីយ៉ាន់ម៉ាចំនួន៣០ថ្ងៃ មិនថាក្នុងគោលបំណងទេសចរណ៍ ឬអាជីវកម្ម។ អ្នក​ដំណើរ​សិង្ហបុរី​អាច​ចូល​និង​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ាតាម​រយៈច្រក​ណា​មួយ​ក៏បានមិន​ថា​ ច្រកតាម​ផ្លូវ​គោក ផ្លូវ​អាកាស ឬ​ផ្លូវ​សមុទ្រ។

ចំណែក ភ្ញៀវទេសចរណ៍មកពីប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងថៃ អាចចូលទៅទស្សនាប្រទេសមីយ៉ាន់ម៉ាចំនួន១៤ថ្ងៃ ដោយពុំចាំបាច់ស្នើសុំទិដ្ឋាការ។ ប៉ុន្តែ ពួកគេត្រូវតែធ្វើដំណើរចូលមកកាន់មីយ៉ាន់ម៉ា តាមរយៈច្រកចូលដែលបានកំណត់ជាក់លាក់ រួមមានអាកាសយានដ្ឋានអន្តរជាតិក្រុង Yangon អាកាសយានដ្ឋានក្រុងណៃពិដោ ឬអាកាសយានដ្ឋានអន្តរជាតិក្រុង Mandalay។

ចំនួនភ្ញៀវទេសចរណ៍បរទេសចូលទៅកាន់ប្រទេសមីយ៉ាន់ម៉ាបានកើនឡើងប្រមាណ៧៨ភាគរយ កាលពីឆ្នាំ២០២២បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ជាពិសេសលំហូរនៃអ្នកដំណើរមកពីបណ្តាប្រទេសជិតខាង។

ប្រទេសចិនជាប្រភពភ្ញៀវទេសចរណ៍អន្តរជាតិធំបំផុតទី១របស់ប្រទេសមីយ៉ាន់ម៉ា ដែលមានជនជាតិចិនចំនួន៧៤៩.៧១៩នាក់ក្នុងឆ្នាំ២០១៩ តាមពីក្រោយដោយភ្ញៀវទេសចរណ៍ចំនួន២៧៣.១៥៧នាក់មកពីប្រទេសថៃ៕ប្រភព: Travel And Tour World៕

LEAVE A REPLY

Please enter your comment!
Please enter your name here