ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគំរោងវិនិយោគចំនួន៣៤៦គំរោង ជាមួយទុនវិនិយោគជាង៥០០០លានដុល្លារអាមេរិក។
ព័ត៌មានដ៏មានសារៈសំខាន់នេះ ត្រូវបានអះអាងដោយលោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញចូលរួមជាវាគ្មិនចែករំលែកព័ត៌មានស្តីពី វឌ្ឍនភាពនៃការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា និងខ្លឹមសារគន្លឹះពាក់ព័ន្ធនឹង “គោលនយោបាយ និងលិខិតុបករណ៍គតិយុត្តសំខាន់ៗសម្រាប់ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស” នៅក្នុងសិក្ខាសាលាស្តីពី បច្ចុប្បន្នភាពគោលនយោបាយសេដ្ឋកិច្ច សម្រាប់ថ្នាក់ដឹកនាំនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមន្រ្តីការទូតកម្ពុជាដែលកំពុងបំពេញបេសកកម្ម ការទូតទូទាំងពិភពលោកកាលពីថ្ងៃទី១២ វិច្ឆិកាកន្លងមកនេះ។
លោកបានបន្តថា ក្នុងចន្លោះខែមករា-តុលា ឆ្នាំ ២០២៣ ក.អ.ក. បានចុះបញ្ជីគម្រោងវិនិយោគ សរុបចំនួន២២៧គម្រោង ក្នុងទុនវិនិយោគ សរុបប្រមាណ៤ពាន់លានដុល្លារអាមេរិក បង្កើតបានឱកាសការងារ បានចំនួន២៦០,៤៧០កន្លែង ខណៈ រយៈពេល១០ខែ ឆ្នាំ២០២៤ កំណើនគម្រោងវិនិយោគ មានសន្ទុះរហូតដល់៣៤៦គម្រោង និងមានទុនវិនិយោគប្រមាណជាង៥ពាន់លានដុល្លារអាម៉េរិក ដែលបង្កើតបានឱកាសការងាររហូតដល់២៦៨,២៤២កន្លែង។
លោកបណ្ឌិត បានជម្រាបជូនទៅអង្គពិធី អំពីសារសំខាន់នៃការបញ្ជ្រាបព័ត៌មាន ជូនដល់វិនិយោគិនអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ភាពបើកចំហរនៃរបបវិនិយោគ ការធានានិងការការពារវិនិយោគ ព្រមទាំងរបបលើកទឹកចិត្តដ៏ទូលំទូលាយ ចំពោះវិស័យ និងសកម្មភាពវិនិយោគ ជាច្រើន ដោយមានកំណត់ច្បាស់នៅក្នុងច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ ដែលជាឯកសារគោល សម្រាប់ផ្តល់នូវភាពអាចប៉ាន់ប្រមាណបាន សម្រាប់ការសម្រេចចិត្តវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ក៏បានរំលេចផងដែរអំពីសក្តានុពល ទីផ្សាប្រទេសក្នុងតំបន់អាស៊ាន ទីផ្សាតំបន់អាសិប, ទីផ្សាប្រទេសកូរ៉េខាងត្បូង, ទីផ្សាប្រទេសចិន និង ទីផ្សាអេមីរ៉ាតអារ៉ាប់រួម ដែលវិនិយោគិនអាចនាំចេញ នូវផលិតផលដែលផលិតនៅកម្ពុជា ទៅកាន់ទីផ្សាទាំងនេះដោយអត្រាពន្ធសូន្យ ឬអត្រាពន្ធទាប ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ទន្ទឹមនឹងនេះ លោកបណ្ឌិតក៏បានឆ្លៀត ជម្រាបជូនទៅអង្គសិក្ខាសាលាផងដែរ អំពីស្ថានភាពការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយការធ្វើបទបង្ហាញការប្រៀបធៀបតួលេខជាក់ស្តែង នៃកំណើនការអនុម័តគម្រោងវិនិយោគ និងទុនវិនិយោគក្នុងអំឡុង១០ខែនៃឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់៕