ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ គម្រោងសាងសង់ស្ពានតភ្ជាប់រវាងតំបន់ក្តីតាកុយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ឆ្ពោះទៅតំបន់អរិយក្សត្រក្នុងស្រុកល្វាឯម ខេត្តកណ្តាលទំនងជាមានការផ្លាស់ប្តូរនាពេលខាងមុខ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក វ៉ាស៊ីម សូរិយា បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះ ដោយពាក្យប្រយ័ត្នប្រយែងថា ការសាងសង់ស្ពាននេះ អាចផ្លាស់ប្តូរទីតាំងឬយ៉ាងណា លោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ខណៈការសិក្សាពីគម្រោងសាងសង់ស្ពាននេះ មិនទាន់មានភាពច្បាស់លាស់នៅឡើយ។
-->
លោកបន្តថា “ខ្ញុំមិនអាចសន្និដ្ឋានពីរឿងនេះនៅឡើយទេថា ស្ពាននេះនឹងដូរទីតាំងឬយ៉ាងណានៅឡើយទេ”។
ក្នុងផែនការពង្រីក និងតភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ឱ្យបានពេញលេញ ការសាងសង់ស្ពាននៅចំណុចក្តីតាកុយ និងអរិយក្សត្រធ្លាប់ត្រូវបានលើកឡើងដោយរដ្ឋាភិបាល ប៉ុន្តែការរង់ចាំវត្តមានស្ពាននេះពីអ្នករស់នៅតំបន់អរិយក្សត្រ ហាក់មិនទាន់មានសង្ឃឹមនៅឡើយទេ។
ជាមួយនឹងផែនការផ្លាស់ប្តូរទីតាំងស្ពាននេះឬអត់ គេហទំព័រ Propertyarea.asia ធ្លាប់បានចុះផ្សាយពីគម្រោងសាងសង់ទីក្រុងមាស (Gold City) របស់ក្រុមហ៊ុន OCIC នៅតំបន់នេះ ដោយក្រុមហ៊ុននេះគ្រោងចាក់ដីចាប់ពីតំបន់កោះនរា ឆ្ពោះទៅកោះប្រាក់ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាលលើផ្ទៃដីជាង១០០ហិកតា។
រូបតំណាង
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា គម្រោងសាងសង់ទីក្រុងរណបថ្មីនៅតំបន់នេះ ពិតជាគម្រោងដែលបានរៀបចំដោយក្រុមហ៊ុនពិតប្រាកដមែន ប៉ុន្តែរហូតមកទល់ពេលនេះ យើងមិនអាចបញ្ជាក់បានថាពេលណាគម្រោងនេះ នឹងចាប់ផ្តើម ហើយបោះទុនប៉ុន្មានរយលានដុល្លារ យើងមិនទាន់ដឹងនៅឡើយទេ។
លោកបន្តថា “ខ្ញុំអាចបញ្ជាក់បានថាគម្រោងនេះ នឹងកើតឡើងនាពេលអនាគត ហើយពេលនេះក្រុមហ៊ុនកំពុងរៀបចំនិតិវិធីពាក់ព័ន្ឋ ដើម្បីឈានទៅដំណើរការគម្រោងនេះនាពេលខាងមុខ”៕