ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតមកដល់មកដល់ពេលនេះ សង្រ្គាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនជិតឈានចូលឆ្នាំទី៤ ដោយគ្មានតម្រុយពីការបញ្ចប់សង្រ្គាម ដែលបង្កនូវមហន្តរាយដ៏ធំធេងមិនចំពោះតែប្រទេសទាំងពីរផ្ទាល់ប៉ុណ្ណោះទេ តែក៏ចំពោះពិភពលោកទាំងមូលផងដែរ។
សង្រ្គាមនេះ បានបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយមនុស្សរាប់លាននាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង។
សង្គ្រាមក៏បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សេដ្ឋកិច្ចពិភពលោក ដែលបណ្តាលឱ្យតម្លៃថាមពល ស្បៀង ចំណីសត្វ កើនឡើង និងរំខានដល់ច្រវាក់ផ្គត់ផ្គង់ពិភពលោកជាខ្លាំង។
ជាប្រវត្តិសាស្ត្រ អ៊ុយក្រែនធ្លាប់ជាផ្នែកមួយ នៃសហភាពសូវៀត ដែលមានរុស្ស៊ីជាក្បាលម៉ាស៊ីន។ ហេតុនេះ រុស្ស៊ីនៅតែចាត់ទុកអ៊ុយក្រែន ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
បើទោះបីជារុស្ស៊ី ព្យាយាមរក្សាអ៊ុយក្រែន ឱ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួនយ៉ាងណាក្តី ប៉ុន្តែអ៊ុយក្រែនបែរជាបាននិងកំពុងឆ្ពោះទៅរកទំនាក់ទំនង កាន់តែជិតស្និទ្ធជាមួយប្រទេសលោកខាងលិចដូចជា ការសុំចូលជាសមាជិកសហភាពអឺរ៉ុប ជាពិសេសការសុំចូលបក្សសម្ព័ន្ធអង្គការយោធាណាតូ ដែលជាប្រភពនៃភាពតានតឹងរវាងអ៊ុយក្រែនជាមួយរុស្ស៊ី។
ភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន បានផ្ទុះឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយក៏បានឈានដល់កម្រិតកំពូលនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នៅពេលរុស្ស៊ីបើកប្រតិបត្តិការចូលឈ្លានពានអ៊ុយក្រែន។
ម៉្យាងទៀត រុស្ស៊ីនៅតែរក្សាជំហរដដែល ក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន ដែលជាសញ្ញាបង្ហាញឱ្យឃើញថា សង្រ្គាមនេះនឹងអូសបន្លាយយូរបន្តទៅទៀត ខណៈរុស្ស៊ីតែងអះអាងថា នេះជាការការពារខ្លួនពីការគំរាមកំហែងរបស់បស្ចិមប្រទេស ជាពិសេស ការពង្រីកខ្លួនរបស់អង្គការសម្ព័ន្ធយោធាណាតូ មកកាន់តំបន់អឺរ៉ុបខាងកើត ។
តើសង្គ្រាមនេះ អាចវិវត្តន៍ទៅជាសង្គ្រាមលោកលើកទី៣ ដែរឬទេ? ខាងក្រោមនេះជាអត្ថបទវិភាគ របស់ទីភ្នាក់សារពត៌មានអាមេរិក Newsweek។
ថ្មីៗនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានកើនឡើងកំដៅកាន់តែខ្លាំង ក្រោយពីប្រទេសកូរ៉េខាងជើង បានបញ្ជូនកងទ័ពរបស់ខ្លួនដើម្បីជួយរុស្ស៊ី ក្នុងការប្រយទ្ធលើសមរភូមិអ៊ុយក្រែន។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធបានបើកភ្លើងខៀវឱ្យអ៊ុយក្រែន អាចប្រើប្រាស់មីស៊ីល រយៈចម្ងាយឆ្ងាយរបស់លោកខាងលិច ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី។
ការសម្រេចចិត្តអនុម័តឱ្យអ៊ុយក្រែន ប្រើប្រាស់មីស៊ីល ATACMS របស់អាមេរិក ដើម្បីវាយប្រហារគោលដៅក្នុងទឹកដីរុស្ស៊ី បានកើតមានឡើងបន្ទាប់ពី ទីក្រុងម៉ូស្គូបានដាក់ពង្រាយទាហានឈរជើងទាហានជិត៥០.០០០នាក់ នៅក្នុងតំបន់ Kursk។
បន្ថែមពីលើភាពតានតឹងនេះ ទាហានកូរ៉េខាងជើងរាប់ពាន់នាក់ ត្រូវបានគេរាយការណ៍ថា បានចូលរួមប្រយុទ្ធដើម្បីជួយកងកម្លាំងរុស្ស៊ី នៅតំបន់Kursk ដែលធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភជាខ្លាំង។
លោក Michael C. Desch សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Notre Dame បានលើកឡើងថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ចូបៃដិន ក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិក ដែលមានសមត្ថភាពវាយប្រហារគោលដៅជ្រៅ នៅក្នុងប្រទេសរុស្ស៊ីពិតជាមានគ្រោះថ្នាក់ និងគ្មានន័យអ្វីទាំងអស់។
អ្នកវិភាគរូបនេះ បានមានប្រសាសន៍ឱ្យដឹងបន្តថា “វាមានគ្រោះថ្នាក់ណាស់ ពីព្រោះខ្ញុំជឿថា ដើម្បីប្រើប្រាស់ប្រព័ន្ធវាយប្រហារចូលជ្រៅទៅកាន់ទឹកដីរុស្ស៊ី ដូចជា មីស៊ីល ATACMS ប្រហែលជាត្រូវការ ការចូលរួមដោយផ្ទាល់ ពីសហរដ្ឋអាមេរិក ជាពិសេសការកំណត់គោលដៅ”។
យ៉ាងណាមិញ លោកមិនប្រាកដថា សកម្មភាពនេះនឹងនាំទៅដល់សង្គ្រាមលោកលើកទី៣នោះទេ។ ប៉ុន្តែលោកអះអាងថា វានឹងធ្វើឱ្យសង្រ្គាមដ៏បង្ហូរឈាមនេះ មានសភាពកាន់តែធ្ងន់ធ្ងរឡើងថែមទៀត។
លោក Robert Romanchuk អ្នកជំនាញនៅវិទ្យាស្ថានស្រាវជ្រាវអ៊ុយក្រែន នៃសាកលវិទ្យាល័យ Harvard អះអាងថា ពលរដ្ឋអាមេរិក ប្រហែលជាមិនបានកត់សម្គាល់ទេ ហើយក៏មិនមានការភ្ញាក់ផ្អើលដែរ ខណៈមានជនជាតិអឺរ៉ុបជាច្រើនយល់ឃើញថា សង្គ្រាមលោកលើកទី៣ បានចាប់ផ្តើមឡើងរួចទៅហើយ។
លោកបន្តថា ប្រសិនបើរុស្ស៊ី ឈ្នះសង្គ្រាមនៅអ៊ុយក្រែន នោះសង្រ្គាមក្តៅនេះ ប្រហែលជាអាចនឹងបង្វែរ ទៅកាន់បណ្តារដ្ឋបាល់ទិក ឬប្រទេសប៉ូឡូញ ដែលពួកគេយល់ច្បាស់ណាស់អំពីអ្វីដែលនឹងកើតឡើង។
លោកជឿជាក់ថា “ខ្សែបន្ទាត់ក្រហមដែលគូសដោយរុស្ស៊ីហាក់គ្មានទីបញ្ចប់ទេ។ ផ្ទុយទៅវិញ នៅពេលក្រុមប្រទេសលោកខាងលិច ដើរហួសខ្សែបន្ទាត់ក្រហមទាំងនោះ រុស្ស៊ីតែងតែដកថយពីការគំរាមកំហែងរបស់ខ្លួន”។
ជាក់ស្ដែង រាល់ការបញ្ជូនអាវុធថ្មី ទៅកាន់អ៊ុយក្រែនត្រូវបានឆ្លើយតប ដោយការព្រមានពីទីក្រុងមូស្គូ។ ប៉ុន្តែម្តងហើយម្តងទៀត អាវុធត្រូវបានប្រគល់ដល់ដៃអ៊ុយក្រែន ហើយរុស្ស៊ីមិនបានចាត់វិធានការសងសឹកអ្វីធំដុំនោះទេ។
លោក Richard K. Betts អ្នកជំនាញទំនាក់ទំនងអន្តរជាតិ គោលនយោបាយការបរទេសអាមេរិក និងជាអ្នកនិពន្ធសៀវភៅ“American Force”បានអះអាងថា ហានិភ័យ ដែលរុស្ស៊ីអាចធ្វើការឆ្លើយតបក្នុងទ្រង់ទ្រាយធំ មានកម្រិតទាបណាស់ ដោយសារនៅពេលនេះ លោក ពូទីន កំពុងរង់ចាំរហូតទាល់តែលោកដូណាល់ ត្រាំ ចូលកាន់តំណែង និងផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន។
ផ្ទុយទៅវិញ លោក Lubomyr Luciuk សាស្ត្រាចារ្យនៃនាយកដ្ឋានវិទ្យាសាស្ត្រនយោបាយ សេដ្ឋកិច្ច និងប្រវត្តិសាស្ត្រអ៊ុយក្រែន នៃមហាវិទ្យាល័យ Royal Military College ក្នុងប្រទេសកាណាដាបានលើកឡើងថា ការផ្តល់ឱ្យអ៊ុយក្រែននូវសព្វាវុធទាំងអស់ ដែលអ៊ុយក្រែនត្រូវការដើម្បីកម្ចាត់រុស្ស៊ី នឹងកាត់បន្ថយជម្លោះនេះ និងទប់ស្កាត់សង្គ្រាមលោកលើកទី៣។
លោកបានវិភាគបន្តថា “ប្រសិនបើមិនធ្វើបែបនេះទេ នោះរុស្ស៊ី ប្រាកដជានឹងបានដៃនៅក្នុងការបំផ្លាញ សណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ និងធ្វើឱ្យមានអស្ថិរភាពភូមិសាស្ត្រនយោបាយ នៅទូទាំងពិភពលោកកាន់តែធ្ងន់ធ្ងរ”។
លោក Dani Belo អ្នកជំនាញផ្នែកសន្តិសុខ និងជានាយកទំនាក់ទំនងអន្តរជាតិ នៃមន្ទីរពិសោធន៍ស្រាវជ្រាវគោលនយោបាយសកល Horizons លើកឡើងថា សមត្ថភាពរបស់អ៊ុយក្រែននាពេលនេះ ក្នុងការវាយប្រហារចូលទឹកដីរុស្ស៊ី ពិតជាអាចបង្កើនកំដៅសង្គ្រាមជាមួយរុស្ស៊ី។
ទោះបីជាយ៉ាងណាក្តី លោកDani Belo បញ្ជាក់ថា ការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិកម្តងទៀតនាពេលនេះ អាចនឹងធ្វើឱ្យកំដៅសង្គ្រាមថយចុះ។
លោកបន្តថា ថ្មីៗនេះ យើងសង្កេតឃើញមានការរំពឹងទុកថា រដ្ឋបាលរបស់លោកត្រាំ អាចនឹងកាត់បន្ថយការផ្គត់ផ្គង់សម្ភារៈយោធាដល់អ៊ុយក្រែន និងដាក់សម្ពាធនយោបាយលើទីក្រុងកៀវ (Kyiv)ដើម្បីបញ្ចប់ជម្លោះ។
ការណ៍នេះមានន័យថា អ៊ុយក្រែន នឹងមិនហ៊ានបង្កើនកំដៅសង្គ្រាមបន្ថែមនាពេលនេះទេ។ ចំណែក ភាគីរុស្ស៊ីបច្ចុប្បន្ន ក៏មិនហ៊ានបង្កើនកំដៅទៀតនោះដែរ ព្រោះទីក្រុងមូស្គូជឿជាក់ថា រដ្ឋបាលរបស់លោកត្រាំ នឹងព្យាយាមបញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័ស។
លោកបន្ថែមថា ដូច្នេះ វិមានក្រឹមឡាំងនឹងប្រកាន់យកវិធីសាស្រ្ត “រង់ចាំមើលស្ថានការណ៍” រហូតទាល់តែរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកថ្មី ចូលក្នុងសេតវិមាន ដោយមិនបង្កឱ្យមានកំដៅកាន់តែខ្លាំងក្នុងអំឡុងពេលនេះទេ៕ប្រភព: Newsweek៕