កម្ពុជាកសាងនូវបទពិសោធន៍ដ៏មានតម្លៃក្នុងការបោសសម្អាតមីន ដែលអាចចែករំលែកជាសកល

0

ដោយៈ គង់ សូរិយា

       សៀមរាបៈ  សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Gilles Carbonnier អនុប្រធានគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ (ICRC)  ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។

ក្នុងឱកាសនៃជំនួប លោកអនុប្រធានគណៈកម្មាធិការបានសម្ដែងនូវការអបអរសាទរ​ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ រៀបចំបានយ៉ាងល្អនូវកិច្ចប្រជុំកំពូលសៀមរាប -អង្គរស្តីពីពិភពលោកមួយ ដែលគ្មានមីន នាឱកាសនេះ។

លោកអនុប្រធានគណៈកម្មាធិការ ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការល្អ រវាងកាកបាទក្រហមអន្តរជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសនៅក្នុងវិស័យសុខាភិបាល និងសង្គមកិច្ច។​

លោកអនុប្រធានក៏បានបញ្ជាក់ អំពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជដ្ឋាភិបាលបន្ថែមទៀត និងការបន្តផ្ដល់ការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលការណ៍នេះបង្ហាញអំពីការធ្វើការរួមគ្នា ដើម្បីពិភពលោកមួយគ្មានមីន។

លោកអនុប្រធានបានសង្កត់ធ្ងន់ថា “កម្ពុជាសម្រេចបាននូវជោគជ័យយ៉ាងច្រើន លើការបោសសម្អាតមីន ហើយបទពិ​សោធន៍ជោគជ័យនេះ​ គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជា សម្រាប់សកលលោក”។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះកាកបាទក្រហមអន្តរជាតិ ដែលបានគាំទ្រ និងចូលរួមចំណែកនៅក្នុងការកសាង និងស្ដារសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើន។

សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបានប្រែក្លាយ ពីប្រទេសទទួលកងកម្លាំងរក្សា ​សន្តិភាពអង្គការសហប្រជាជាតិ ទៅជាប្រទេសបញ្ជូនកងកម្លាំង​ ទៅតាមបណ្ដាប្រទេសមួយចំនួន ស្ថិតក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើ​យកម្ពុជាមានមោទនភាព និងពេញចិត្តចំពោះការចែករំលែកបទពិសោធន៍ និងការបណ្ដុះបណ្ដាល អំពីជំនាញបោសសម្អាតមី ដើម្បីមនុស្សធម៌ ដល់បណ្ដាប្រទេសនានានៅលើសកលលោក”។

សម្ដេចបវរធិបតី ក៏បានសង្កត់ធ្ងន់ពីគុណតម្លៃនៃសន្ដិភាព ដោយបានគូសបញ្ជាក់ថា នៅពេលប្រទេសមួយ អវត្តមាននូវសុខសន្តិភាព ប្រទេសនោះនឹងពុំមានការអភិវឌ្ឍ​ និងរីកចម្រើនឡើយ។​ ក្នុងន័យនេះ​ យើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នា ដើម្បីការពារកុំឱ្យមានសង្គ្រាម នឹងខិតខំថែរក្សានូវសន្តិភាពឱ្យស្ថិតស្ថេរគង់វង្ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here